ប្រែសម្រួលៈវាសនា/ឡុងដ៍៖ ប្រេងឆៅនៅថ្ងៃចន្ទទី២៧ធ្នូបានធ្លាក់ថ្លៃក្រោយក្រុមហ៊ុនអាកាសចរណ៍អាម៉េរិកលុបចោលជើងហោះហើររាប់ពាន់ក្នុងអំឡុងពេលបុណ្យគ្រីសម៉ាសចំពេលកូវីដ១៩បន្តរីករាលដាលខ្លាំងឡើង ។
ជើងយន្តហោះជាង១.៣០០ត្រូវបានក្រុមហ៊ុនអាកាសចរណ៍អាម៉េរិកលុបចោលកាលពីថ្ងៃអាទិត្យ ខណៈពេលដែលកូវីដ១៩បានកាត់បន្ថយបុគ្គលិកអាកាសចរណ៍ ហើយនាវាកម្សាន្តធំៗជាច្រើនត្រូវបញ្ឈប់គំរោងដំណើរកម្សាន្ត។
ប្រេងឆៅនៅផ្សារអាម៉េរិកបានធ្លាក់ចុះ១,២ដុល្លារ មកនៅត្រឹម៧២,៥៩ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងផ្សារអាស៊ីចុះ៨សេន មកនៅត្រឹម៧៦,០៦ដុល្លារ។
ជេហ្វហ្វ្រេ ហាលលី អ្នកវិភាគនៅក្រុមកម្រៃជើងសារOANDAបាននិយាយថា«ការធ្វើដំណើរថយចុះស្មើនឹងសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះនៅអាម៉េរិក និងស្មើនឹងប្រេងធ្លាក់ថ្លៃ។ការរាំងស្ទះទំនិញនិងសេវាដោយសារតែកម្មករជាប់ធ្វើចត្តាឡីស័ក ជាពិសេសក្នុងវិស័យធ្វើដំណើរបង្កផលប៉ះពាល់ចម្បងតាំងពីមុនមក។វាគ្រាន់តែជាចលាចលរយៈពេលខ្លី ខណៈរឿងសេដ្ឋកិច្ចរើបរើឡើងវិញនៅឆ្នាំ២០២២នឹងស្ថិតនៅនៅលើផ្លូវរបស់វាដដែល»។
សូមបញ្ជាក់ថា ប្រេងបានឡើងថ្លៃជាង៤៥ភាគរយនៅឆ្នាំនេះ ដោយសារតំរូវការខ្ពស់និងការកាត់បន្ថយការផ្គត់ផ្គង់ពីអង្គការប្រទេសនាំចេញប្រេង(OPEC)រួមជាមួយសម្ពន្ធមិត្តដែលគេស្គាល់ថាOPEC+។
ប្រេងបានធ្លាក់ថ្លៃជាង១០ភាគរយកាលពីថ្ងៃ២៦វិច្ឆិកានៅពេលមានសេចក្តីរាយការណ៍អំពីវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីអូមូក្រុងបានលេចឡើងលើលោក តែវាបានហក់ឡើងវិញកាលពីសប្តាហ៍មុនក្រោយទិន្នន័យដំបូងៗបង្ហាញថា អូមូក្រុងអាចបង្កជំងឺស្រាលជាងដែលតា។
ឡែអូណា លីវ អ្នកវិភាគនៅក្រុមហ៊ុន DailyFXដែលមានមូលដ្ឋាននៅសិង្ហបុរី បាននិយាយថា«ទោះជាអូមីក្រុងឆ្លងលឿនជាងវីរុសកូរ៉ូណាបំប្លែងខ្លួនណាៗទាំងអស់ ព័ត៌មានដែលទទួលបានមកគឺថាមនុស្សជាច្រើនដែលឆ្លងវាចេញរោគសញ្ញាស្រាល»។
ឥឡូវពួកអ្នកវិនិយោគកំពុងសម្លឹងទៅរកកិច្ចប្រជុំOPEC+នៅថ្ងៃ៤មករា ដែលពេលនោះសម្ពន្ធភាពអ្នកផលិតប្រេងនេះនឹងសំរេចថាតើនឹងបន្តបង្កើនការផលិតប្រេង៤០០.០០០ធុងក្នុងមួយថ្ងៃនៅខែកុម្ភៈតាមផែនការដែរឬអត់។OPEC+នៅតែប្រកាន់ការសន្យាក្នុងកិច្ចប្រជុំរបស់ខ្លួនលើកមុនថានឹងបង្កើនផលិតកម្មប្រេងក្នុងបរិមាណនេះនៅដើមឆ្នាំក្រោយ ទោះជាវត្តមានអូមីក្រុង៕
ដល់ថ្ងៃទី៣ កូវីដ១៩រំខានការធ្វើដំណើរនៅអាម៉េរិក