ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ផ្សិត
នាមសព្ទ
ភូតគ្រាមពួកមួយដុះទុលចេញពីក្នុងដីសើមឬដុះពីក្នុងទីអាប់អួរ ឬក៏ដុះនៅឈើពុកជាដើម មានរូបសណ្ឋានផ្សេងៗគ្នា, ខ្លះសម្រាប់បរិភោគបាន, ខ្លះសម្រាប់ប្រើធ្វើជាថ្នាំរម្ងាប់រោគ, ខ្លះពុល; ផ្សិតមានឈ្មោះច្រើនយ៉ាងណាស់
ផ្សិតកញ្ចូរ, ផ្សិតក្រាមរមាស, ផ្សិតខ្សាច់, ផ្សិតចុងអង្ករ, ផ្សិតចេក, ផ្សិតចំបើង, ផ្សិតត្រចៀកកណ្ដុរ, ផ្សិតសណ្ដែក, ផ្សិតស្មាច់, ផ្សិតឫស្សី; ផ្សិតក្រកោះ, ផ្សិតត្រាច, ផ្សិតសូក្រំ; ផ្សិតក្បាលថ្លែន, ផ្សិតពពារនាគរាជ ។ ល ។
ស្និមដែលកើតនៅវត្ថុផ្អូមផ្អួរ មានសំពត់សើមអួរអាប់ជាដើម
សំពត់ដុះផ្សិត, កន្ទេលដុះផ្សិត, នំផ្អូមដុះផ្សិត ។
ពនេចរ
(ពៈ—)
នាមសព្ទ
( សំ. បា. វនេចរ ឬ វនចរ ) អ្នកត្រាច់ទៅក្នុងព្រៃ ( ព្រានព្រៃ ) ។ (ព. កា. )
គ្រានោះពនេចរ មានអំណរពន់ពេកក្រៃ រិះរកឧបាយឆ្នៃបាញ់ដំរីឲ្យបានងាយ ( ឆទ្ទន្ដជាតក ) ។
ពាន
កិរិយាសព្ទ
ពារលើ, ឡើងពារលើ, ឡើងពាររំលងលើ
ពានរបង, ពានវាំង ។
ឡើងពាក់ទ្រោបពីលើ
គោពានគ្នា ( ព. ព. ) ។
ពានត្រោកពានត្រាំង ឬ ពានត្រោកពានព្រៃ (ព. ប្រ. )បំពាក់បំពានទាំងស្រុកទាំងកំរោលឥតគិតពីខុសពីត្រូវ ( ហាក់ដូចជាដើរពានលើត្រោកឬព្រៃ ) ពានលើគ្រោះកាច ប្រទះលើគ្រោះកាច ។ ពានស្កុន ពានលើដំណើរស្កុនការ; មានពាក្យកាព្យបុរាណថា កុំនៅញ៉ាំងឈ្លោះ កុំស្ដាប់អសុរោះ កុំស្ដាប់អាស្រូវ កុំដើរពានស្កុន កុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវ នៅផ្លូវដំរី ។ ( សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។
នាមសព្ទ
ឈ្មោះប្រដាប់មួយប្រភេទ ធ្វើដោយលោហជាតិផ្សេងៗ មានស្ពាន់ជាដើម ឬធ្វើដោយរតនវត្ថុមានប្រាក់មាសជាដើម ឬក៏ធ្វើដោយវត្ថុឯទៀតមានឈើ, ផ្ដៅជាដើម មានរាងមូលក្រឡូម មានជើង សម្រាប់ប្រើការដាក់ទ្រអ្វីៗមានស្លាបារីជាដើម
ពានស្លា, ពានបារី; ហៅថា ជើងពាន ក៏បាន ។
ពានព្រះស្រី ( រ. ស. ) ពានដាក់ស្លាបារីថ្វាយព្រះរាជា ។ ខ្សែពាន ខ្សែឬចម្រៀកស្បែក សម្រាប់ទាក់រហាត់ឬរ៉កឬក៏គ្រឿងចក្រឲ្យវិល ។
ពាម
នាមសព្ទ
មាត់ព្រែកឬមាត់ស្ទឹងដែលបែកចេញពីទន្លេទៅ, មាត់ទន្លេដែលចូលទៅជាប់នឹងសមុទ្យ, ដូចយ៉ាង ពាមផ្កាយម្រេច, ពាមរ; ឬ ពាមសែន; ពាមកញ្ជើ ( នៅកម្ពុជាក្រោម ) ជាដើម ។
នាមសព្ទ
ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋ, សព្វថ្ងៃនេះដាក់ជាស្រុកហៅថា ស្រុកកំពង់ត្រាច នៅក្នុងអំណាចខែត្រកំពត ។
ពាយ
កិរិយាសព្ទ
វិនាស, បាត់, ហិន; រលស់ស្ទើរនឹងអស់
សង្កើចពាយ, មាន់ពាយ ។
គុណសព្ទ
ដែលវិនាស, ខូចឬដែលរលស់ស្ទើរនឹងអស់
ស្រូវពាយ គឺស្រូវដែលខូចព្រោះក្រាចាប់ជាដើម ។
នាមសព្ទ
( បា. វាយ ឬ វាយុ; សំ. វាយុ ) ខ្យល់; ត្រូវប្រើពាក្យ ព្រះ ដាក់នាំមុខផងជាដរាប
ព្រះពាយ ឬ ព្រះពាយុ ( តែ ព្រះពាយុ មិនសូវប្រើ ) ។