ដោយៈ សុផល / ភ្នំពេញៈ ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃទី​២៩ ខែ ធ្នូ ឆ្នាំ​២០២១ដើម្បីពិភាក្សានិង អនុម័ត សេចក្តីព្រាងច្បាប់ ពាក់ព័ន្ធ នឹង វិស័យ ពាណិជ្ជកម្ម ចំនួនបី ។

 

សេចក្តីព្រាងច្បាប់​ដែល​រដ្ឋសភា​បាន​លើក​មក​ពិភាក្សា​និង​អនុម័ត​នាពេលនេះ មាន​៖
១. សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម​
២. សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម​
៣. សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ​។​


​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម មាន​គោលបំណង​ចូលរួមចំណែក​ក្នុង​ការបន្ត​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​ស្តារ​សង្គម សេដ្ឋកិច្ចកម្ពុជា​ពី​វិបត្តិ​កូ​វីដ​-១៩ និង​ដើម្បី​លើកកម្ពស់​ភាពងាយស្រួល​នៃ​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។ ច្បាប់​នេះ​ត្រូវបាន​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​តាំងពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០០៥​។​
​ចំណែក​សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម​និង​បញ្ជីពាណិជ្ជកម្ម មាន​គោលបំណង​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម នៅ​ក្នុងសម័យ​បច្ចេកវិទ្យា​។ កន្លងមក​រាជរដ្ឋាភិបាល​បានកំណត់​នីតិវិធី​សម្រាប់​ការចុះបញ្ជី​អាជីវកម្ម​ពាណិជ្ជកម្ម ពន្ធដារ និង​ការផ្តល់​សេចក្តីជូនដំណឹង​អំពី​ការបើក​សហគ្រាស ដោយបាន​ដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​រួម​តាម​ថ្នាល​ផ្លាស់ប្តូរ​ទិន្នន័យ​អន​ឡាញ​។​
​តាមរយៈ​សេចក្តីព្រាងច្បាប់​នេះ បាន​ដកចេញ​នូវ​បុ​រេល​លក្ខ​ណ្ឌ​មួយចំនួន​ដែល​មិនចាំបាច់​សម្រាប់​ការចុះបញ្ជី និង​ជួយ​ឱ្យ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដំណើរការ​ទៅបាន​រលូន​និង​មាន​តម្លាភាព មាន​ស្តង់ដារ​ខ្ពស់​ស្របតាម​ការធ្វើ​ធុរកិច្ច​ជា​សាកល​ព្រមទាំង​លើកស្ទួយ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ឱ្យមាន​ការសម្រួល​ពាណិជ្ជកម្ម​និង​ការប្រកួតប្រជែង សំដៅ​រួមចំណែក​ស្តារ​សង្គម សេដ្ឋកិច្ចកម្ពុជា​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​។​
​ដោយឡែក សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ នឹង​ក្លាយជា​បទដ្ឋាន​គតិយុត្ត​ទ្វេភាគី​ក្នុងការ​ដោះដូរ​ពាណិជ្ជក​ម្ម​គ្នា​ទៅវិញទៅមក​។ តាមរយៈ​ច្បាប់​នេះ នឹងធ្វើ​ឱ្យ​កសិផល​កម្ពុ​ជាមាន​ទីផ្សា​រ​កាន់តែ​ធំ តាមរយៈ​ការនាំចេញ​ទៅកាន់​ទីផ្សារ​នៅ​សាធារណរដ្ឋ​កូរ៉េ ដែល​នឹងចូលរួម​ចំណែក​ដ៍​សំខាន់​នៅក្នុង​ការ​លើ​កម្ពស់​ជីវ​ភាព​ប្រជាកសិករ​របស់​យើង​។​
​សេចក្តីព្រាងច្បាប់​នេះ​ក៏​នឹង​ជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​ផ្នែក​សេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាព​ប្រជាជន និង​ការផ្សារភ្ជាប់​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ព្រមទាំង​អាចបង្កើត​ការងារ​ថ្មីៗ​ជូន​ប្រជាជន​យើង​ថែម​ទៀតផង​៕​សរន