ដោយៈមុនីរ័ត្ន/ភ្នំពេញៈអង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានសម្រេចបដិសេធសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិសុំបញ្ជូនសំណុំរឿង ០០៤ ប្រឆាំងនឹង យឹម ទិត្យ ទៅជំនុំជម្រះ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១។
យឹម ទិត្យ (រូបថតឯកសារ)
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថាដោយទទួលបានសំឡេងជាឯកច្ឆ័ន្ទអង្គជំនុំជម្រះតុលាការកំពូលបានសម្រេចថា “បណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញាអន្តរជាតិស្តីពីការខកខានរបស់អង្គបុរេជំនុំជម្រះក្នុងការ បញ្ជូនសំណុំរឿង០០៤ ទៅជំនុំជម្រះ ដូចបានតម្រូវដោយក្របខណ្ឌគតិយុត្តរបស់អ.វ.ត.ក” អាចទទួលយកបាន ក្នុងផលប្រយោជន៍យុត្តិធម៌។ ពាក្យស្នើសុំត្រូវបានពិចារណាដោយចៅក្រមភាគច្រើននៃអង្គជំនុំជម្រះ ដែលផ្តល់ “ភាពច្បាស់លាស់និងភាពជាក់លាក់ផ្នែកច្បាប់ និង៖
១) បានបដិសេធការយល់ឃើញ របស់សហព្រះរាជអាជ្ញាអន្តរជាតិដែលថា សំណុំរឿង ០០៤គួរត្រូវបញ្ជូនទៅ ជំនុំជម្រះ ដោយកត់សម្គាល់ថា សហចៅក្រមស៊ើបអង្កេត និងអង្គបុរេជំនុំជម្រះមិនបានចេញដីកាបញ្ជូនរឿងទៅ ជំនុំជម្រះប្រឆាំងនឹង យឹម ទិត្យ អនុលោមតាមវិធាន ៧៩(១) នៃវិធានផ្ទៃក្នុង។
២) បានបញ្ជាក់ថាអង្គបុរេជំនុំជម្រះបានបញ្ចប់សំណុំរឿង០០៤នៅពេលអង្គជំនុំជម្រះនេះបានចេញសេចក្តី ពិចារណារបស់ខ្លួន។
៣) បានបញ្ជាក់បំភ្លឺថា សំណុំរឿង ០០៤ ត្រូវបានបញ្ចប់ ដោយសារគ្មានដីកាបញ្ជូនរឿងទៅជំនុំជម្រះស្ថាពរ និងដែលអាចអនុវត្តបាន។
នៅក្នុងយោបល់ជំទាស់ដោយឡែករបស់គាត់ លោកស្រីចៅក្រម Maureen Harding Clark បាន សន្និដ្ឋានថា “សេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះពុំមានសុពលភាព និងគួរត្រូវបានច្រានចោលដោយសារវាពុំមានសនិទានភាព […]” ហើយគួរបញ្ចប់កិច្ចដំណើរការនីតិវិធីប្រឆាំងនឹង យឹម ទិត្យ៕សរន