ដោយៈ ប​.​ខុន / ភ្នំពេញៈ បណ្តា​ខេត្ត នៅ​ភាគខាងត្បូង នា​ល្ងាច​ថ្ងៃទី​២៩ ខែធ្នូ មាន​ផ្ទៃមេឃ​អាប់អួរ អាចមាន​ភ្លៀង​ខ្សោយ ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ និង​មាន​ខ្យល់​បក់បោក​ខ្លាំង ក្នុង​ល្បឿន ពី ១៣ ដល់​ជាង ២០ ម៉ែត្រ ក្នុង​មួយ​វិនាទី ចាប់ពី​ពេល​ល្ងាច រហូត​ដល់ពេល​ថ្ងៃត្រង់ រាល់ថ្ងៃ នៅលើ​ផ្ទៃសមុទ្រ ដែលមាន ភ្ញៀវ​ជាតិ និង​អន្តរជាតិ កំពុងធ្វើដំណើរ ទៅ​ឆ្លង​ឆ្នាំ នៅតាម​កោះ​នានា ក្នុង​ខេត្ត​ព្រះ សីហនុ សូម​តាមដាន អាកាសធាតុ ឱ្យបាន​ដិតដល់ មុននឹង​ចេញដំណើរ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១​ថាៈ បណ្តា​ខេត្ត នៅ​ភាគខាងត្បូង និង​តំបន់​មាត់សមុទ្រ មាន​ផ្ទៃមេឃ​អាប់អួរ ជាពិសេស នៅ​ខេត្ត​ព្រះសីហនុ អាចមាន​ភ្លៀង​ខ្សោយ នៅតាម​ឆ្នេរ និង​តាម​កោះ​នានា ជាមួយនឹង​ខ្យល់ បក់បោក​ខ្លាំង និង​រលក ខ្ពស់ៗ​។​

​អ្នកនាំពាក្យ ក្រសួង​ជំនាញ​ខាងលើ បានបញ្ជាក់​ថាៈ ខ្យល់​លើ​ផ្ទៃសមុទ្រ អាចមាន ល្បឿន​ពី ១៣ ទៅ​ជាង ២០ ម៉ែត្រ ដែលជា​ធម្មតា មាន​ល្បឿន ជា​មធ្យម ៥ ម៉ែត្រ ខ្យល់​ខ្លាំង នៅលើ​ផ្ទៃសមុទ្រ ភាគច្រើន នៅពេល​យប់ និង​ចុះមក​នៅត្រឹម​រង្វង់ ១០ ម៉ែត្រ មានតែ​ចាប់ពី​ម៉ោង ១២ ដល់​ម៉ោង ១៦ ជា​រៀងរាល់ថ្ងៃ ដោយសារ​ឥទ្ធិពល សម្ពាធ​ទាប នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដើរ​ចុះក្រោម​លើ​ផ្ទៃសមុទ្រ ស្របពេល​ខ្យល់ មូសុង​ឦសាន បាន​បង្កើន​ឥទ្ធិពល​ខ្លាំង​ដែរ​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៩ ខែធ្នូ​ថាៈ ពាក់ព័ន្ធ​ជាមួយនឹង​ខ្យល់​ខ្លាំង នៅលើ​ផ្ទៃសមុទ្រ​នេះ លោក​បានធ្វើ​ការណែនាំ ទៅដល់​អាជ្ញាធរ និង​មន្ទីរជំនាញ ឱ្យធ្វើ​ការជូនដំណឹង ទៅដល់​ពលរដ្ឋ អ្នកនេសាទ អ្នករស់នៅ​តាម​ឆ្នេរ តំបន់​ប្រឈម​នឹង​ខ្យល់ កួច​កន្ត្រាក់ ដែល​កើតមាន​ញឹកញាប់ នៅ​ព្រំប្រទល់ រវាង​ខេត្ត​ព្រះសីហនុ​និង​ខេត្តកំពត ជាពិសេស​ក្រុមហ៊ុន​ដឹកជញ្ជូន អ្នកដំណើរ​ទៅ​កម្សាន្ត​តាម​កោះ ឱ្យ​យកចិត្តទុកដាក់ តាមដាន​បញ្ហា​អាកាសធាតុ មុនពេល​ចេញដំណើរ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាល​ថ្ងៃទី​២៨ ខែធ្នូ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២២​ថាៈ ប្រទេស​កម្ពុជា ទទួល​ឥទ្ធិពល​ទ្រនុង​សម្ពាធ​ខ្ពស់ រុញ​ចុះ​មកពី ប្រទេស​ចិន ជាមួយនឹង​ខ្យល់មូសុង​ឦសាន បក់​ក្នុង​កម្រិត​ពី​មធ្យម ទៅ​បង្គួរ​។​

​ក្នុង​សេចក្តីជូនដំណឹង សរសេរ​ទៀតថាៈ ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា ពី ១៨ ទៅ ២០ អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី ២៨ ទៅ ៣០ អ​អ្សា​សេ​។ មាន​អាកាសធាតុ​ត្រជាក់ លាយឡំ​ជាមួយនឹង​ខ្យល់​រដូវ បក់​ក្នុង​កម្រិត​ពី​មធ្យម ទៅ​បង្គួរ ។​

​សម្រាប់​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា ពី ១៦ ទៅ ១៨ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ២៧ ទៅ ២៩ អង្សា​សេ​។ មាន​អាកាសធាតុ​ត្រជាក់ លាយឡំ​ជាមួយនឹង​ខ្យល់​រដូវ បក់​ក្នុង​កម្រិត​ពី​បង្គួរ ទៅ​ខ្លាំង​។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា ពី ១៩ ទៅ ២១ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា មាន​ពី ២៨ ទៅ ៣០ អង្សា​សេ​។ មាន​អាកាសធាតុ​ត្រជាក់ លាយឡំ​នឹង​ខ្យល់​រដូវ​បក់ ក្នុង​កម្រិត​មធ្យម ។ ទន្ទឹម​នោះ រលក​សមុទ្រ ក៏មាន​កម្ពស់ ជា​មធ្យម​ផងដែរ ៕/V​