ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១ នេះបានប្រកាសថាសម្ដេចនឹងក្លាយជាឪពុកនាយករដ្ឋមន្ដ្រីនៅក្រោយឆ្នាំ២០២៣ ហើយនៅឆ្នាំ២០៤០សម្តេចនឹងក្លាយ ជាជីតានាយករដ្ឋមន្រ្តី ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលនិងសាលប្រជុំទីស្ដីការក្រសួងការពារជាតិ ក្នុងឯកសណ្ឋានជាកងទ័ពនិងមានពាក់ផ្កាយមាស ៥ នៅលើស្នា ដែលជាព្រហរាជទានរបស់ព្រះមហាក្សត្រសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយច្បាស់លាស់ថា «ខ្ញុំសូមបញ្ជាក់ថាពេលនេះខ្ញុំជានាយករដ្ឋមន្ដ្រីក្រោយឆ្នាំ២០២៣ ខ្ញុំទៅជាឪនាយករដ្ឋមន្ដ្រីដល់ឆ្នាំ២០៤០ ខ្ញុំនឹងក្លាយជាជីតានាយករដ្ឋមន្ដ្រី»។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹករឿងដែលសម្ដេចបានណែនាំទៅចៅដែលរៀនមហាវិទ្យាល័យនៅក្រៅប្រទេសហើយបានមកលែងសម្តេចថា ក្នុងរយៈពេល២០ឆ្នាំក្រោយចៅ ត្រូវតែប្រកួតប្រជែងយកតំណែងជានាយករដ្ឋមន្ដ្រី ខណៈពេលនេះត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតចប់ថ្នាក់បណ្ឌិតនៅបរទេស​ ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីក៏បានផ្ញើសារទៅក្រុមដែលមាននិន្នាការប្រឆាំងដែរត្រូវប្រឹងឲ្យកូនចៅរបស់ខ្លួនសិក្សារៀនសូត្រកុំប្រឹងតែខាងជេរខ្លាំងពេក ។ សម្តេចបន្តថាកាលពីមុន សម្ដេចជាឪពុករបស់បណ្ឌិត ព្រោះកូនរបស់សម្ដេចបានរៀបចប់បណ្ឌិត ប៉ុន្ដែពេលនេះនិងថ្ងៃអនាគតសម្ដេចក្លាយជាជីតារបស់បណ្ឌិតថែមទៀតផង ៕