ភ្នំពេញៈ​យុទ្ធនាការ​ដ៏​យូរអង្វែង​របស់​ក្រុមប្រឆាំង​ដឹកនាំ​ដោយ​អ្នកនយោបាយ​ចាញ់​ចាស់វស្សា សម រង្ស៊ី ព្រមទាំង​បក្ខពួក​របស់គេ​ដែលជា​អ្នកវិភាគ​ដូរ​បាយ ខ្លះ​រត់ចោលស្រុក និង​រត់ចោល​គុក រួម​នឹង​វិទ្យុ​ស៊ីឈ្នួល​បរ​​ទេស​ដូចជា វិទ្យុ​អាស៊ីសេរី វិទ្យុ​ឌឹ​ខេ​ម​បូ​ឌា​ដេលី រួម​នឹង​ក្រុម​អ្នកសារព័ត៌មាន​បរទេស​មួយចំនួន​ក្នុងការ​វាយប្រហារ​បំផ្លាញ​កេរ្តិ៍ឈ្មោះ និង​ទាញ​ទម្លាក់​សេចក្តីទុកចិត្ត​របស់​ព​ល​រដ្ឋ​ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត បេក្ខជន​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​នាពេល​អនាគត​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា នឹង​មិនអាច​ទទួលបាន​ជ័យជម្នះ​ឡើយ ទោះបី​ពួកគេ​ខិតខំ​ប្រឹងប្រែង​ប្រើប្រាស់​វិធីសាស្ត្រ​ថោកទាប បំពាន ប្រមាថ និង​អសីលធម៌​យ៉ាងណាក៏ដោយ​។ ប៉ុន្តែ​ពួកគេ​នឹង​ទទួល​នូវ​បរាជ័យ​យ៉ាង​អាម៉ាស់​បំផុត និង​បាន​ត្រឹម​ក្លាយខ្លួនជា​ក្រុម​មារ​ដែល​ប្រជាពលរដ្ឋ​ស្អប់ខ្ពើម ព្រមទាំង​ជាប់​ឈ្មោះថា ជា​ជន​ក្បត់ជាតិ​ធ្វើ​វិទ្ធង្សនា​ប្រឆាំងនឹង​កម្ពុជា​និង​ជា​អ្នក​ន​យោ​បាយ​គ្មាន​គុណធម៌ និង​សីលធម៌​ប៉ុណ្ណោះ​។​

​​ការវាយប្រហារ​និង​ការប្រមាថ​មកលើ​លោក ហ៊ុន ម៉ា​ណែ​ត កាន់តែខ្លាំង​ឡើង​នៅពេលដែល​គណៈក​ម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជាកាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២១ សម្រេច​ជា​ឯកច្ឆន្ទ​គាំទ្រ លោក ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នាពេល​អនាគត​ទាំង​លើ​កម្រិត​នៃ​ការសិក្សា និង​សមិទ្ធផល ការងារ​។ ការប្រមាថ​និង​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​ដែល​ក្រុមប្រឆាំង​បានធ្វើ​មកលើ​លោក ហ៊ុន ម៉ា​ណែ​ត គ្មាន​ពលរដ្ឋ​ណា​ជឿ​ឡើយ តែ​បានបង្ហាញ​កាន់តែច្បាស់​ពី​ក្តី​ច្រណែនឈ្នានីស និង​បង្ហាញ​ពី​អសមត្ថភាព​របស់​ក្រុមប្រឆាំង​ដែល​គ្មាន​វិធីសាស្ត្រ និង​យុទ្ធសាស្ត្រ​អ្វី​ក្រៅតែពី​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ ផ្សាយ​ព័ត៌មាន​មិន​ពិត និង​មួលបង្កាច់​តែប៉ុណ្ណោះ​។ អំពើ​បាបកម្ម​របស់​ពួកគេ​តែងតែ​ទទួលបាន​ផល​មកវិញ​ជាមួយ​ភាពអាម៉ាស់ និង​ពេលខ្លះ​ត្រូវ​ប្រឈមមុខ​នឹង​ច្បាប់​ថែម​ទៀតផង ក៏​ព្រោះតែ​ធ្វើ​នយោបាយ​គ្មាន​សីលធម៌​និង​មិន​ទទួលខុសត្រូវ​។​

ដើម្បី​ការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន ក៏ដូចជា​សេចក្តីថ្លៃថ្នូរ និង​ការពារ​សមត្ថភាព​រប​ស់​​និស្សិត​ដែល​បាន​ទៅ​សិក្សា​នៅ​បរទេស​ចំពោះមុខ​នៃ​ការប្រមាថ​របស់​អ្នកនយោបាយ​ចាញ់​ចាស់វស្សា សម រង្ស៊ី និង​គូកន លោក ហ៊ុន ម៉ា​ណែ​ត នៅ​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១​នេះ​បាន​បបួល​អ្នកនយោបាយ​ចាស់វស្សា សម រង្ស៊ី ភ្នាល់​គ្នា​ម្ដងទៀត ហើយ​សង្ឃឹមថា​លោក សម រង្ស៊ី នឹងមិន​ប្រើ​យុទ្ធសាស្ត្រ​មាន់​ត្រចៀកស​ម្ដងទៀត​ទេ​! លោក ហ៊ុន ម៉ា​ណែ​ត លើកឡើងថា​៖«​ខ្ញុំ​សង្ឃឹមថា​អ្នកនយោបាយ​ចាស់វស្សា​ដូច​លោក សម រង្ស៊ី ប្រាកដ​ជាមាន​ភាព​ហានក្លា​ក្នុងការ​ការពារ​នូវ​អំណះអំណាង​របស់ខ្លួន ដែល​បានលើកឡើង​ជា​សាធារណៈ​ម្តង​ហើយ​ម្តងទៀតដើម្បីវាយប្រហារក្មេងជំនាន់ក្រោយ ​ដូចជា​រូបខ្ញុំ​។ លោក សម រង្ស៊ី បាន​វាយប្រហារ​ឪពុក​របស់ខ្ញុំ​ជាច្រើន​ទសវត្ស​រ៍ហើយ ប៉ុន្តែ​ទៅមុខ​មិន​រួច​។ ឥឡូវ​បែរមក​វាយប្រហារ​លើ​ខ្ញុំ​ដែលជា​ក្មេង​ជំនាន់​​ក្រោយ​ទៅវិញ​»​។​

លោក ហ៊ុន ម៉ា​ណែ​ត​បាន​បង្រៀន​អ្នកនយោបាយ​ចាស់វស្សា សម រង្ស៊ី ថា​៖«​បើ​លោក​ជ្រុល​ជា​ធ្វើ​អញ្ចឹង​ទៅហើយ សូម​លោក​បង្ហាញ​ភាពក្លាហាន​ផង​ទៅ កុំអោយ​ក្មេង​មើលស្រាល​ថា​មនុស្ស​ចាស់វស្សា​តែ​គ្មាន​ភាព​ហានក្លា ក្នុងការ​ទទួលខុសត្រូវ​ចំពោះ​អ្វីដែល​ខ្លួន​បាន​និយាយ​ឬ​ធ្វើ​។ ណាមួយ​លោក​មាន​អាយុ​ច្រើនជាង​ឪពុក​ខ្ញុំ​ផង គួរ​កុំអោយ​ខូច​ឈ្មោះ នៅ​ចំពោះមុខ​ក្មេងជំនាន់ក្រោយ​។​ជា​សីលធម៌​និង​គុណធម៌​ក្នុងការ​រស់នៅ ខ្ញុំ​តែងតែ​គោរព​មនុស្ស​ចាស់ទុំ​។ ប៉ុន្តែ​បើ​មនុស្ស​ដែលមាន​វ័យ​ចំណាស់ អាង​តែមាន​អាយុ​ច្រើន​ហើយ ធ្វើ​ការងារ​គ្មាន​ការទទួលខុសត្រូវ ជាពិសេស​ធ្វើការ​វាយប្រហារ​ដោយ​គ្មាន​មូលដ្ឋាន​មកលើ​រូបខ្ញុំ នោះ​ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការការពារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់ខ្ញុំ​ទេ​»​។

​តើ​ការ​បបួល​ស្បថ និង​បបួល​ភ្នាល់​ជា​រឿង​ទ័លច្រក​? គឺ​មិនមែន​ឡើយ​តែ​ជា​វិធីសាស្ត្រ​មួយ​ដើម្បី​ស្វែងរក​ការពិត​ឱ្យ​ឆាប់រហ័ស និង​ដេញជើង​ក្រុម​អ្នកនយោបាយ​ខិលខូច​ដើម្បី​កុំឱ្យ​ក្រុម​ជន​អគតិ​ដូចជា សម រង្ស៊ី និង​បក្ខពួក​បន្ត​កេងចំណេញ​នយោបាយ ឬ​ហៅ​មួយបែប​ទៀតថា «​មាស​សុទ្ធ​គឺ​មិន​ខ្លាច​ភ្លើង​»​ឡើយ​។ តែ​អ្វីដែល​គួរឱ្យកត់សម្គាល់​រហូត​មកដល់ពេលនេះ​ទាំង ក្រុម​សម រង្ស៊ី និង​ក្រុមអ្នកវិភាគ​ដូរ​បាយ មិនដែល​ហ៊ាន​ទទួលយក​សម្បថ និង​ការ​ភ្នាល់​ម្តងណា​ឡើយ ដើម្បី​បញ្ជាក់​ពី​ការពិត​ដែល​ពួកគេ​បាន​និយាយ​។ ករណី​លោក ហ៊ុន ម៉ា​ណែ​ត បបួល​ភ្នាល់​បញ្ជាក់​ពី​សញ្ញាបត្រ ដែល​លោក​មាន​ជា​ថ្នូរ​នឹង​ការលះបង់​បេក្ខភាព​នាយករដ្ឋមន្ត្រី ប្រសិនបើ​រកឃើញថា​ជា​សញ្ញាបត្រ​មិន​ពិត​លើក​នេះ ក៏​មិន​ខុសពី​លើក​មុន​ដែរ អ្នកនយោបាយ​ចាស់​​វស្សា សម រង្ស៊ី នឹង​មិនមាន​ភាពក្លាហាន​គ្រប់គ្រាន់​ទទួលយក​ការ​ភ្នាល់​នេះដែរ ព្រោះ​ពួកគេ​ដឹង​ជា មុន​ថា​អ្វីដែល​ខ្លួន​បាន​និយាយ​មួលបង្កាច់​មិនមែនជា​ការពិត​។ គេ​ក៏​អាច​ដឹងថា សម រង្ស៊ី នឹង​ប្រើប្រាស់​ក្រុម អ្នកវិភាគ​ពុល​ទឹកមាត់ និង​វិទ្យុ​ស៊ីឈ្នួល​បរទេស​ចេញ​មករក​លេស​នេះ រក​លេស​នោះ ដើម្បី​គេច​ពី​ការទទួលយក​ការ​ភ្នាល់​នេះ​ជាក់​ជាមិនខាន​ឡើយ​។

តាមពិត ពលរដ្ឋ​ខ្មែរ​បានដឹង​ច្បាស់​ហើយ​ថា​អ្នកនយោបាយ​ដូច សម រង្ស៊ី គឺជា​អ្នកនយោបាយ​អង្ករកំប៉ុង ធ្វើ​នយោបាយ​គ្មាន​យុទ្ធសាស្ត្រ និង​វិធីសាស្ត្រ​ត្រឹមត្រូវ​ទេ និង​និយាយ​រួម​នឹងធ្វើ​សកម្មភាព​គ្មាន​ការទទួល ខុសត្រូវ​។ លោក ហ៊ុន ម៉ា​ណែ​ត បាន​ហៅ​អ្នកនយោបាយ​ចាស់វស្សា​នេះ​ថា​ជា​«​មាន់​ត្រចៀកស​» គឺ​ពិតជា​ត្រឹមត្រូវ​ណាស់ ហើយ​មាន់​ត្រចៀកស​នេះ​មិនមែនជា​ពូជ​មាន់​ជល់​ឡើយ តែ​ជា​ពូជ​មាន់​សម្ល គ្មាន​ភាពក្លាហាន ទទួលយក​ការពិត​ឡើយ​។ មាន់​ត្រចៀកស សម រង្ស៊ី នឹង​គ្មាន​ភាពក្លាហាន​ទទួលយក​ការ​ភ្នាល់​របស់លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​អ្នកនយោបាយ​ខ្មែរ​ជំនាន់​ក្រោយ​ឡើយ ហើយ​យុទ្ធនាការ​ទាំងឡាយ​ដែល​ពួកគេ​បាននិងកំពុង​ធ្វើ​គ្មាន​ឥទ្ធិពល​អ្វី​ឡើយ​ព្រោះ​វា​គ្រាន់តែ​ជាការ​ធ្វើ​ប្រជាភិថុតិ ការ​ច្រណែនឈ្នានីស និង​ជាការ ធ្វើ​នយោបាយ​បោកប្រាស់​សកម្មជន​ខ្លួន​ដែល​ងប់ងុល​ប៉ុណ្ណោះ​៕ សរន
​ដោយៈចៅ​ចាក់ស្មុក រាជធានី​ភ្នំពេញ ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១