ដោយ: មុនីរ័ត្ន/ភ្នំពេញ : លោកប៉ោ ប៊ុនស្រ៊ឺ អតីតអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាស្ថាបនិក អ្នកចាស់ទុំ បន្ទាប់ពីបែកបាក់ខ្វែងគំនិតកន្លងមក បានធ្វើការប្រកាសគាំទ្រព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាប្រធានគណបក្សហ៊្វុនស៊ិន ដើម្បីតបស្នងព្រះគុណូបការៈរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងសុំដង្ហែ ព្រះអង្គម្ចាស់ជា ព្រះប្រធានគណបក្ស គ្រប់កាលៈទេសៈ ដរាបលុះថ្ងៃអវសាន្ត នៃជីវិត។

ការចេញមកគាំទ្ររបស់លោកប៉ោ ប៊ុនស្រ៊ឺ បានធ្វើឡើងបន្ទាប់ពីក្រុមលោកសាយ ហាក់ លោកហេង ចន្ថា លោកផាន់ សិទ្ធី លោកញ៉េប ប៊ុនជិន និងមនុស្សមួយចំនួនទៀត ដែលបាត់បង់នីតិសម្បទា និងសមាជិកភាព ពីគណបក្សហ៊្វុនស៊ិនប៉ិច បាននាំគ្នាប្រជុំកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីសម្រេចយាងសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អារុណរស្មី មកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អារុណរស្មី នៅមិនទាន់សម្រេចព្រះទ័យ យ៉ាងណានៅឡើយទេ ដោយសារព្រះអង្គ កំពុងតែនៅសហរដ្ឋអាមេរិក។

ទាក់ទងករណីនេះ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោកញឿន រ៉ាដែន បានបញ្ជាក់ថា ក្រុមលោកសាយ ហាក់ លោកហេង ចន្ថា លោកផាន់ សិទ្ធី លោកញ៉េប ប៊ុនជិន និងមនុស្សមួយចំនួនទៀត ដែលអះអាងថា ខ្លួនជាសមាជិកគណៈកម្មការនាយកគណបក្សហ៊្វុនស៊ិនប៉ិច និងបានទៅបង្កើតគណៈកម្មការប្រជុំ ដោយចិត្តឯងបែបនេះ គឺផ្ទុយពីច្បាប់។ ពីព្រោះមនុស្សទាំងអស់នោះ បានបាត់បង់នីតិសម្បទា និងសមាជិកភាព ពីគណបក្សហ៊្វុនស៊ិនប៉ិច ហើយដោយអ្នកខ្លះ ត្រូវបានបញ្ចប់ពីតួនាទី ខ្លះបានសុំលាលែង និងខ្លះទៀតត្រូវបានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (កាលនៅមានព្រះជន្ម) បណ្តេញចេញពីគណបក្ស។

លោកញឿន រ៉ាដែន បានមានប្រសាសន៍ថា គណបក្សហ៊្វុនស៊ិនប៉ិច បានទាត់ចោលច្រើនដង ហើយទាក់ទងទៅ និងកិច្ចប្រជុំនានា ដែលក្រុមមួយចំនួន ដែលអះអាងថា ខ្លួនជាគណៈកម្មការនាយកនោះ គឺពួកគាត់បាត់បង់នីតិសម្បទា និងសមាជិកភាព ពីគណបក្សហើយ អ្នកខ្លះត្រូវបាន សម្តេចក្រុមព្រះបញ្ចប់ពីតួនាទីពីគណបក្ស ហើយអ្នកខ្លះបានសុំលាលែង និងខ្លះទៀតត្រូវបានបណ្តេញចេញពីបក្ស។ ហើយអ្នកដែលចូលរួម ប្រជុំមានដូចជា លោកហេង ចន្ថា លោក ផាន់ សិទ្ធី លោកសាយ ហាក់ … ត្រូវបានគណបក្សបញ្ចប់ បណ្តេញចេញពី គណបក្សរួចរាល់អស់ហើយ ហើយទៅបង្កើតគណៈកម្មការប្រជុំ ដោយចិត្តឯងបែបនេះ គឺផ្ទុយពីច្បាប់។ ហើយគណបក្សហ៊្វុនស៊ិនប៉ិច សូមទាត់ចោលទាំងស្រុង នៅកិច្ចប្រជុំដែលដឹកនាំ ដោយក្រុមលោកសាយ ហាក់។

លោកញឿន រ៉ាដែន បានបញ្ជាក់ថា “ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ លោកទទួលសិទ្ធិ ពីសម្តេចក្រុមព្រះក្នុងការដឹកនាំ ហើយការសម្រេចយ៉ាងណាទៀត គណបក្សនឹងជូនដំណឹងនៅពេលក្រោយ”៕សរន