ដោយៈ យោធិន / កំពង់ស្ពឺៈ ស្រុក​ពីរ ក្នុង​ខេត្តកំពង់ស្ពឺ គឺ​ស្រុក​ឧដុង្គ និង​ស្រុក​សំរោង ទង ទទួលបាន​ការវាយតម្លៃ​ខ្ពស់ ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត ក្នុងការ​អនុវត្តបាន​យ៉ាង ខ្ជាប់ខ្ជួន នូវ​វិធាន​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល ដោយ ទប់ស្កាត់ បាន​ទាំងស្រុង នូវ​ការឆ្លង​រោគរាតត្បាត កូ​វីដ​-១៩ ដោយ​គ្មាន​ប្រជាជន ណា​ម្នាក់ ក្នុង​មូលដ្ឋាន នៃ​ស្រុក​ទាំងពីរ​នេះ រកឃើញ​វិជ្ជមាន រោគ​កូ​វីដ​-១៩ សោះ ឡើយ ខណៈដែល​បច្ចុប្បន្ន នេះ ទូទាំង​ខេត្ត មាន​អ្នក​ឆ្លង​ចំនួន ១៧ នាក់ ដែល​បាន​និង កំពុង​ទទួល​ការព្យាបាល យ៉ាង​យកចិត្តទុកដាក់ ពី​សំណាក់​គ្រូពេទ្យ​ខេត្ត​។​

​នេះ​បើតាម​ការ​ថ្លែង​បញ្ជាក់ ពី​សំណាក់​លោក​អភិបាល ខេត្តកំពង់ស្ពឺ ក្នុងឱកាស ទទួល​ដំណើរ​ចុះសួរសុខទុក្ខ​របស់ ប្រតិភូ​មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព ដឹកនាំ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព ក្រុមការងារ​ចាក់​វ៉ាក់សាំង ការពារ​រោគរាតត្បាត​កូ​វីដ របស់​កងយោធពល​ខេមរភូមិន្ទ នា​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១​។​

​សូមបញ្ជាក់ថាៈ ដំណើរ​អញ្ជើញ​ចុះសួរសុខទុក្ខ របស់​ប្រតិភូ​មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​ប្រព្រឹត្តិ​ទៅ ជា​បន្តបន្ទាប់ តាម​បណ្តា​គោលដៅ រួមមានៈ ស្រុក​ឧដុង្គ ស្រុក​សំរោង​ទង និង​ទី​រួម ខេត្តកំពង់ស្ពឺ​។​

​តាមរយៈ​សេចក្តីរាយការណ៍ ដែល​ផ្តល់​ដោយ​ប្រធាន​ក្រុមការងារ ចាក់​វ៉ាក់សាំង គោលដៅ​នីមួយៗ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី វាយតម្លៃ​ខ្ពស់ ដែល​កងកម្លាំង គ្រប់ផ្នែក គ្រប់​ថ្នាក់ ជំនះបាន​រាល់​ការលំបាក សម្រេចបាន​ជោគជ័យ ក្នុងការ​ចាក់​វ៉ា​ក់ សាំង តាំងពី​ដូ​ស​ទី​១ ដូ​ស​ទី​២​និង​បន្ត​ឈានដល់​ចាក់​ដូ​ស​ជំរុញ នាពេល​បច្ចុប្បន្ននេះ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ក៏បាន​សាទរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ប្រជា​ពល រដ្ឋ មូលដ្ឋាន​ស្រុក​ឧដុង្គ និង​ស្រុក​សំរោង​ទង ដែល​អនុវត្ត​ការពារ ដោយ​ពុំមាន​នរណា ម្នាក់ រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​ឡើយ​។​

​សូមបញ្ជាក់​បន្ថែមថាៈ ក្នុងឱកាស​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ ក្រុមការងារ​ចាក់ វ៉ាក់សាំង នា​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ នេះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា ក៏បាន​ពាំ​នាំនូវ​ប្រសាសន៍ ផ្តាំផ្ញើ​សួរសុខទុក្ខ របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការ កងទ័ពជើងគោក និង​នាំយក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួមមានៈ ទឹកក្រូច ទឹក​សុទ្ធ មី ម៉ាស់ ក្នុង​រង្វង់​ថវិកា ចំនួន ១២.២៣៨ ដុល្លារ និង​ផ្តល់​ថវិកា​ដល់​បី​អង្គភាព ចំនួន ១២ លាន​រៀល និង ១.០០០ ដុល្លារ ផងដែរ​៕/V​