ភ្នំពេញៈ​សំណុំរឿង ០០៤ ប្រឆាំងនឹង យឹម ទិ​ត្យ ត្រូវបាន​បិទ​បញ្ចប់​ជា​ផ្លូវការ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា​បានចេញ​សេចក្តីសម្រេច​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ នេះ​បង្គាប់​ឱ្យ​យក​សំណុំរឿង ០០៤ ទៅ​បោះត្រា​និង​ដាក់ បញ្ចូល​ក្នុង​បណ្ណសារដ្ឋាន​។​ការបង្គាប់​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​នេះ​ធ្វើឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​អ​.​វ​.​ត​.​ក​. បានចេញ សេចក្តីសម្រេច​បដិសេធ​សំណើ​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បញ្ជូន​រឿង ០០៤ ប្រឆាំងនឹង​យឹម ទិ​ត្យ ទៅ​ជំនុំជម្រះ​។

​នៅក្នុង​ដីកា​របស់ខ្លួន​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ លោក យូ ប៊ុន​ឡេង និង​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ លោក ម៉ៃ​ឃើ​ល ប៊ូ​ឡិន​ឌ័​រ បាន​យោង​លើ​ការសម្រេច​របស់​អង្គជំនុំជម្រះ​តុលាការ​កំពូល​កាល ពីថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២១ ដែល​ប្រកាសថា សំណុំរឿង​ប្រឆាំងនឹង យឹម ទិ​ត្យ ត្រូវបាន​បញ្ចប់​។ ក៏ប៉ុន្តែ អង្គជំនុំជម្រះ​មិនបាន​បញ្ជា​ជា​ផ្លូវការ​ដោយ​ខ្លួនឯង​ឱ្យ​បោះត្រា និង​តម្កល់​ក្នុង​បណ្ណសារដ្ឋាន​នូវ​សំណុំរឿង នេះ​ទេ​។ សហ​ចៅក្រម​ស៊ើបអង្កេត​ទាំងពីរ​បាន​រំឭក​ឡើង​ថា កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ មេធាវី យឹម ទិ​ត្យ បានដាក់​សំណើ​ទៅកាន់​សហ​ចៅក្រម​ស៊ើបអង្កេត​សុំ​បិទ​បញ្ចប់ និង​បោះត្រា ព្រមទាំង​ដាក់​ក្នុង បណ្ណសារដ្ឋាន​នូវ​សំណុំរឿង លែងមាន​សុពលភាព​ត្រឹម​កម្រិត​ពាក់ព័ន្ធ​នឹង​សំណើសុំ​បិទ​បញ្ចប់​។

​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ លោក យូ ប៊ុន​ឡេង និង​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ លោក ម៉ៃ​ឃើ​ល ប៊ូ​ឡិន​ឌ័​រ បានលើកឡើង​ទៀតថា ផ្អែក​តាម​សេចក្តីសម្រេច​របស់​អង្គជំនុំជម្រះ​តុលាការ​កំពូល ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត​មាន​យុត្តាធិការ​ក្នុងការ​បោះត្រា និង​តម្កល់​ជា​ផ្លូវការ​ក្នុង​ប​ណ្ណា​សារ​ដ្ឋា​ន អនុលោម​តាម​វិធាន​ផ្ទៃក្នុង​ទី​៦៩(២)(​ខ​) ដែល​អនុវត្ត​ដូចគ្នា​ក្នុងករណី​មាន​ដីកា​បញ្ចប់​សំណុំរឿង ដែល​មិនមែនជា​ដីកា​លើកលែង​ការចោទប្រកាន់ តាម​ខ្លឹមសារ​ធម្មតា​នៃ​វិធាន​ផ្ទៃក្នុង​ទី​៦៧ (៣)(​ក​)​។

​ផ្អែក​តាម​សម្អាង​ហេតុ​ខាងលើ​ទាំងនេះ សហ​ចៅក្រម​ស៊ើបអង្កេត​ទាំងពីរ​បានប្រកាសថា​សំណើសុំ​ឱ្យ​បិទ​បញ្ចប់​សំណុំរឿង​ដែល​ត្រូវបាន​ស្នើសុំ លែងមាន​សុពលភាព និង​បង្គាប់​ឱ្យ​យក​សំណុំរឿង ០០៤ ទៅ​បោះត្រា និង​ដាក់បញ្ចូល​ក្នុង​បណ្ណសារដ្ឋាន​។

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បានសម្រេច​បដិសេធ​សំណើ​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ សុំ​បញ្ជូន​សំណុំរឿង ០០៤ ប្រឆាំងនឹង យឹម ទិ​ត្យ ទៅ​ជំនុំជម្រះ​។ ដោយ​ទទួលបាន​សំឡេង​ជា​ឯកច្ឆ័ន្ទ​អង្គជំនុំជម្រះ​តុលាការ​កំពូល​បានសម្រេច​ថា​“​បណ្តឹងសាទុក្ខ​របស់​ស​ហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ស្តីពី​ការខកខាន​របស់​អង្គ​បុ​រេ​ជំនុំជម្រះ ក្នុងការ​បញ្ជូន​សំណុំរឿង​០០៤ ទៅ​ជំនុំជម្រះ ដូច​បាន​តម្រូវ​ដោយ​ក្របខណ្ឌ​គតិយុត្ត​របស់​អ​.​វ​.​ត​.​ក​” អាច​ទទួលយកបាន ក្នុង​ផលប្រយោជន៍​យុត្តិធម៌​។ ពាក្យស្នើសុំ​ត្រូវបាន​ពិចារណា​ដោយ​ចៅក្រម​ភាគច្រើន​នៃ​អង្គជំនុំជម្រះ ដែល​ផ្តល់ “​ភាពច្បាស់លាស់​និង​ភាពជាក់លាក់​ផ្នែក​ច្បាប់ និង​៖
១) បាន​បដិសេធ​ការយល់ឃើញ របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ដែលថា សំណុំរឿង ០០៤ គួរ​ត្រូវ​បញ្ជូនទៅ​ជំនុំជម្រះ ដោយ​កត់សម្គាល់ថា សហ​ចៅក្រម​ស៊ើបអង្កេត និង​អង្គ​បុ​រេ​ជំនុំជម្រះ មិនបាន​ចេញ​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ប្រឆាំងនឹង យឹម ទិ​ត្យ អនុលោម​តាម​វិធាន ៧៩(១) នៃ​វិធាន​ផ្ទៃក្នុង​។​
២) បាន​បញ្ជាក់ថា អង្គ​បុ​រេ​ជំនុំជម្រះ​បានបញ្ចប់​សំណុំរឿង ០០៤ នៅពេល​អង្គជំនុំជម្រះ​នេះ​បានចេញ​សេចក្តី​ពិចារណា​របស់ខ្លួន​។​
៣) បានបញ្ជាក់​បំភ្លឺថា សំណុំរឿង ០០៤ ត្រូវបាន​បញ្ចប់ ដោយសារ​គ្មាន​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ស្ថាពរ និង​ដែល​អាច​អនុវត្តបាន​។​
​នៅក្នុង​យោបល់​ជំទាស់​ដោយឡែក​របស់គាត់ លោកស្រី​ចៅក្រម Maureen Harding Clark បាន សន្និដ្ឋានថា “​សេចក្តីសម្រេច​របស់​អង្គ​បុ​រេ​ជំនុំជម្រះ​ពុំមាន​សុពលភាព និង​គួរ​ត្រូវបាន​ច្រាន​ចោ​ដោយសារ​​វា​ពុំមាន​ស​និទាន​ភាព […]” ហើយ​គួរ​បញ្ចប់​កិច្ចដំណើរការ​នីតិវិធី​ប្រឆាំងនឹង យឹម ទិ​ត្យ​៕​(ប្រភពAMS)