ដោយៈ ដេប៉ូ / ភ្នំពេញៈ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ បាក់​ឌុប ថ្ងៃទី​១ សម័យ​ប្រឡងៈ ២៧ ធ្នូ ២០២១ បាន​បញ្ចប់ទៅ ដោយ​ជោគជ័យ មិនមាន​បាតុភាព មិន​ប្រក្រតី​ណាមួយ កើតឡើង គួរឱ្យកត់សម្គាល់​ឡើយ ដោយ​បេក្ខជន បាន​គោរព​តាម​បទ​ប្បញ្ញត្តិ ដែល​ដាក់ចេញ ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ក្រសួង​អប់រំ បាន​ឲ្យ​ដឹងថាៈ បេក្ខជន​ប្រឡង​ឆ្នាំនេះ មាន​ចំនួន ១១៤.១៨៣ នាក់ ស្រី ៦០.៣៩៧ នាក់ មាន ២០៤ មណ្ឌល ៤.៦១៦ បន្ទប់ ។ ចំនួន​បេក្ខជន​អ​វត្ត មាន​ថ្ងៃនេះ មាន​ចំនួន ៤.២២៤ នាក់ (​ស្រី​១.៧៩៤​នាក់​) ត្រូវជា​ភាគរយ ៣,៧ %​។ សម្រាប់​ការប្រឡង នា​ថ្ងៃទី​១​នេះ ថ្នាក់​វិទ្យាសាស្ដ្រ បាន​ប្រឡង​មុខវិជ្ជា​ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា និង​ភាសាបរទេស ចំណែកឯ​បេក្ខជន ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម បាន​ប្រឡង​មុខវិជ្ជា​ផែនដី និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និង​ភាសាបរទេស​។​

​ក្រសួង បាន​ឲ្យ​ដឹង​ដែរ​ថាៈ នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ មានដំណើរ​ការល្អ មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ បេក្ខជន អនុវត្តតាម​បទ​ប្បញ្ញត្តិ វិធាន​សុខភាព និង​សុវត្ថិភាព និង​សេចក្ដីណែនាំ ប្រតិបត្តិ​នានា របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គ្មាន​ការយក​សំណៅ​ឯកសារ ឬ​ឧបករណ៍​អេឡិចត្រូនិក ចូលក្នុង​មណ្ឌល និង​បន្ទប់​ប្រឡង​ឡើយ​។ បេក្ខជន​ទាំងអស់ បាន​អនុវត្ត​យ៉ាង​ល្អ និង​ខិតខំ​ប្រឹងប្រែង ក្នុង​ការធ្វើ​កិច្ចការ តាម​សមត្ថភាព រៀងៗ​ខ្លួន​។​

​គណៈមេប្រយោគ ទូទាំងប្រទេស គណៈ​អប្បមាទ ទូទាំងប្រទេស ជំនួយការ​អប្បមាទ ប្រធាន អនុប្រធាន​មណ្ឌល គណៈកម្មាការ​កណ្ដាល គណៈកម្មាការ​ត្រួតពិនិត្យ​អគារ គណៈកម្មការ​អនុរក្ស មានការ​ចិត្ត​យក​ទុកដាក់ បំពេញភារកិច្ច ប្រកបដោយ​ទំនួល​ខុស ត្រូវ​ខ្ពស់ ដោយមាន​ការចូលរួម​សហការ​ពី អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កងកម្លាំង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។​

​ការប្រឡង​ថ្ងៃទី​១​នេះដែរ ក្រសួង​ឲ្យ​ដឹង​បន្ថែមថាៈ បេក្ខជន​មាន​បញ្ហា​សុខភាព ចំនួន ២៩ ករណី ក្នុងនោះ​បេក្ខជន មាន​ជំងឺ​កូ​វីដ​-១៩ ដែលជា​កីឡាការិនី ចំនួន ២ នាក់ បេក្ខជន​មាន​កម្តៅ​លើស​ធម្មតា ដែល​ត្រូវ​ដាក់អោយ​ប្រឡង នៅ​បន្ទប់​ដាច់ដោយឡែក ចំនួន ៧ នាក់ និង​បេក្ខជន មាន​បញ្ហា​សុខភាព​ដទៃទៀត ចំនួន ២០ នាក់​។ បេក្ខជន ដែលមាន​បញ្ហា​សុខភាព និង​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ អាច​បន្ត​ការប្រឡង រហូតដល់​ចប់ ក្រោម​ការយកចិត្តទុកដាក់​ពី គណៈមេប្រយោគ ភ្នាក់ងារ​សុខាភិបាល និង​អាជ្ញាធរ ពាក់ព័ន្ធ​។ នៅក្នុង​ដំណើរការ​ប្រឡង នា​ថ្ងៃទី​១ នេះ ក៏មាន​គណៈមេប្រយោគ ចំនួន ២ នាក់ ផងដែរ ដែលមាន​បញ្ហា​សុខភាព ។​

​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ថ្លែងអំណរគុណ ដល់​គណៈមេប្រយោគ គណៈកម្មការ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដែលមាន​ដូចជា ក្រសួងមហាផ្ទៃ អាជ្ញាធរ​ដែនដី ក្រសួងសុខាភិបាល កងកម្លាំង អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ យុវជន​កម្ពុជា អគ្គិសនី​កម្ពុជា និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ មាតាបិតា ព្រមទាំង​សិស្សានុសិស្ស​ទាំងអស់ ដែល​ចូលរួម បំពេញ​តួនាទី និង​គោរព ទៅតាម​បទ​ប្បញ្ញត្តិ​បានល្អ ធ្វើ​ឲ្យ​ដំណើរការ​ប្រឡង​ថ្ងៃទី​១ បញ្ចប់​ទៅដោយ​ភាពរលូន និង​ជោគជ័យ​៕/V​