ដោយៈ សុផល / ភ្នំពេញៈ នៅក្នុងឆ្នាំ២០២១ នេះ ដោយសារឥទ្ធិពល នៃវិបត្តិជំងឺកូវីដ-១៩ កម្លាំងពលកម្មស្ត្រី នៅក្នុងវិស័យទេសចរណ៍ មានការថយចុះ គួរឱ្យកត់សម្គាល់ ពោលគឺ បានធ្លាក់ចុះពី ៦០% មកនៅត្រឹមប្រមាណ ៤៧% នៃកម្លាំងពលកម្មសរុប ដែលកំពុងបម្រើការ។
ការធ្លាក់ចុះនេះ បណ្តាលមកពីសេវាកម្ម កម្សាន្តទេសចរណ៍ មាន ខារ៉ាអូខេ ក្លិបកម្សាន្ត សេវាម៉ាស្សា ស្ប៉ា បៀរហ្គាឌិន ឌីស្កូតែក ដែលជាសេវាកម្ម មានស្ត្រីបម្រើការងារច្រើន ជាងគេ ក្នុងចំណោមសេវាកម្មទេសចរណ៍ ត្រូវបានបិទ-ផ្អាក មិនឱ្យដំណើរការ។ ការបាត់បង់ការងារទាំងនោះ បណ្តាលឱ្យស្ត្រីមួយចំនួន ប្រឈមនឹងភាពក្រីក្រ និងអំពើហិង្សាជាងបុរស។ ប៉ុន្តែការណ៍នេះ មិនមែនចំពោះតែស្ត្រី នៅក្នុងវិស័យ ទេសចរណ៍កម្ពុជានោះទេ ទាំងស្ត្រីក្នុងតំបន់ និងអន្តរជាតិផងដែរ។
នេះជាការលើកឡើងរបស់លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ នៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារនារី និងយេនឌ័រ ក្នុងវិស័យទេសចរណ៍ ប្រចាំឆ្នាំ២០២១ ដើម្បីត្រួតពិនិត្យលើការអនុវត្តការងារ នាពេលកន្លងមក និងដាក់ចេញ នូវទិសដៅការងារបន្ត ឆ្នាំ២០២២ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
លោកស្រី រដ្ឋលេខាធិការ បានគូសបញ្ជាក់ថាៈ ទន្ទឹមនេះ ដើម្បីស្តារឡើងវិញ គោលនយោបាយ និងកម្មវិធីនានារបស់ក្រសួង នៅតែបន្តជំរុញ និងលើកទឹកចិត្ត ដល់អ្នកពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ និងមើលឃើញពីសក្តានុពលរបស់ស្ត្រី នៅក្នុងវិស័យមួយនេះ ចំពោះសេដ្ឋកិច្ចជាតិ។ ក្រសួងបានយកឱកាស នៃវិបត្តិជំងឺ កូវីដ-១៩ ដើម្បីពង្រឹងគុណភាពសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ច និងបង្កើត ផលិតផល ទេសចរណ៍ថ្មីៗ ដើម្បីជំរុញចលនាទេសចរ ក្នុងស្រុក និងត្រៀមទទួល ទេសចរអន្តរជាតិ សុវត្ថិភាព ដែលបានចាក់វ៉ាក់សាំង រួចហើយ សំដៅធ្វើយ៉ាងណា ឱ្យស្ត្រីទទួលបាន នូវឱកាសការងារបន្ថែមទៀត ពីវិស័យមួយនេះ ក្នុងឆ្នាំ២០២២ ខាងមុខ។
លោកស្រី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានបន្តទៀតថាៈ ដើម្បីចូលរួមអនុវត្ត គោលនយោបាយ «សមភាពយេនឌ័រ» ដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ បានដាក់ចេញជាបន្តបន្ទាប់ នូវផែនការ យុទ្ធសាស្ត្របញ្ជ្រាប និងលើកកម្ពស់យេនឌ័រ ក្នុងវិស័យរបស់ខ្លួន ស្របតាមយន្តការ ជាតិ។ ដោយឡែកក្នុងបរិការណ៍កូវីដ-១៩ ក្រសួងទសេចរណ៍ បានខិតខំតាម គ្រប់រូបភាព ដើម្បីជួយបង្កើនភាពអង់អាចដល់ស្ត្រី តាមរយៈការផ្តល់វគ្គបណ្តុះ បណ្តាល ទាំងក្នុងកម្រិតជាតិនិងតំបន់ ទាំងដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ សំដៅជួយស្ត្រីឱ្យមានទាំងជំនាញទន់ និងជំនាញរឹងសម្របទៅតាមទីផ្សារការងារ និងក្លាយទៅជាអ្នកដឹកនាំនៅក្នុងអាជីវកម្ម សេវាកម្ម ព្រមទាំងត្រៀមខ្លួន សម្រាប់ការងើបឡើងវិញ នៃវិស័យទេសចរណ៍។
លោកស្រី រដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ថាៈ ក្រសួងទេសចរណ៍ បាននិងកំពុង ខិតខំជំរុញចលនាទេសចរក្នុងស្រុក ជាមួយនឹងការអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ នីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) និងការវិធានការណែនាំនានា របស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ ក៏កំពុងខិតខំពង្រឹងគុណភាពសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ច ឱ្យកាន់តែល្អថែមទៀត និងបានជំរុញការចូលរួមរបស់ស្ត្រី ក្នុងការអនុវត្តផែនទីចង្អុលផ្លូវ(Road-Map) ស្តីពីការស្តារនិងលើកស្ទួយ វិស័យទេសចរណ៍ (២០២០-២០២៥)។
ទន្ទឹមនឹងការងើបឡើងវិញ នៃចលនាទេសចរក្នុងស្រុក មូលដ្ឋានអាជីវកម្មមួយចំនួន បានចាប់ផ្តើមបើកដំណើរការឡើងវិញ ដែលផ្តល់ឱកាស ឱ្យបុគ្គលិក បានចូល បម្រើការ រួមទាំងស្ត្រីផងដែរ។ ក្នុងន័យនេះ ស្ត្រីភាគច្រើន ក៏បាននិងកំពុងបន្តការងារ តាមបែបគន្លងថ្មី ហើយមួយចំនួនទៀត ក៏បានងាកទៅឈោងចាប់យកមុខរបរផ្សេង ក្នុងអន្តរកាលនៃវិបត្តិជំងឺកូវីដ-១៩៕/V