ដោយៈ​ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/ភ្នំពេញៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សូម​ថ្លែងអំណរគុណ​ដល់​អ្នកស្ម័គ្រចិត្ត​កម្ពុជា​ជំនា​ន់ទី​១ ទាំង​៤៦២​រូប ដែល​បាន​ចូលរួម​ការងារ​ស្ម័គ្រចិត្ត គាំពារ​និង​ទំនុកបម្រុង​ដល់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ក្នុង​រយៈពេល​ប្រាំ​ខែ​កន្លងមក គឺ​ចាប់តាំងពី​ថ្ងៃទី​១ ខែសីហា ដល់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១​។ សូម​ប្រកបដោយ​សំណាងល្អ​នៅក្នុង​ឆ្នាំ​២០២២​ខាងមុខ​។

រូបថតៈលិខិត​សរសើរ​ដែល​ចុះហត្ថលេខា​ដោយ​ប្រធាន​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា លោកស្រី Nancy J. Eslick​។​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ការងារ​របស់​ប្អូនៗ ពិត​ជាមាន​សារសំខាន់​ណាស់ ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ និង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅក្នុង​សហគមន៍​របស់​ប្អូនៗ​។ ក្នុងអំឡុងពេល​នៃ​ការបំពេញ​ការងារ​ស្ម័គ្រចិត្ត​របស់​ប្អូនៗ ប្អូន​បាន​ជួប​សម្ភាស​ជាមួយនឹង​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅក្នុង​ភូមិឋាន​របស់ខ្លួន ដែល​ក្នុងនោះ​រួមបញ្ចូល​ការប្រមែប្រមូល​ព័ត៌មាន​ចាំបាច់​នានា​អំពី​ស្ថានភាព​សុខភាព និង​បញ្ហា​ប្រឈម​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ក៏ដូចជា​បទពិសោធន៍​ឆ្លងកាត់​របស់គាត់​នៅក្រោម​របប​ខ្មែរក្រហម​ថែម​ទៀតផង​។

ប្អូនៗ​ក៏បាន​ជួយ​សម្រួល​ឲ្យ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ទាំងនេះ ទទួល​សេវា​ថែទាំ ព្រមទាំង​ជួយ​បង្កើន​ការយល់ដឹង​របស់គាត់​ស្តីពី​ការថែទាំ​សុខភាព​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​។ កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​មិន​នឿយណាយ​របស់​ប្អូនៗ ក្នុងនាម​ជា​អ្នកស្ម័គ្រចិត្ត​នៃ​គម្រោង​នេះ បាន​ចូលរួមចំណែក​ដល់​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុខភាព​និង​សុខុមាលភាព របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ក្នុង​គ្រា​ដ៏​លំបាកលំបិន ដែល​រួមបញ្ចូល​ទាំង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​-១៩​។ សកម្មភាព​ស្ម័គ្រចិត្ត​របស់​ប្អូនៗ ឆ្លុះបញ្ចាំង​អំពី​គុណ​តម្លៃ​ដ៏​ប្រសើរ​សម្រាប់​ខ្លួនឯង សហគមន៍ និង​ប្រជាជន​កម្ពុជា​ជារួម​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សូម​ប្រគល់ជូន​ប្អូនៗ​នូវ​លិខិត​សរសើរ ដែល​ចុះហត្ថលេខា​ដោយ​ប្រធាន​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា លោកស្រី Nancy J. Eslick​៕សរន

អ្នកស្ម័គ្រចិត្ត​កម្ពុជា​ជំនា​ន់ទី​១ ទាំង​៤៦២​រូប នៅតាម​តំបន់​ដាច់ស្រយាល​ទូទាំងប្រទេស​កម្ពុជា​ដែល​បាន​ចូលរួម​ការងារ​ស្ម័គ្រចិត្ត គាំពារ​និង​ទំនុកបម្រុង​ដល់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ក្នុង​រយៈពេល​៥​ខែ​កន្លងមក គឺ​ចាប់តាំងពី​ថ្ងៃទី​១ ខែសីហា ដល់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១​។ (​អ្នកស្ម័គ្រចិត្ត​កម្ពុជា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)