ដោយៈ សុផល / ភ្នំពេញៈ ថ្នាក់ដឹកនាំ និងក្រុមការងារជំនាញបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងដី ចំណីផ្លូវដែក នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួង។
អនុក្រឹត្យនេះ មានគោលបំណងគ្រប់គ្រង និងលុបបំបាត់បាតុភាព ការទន្ទ្រានយកដី ចំណីផ្លូវដែក ទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ សំដៅទប់ស្កាត់ឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ និងការរក្សា សណ្តាប់ធ្នាប់សង្គម ដែលតែងតែកើតមាន នៅតាមបណ្ដាញផ្លូវដែក ក៏ដូចជា កាត់បន្ថយឧបសគ្គនានា ដែលរាំងស្ទះដល់ ការអភិវឌ្ឍផ្លូវដែក។
អនុក្រឹត្យនេះ ក៏ជួយកាត់បន្ថយ រាល់ការចំណាយរបស់រដ្ឋ ទៅលើការដោះស្រាយ ផលប៉ះពាល់ផ្ទះសំបែង ប្រជាពលរដ្ឋ ដែលតាំងទីលំនៅ តាមបណ្ដាញផ្លូវដែក បង្កលក្ខណៈងាយស្រួល ដល់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការផ្ដល់ភាពស្របច្បាប់ ដល់ប្រជាពលរដ្ឋ ដែលមានកម្មសិទ្ធិ នៅតាមបណ្ដាញផ្លូវ និងធានាការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយនិរន្តរភាព នៅកម្ពុជា។
លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដឹកនាំ កិច្ចប្រជុំនេះ បានមានប្រសាសន៍ឱ្យដឹងថាៈ អង្គប្រជុំ បានពិភាក្សា និងឯកភាព ទៅលើខ្លឹមសារ និងចំណុចសំខាន់ៗមួយចំនួន ដូចជាចំណងជើង អនុក្រឹត្យ ការរៀបចំឡើងវិញ ទម្រង់នៃអនុក្រឹត្យ និងចំណងជើង នៃជំពូកនីមួយៗ ដែលរួមមានៈ ជំពូកទី១ ស្ដីពីបទបញ្ញត្តិទូទៅ , ជំពូកទី២ ស្ដីអំពីសមត្ថកិច្ចគ្រប់គ្រង ផ្លូវដែក , ជំពូកទី៣ ស្ដីអំពីការសង់សង់ផ្លូវឆ្លងកាត់ផ្លូវដែក , ជំពូកទី៤ ស្តីពីការកំណត់ ដីចំណីផ្លូវដែក , ជំពូកទី៥ ស្ដីពីវិធានការសុវត្ថិភាពផ្លូវឆ្លងកាត់ និងកិច្ចការពារដី ចំណីផ្លូវដែក , ជំពូកទី៦ ស្ដីពីប្រភពធនធាន , ជំពូកទី៧ ស្តីពីទោសប្បញ្ញត្តិ និងជំពូកទី៨ ស្តីពីអន្តរប្បញ្ញត្តិ។
អង្គប្រជុំ ក៏បានជជែកពិភាក្សាផងដែរ នូវនិយមន័យនិងការប្រើពាក្យបច្ចេកទេស មួយចំនួនដូចជា សម្ភារៈយានផ្លូវដែក យានផ្លូវដែក រថភ្លើង។ល។
លោករដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានណែនាំឱ្យក្រុមការងារជំនាញ របស់ក្រសួង យកខ្លឹមសារ ដែលបានឯកភាព ខាងលើ ទៅរៀបចំជាមាត្រា និងខ្លឹមសារលម្អិត ដើម្បីលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំ សប្ដាហ៍ក្រោយទៀត៕/V