​ដោយៈ បូកគោ / កំ​ពតៈ ដោយសារ​ធ្លាប់​ឆ្លងកាត់ ដំណាក់កាល​វិបត្តិ​កូ​វីដ​-១៩ ភ្ញៀវទេសចរ បាន​ផ្លាស់ប្តូរ​ទម្លាប់ ពី​ការ​ស្នាក់នៅ​ប្រមូលផ្តុំ ទៅរក​ការ​សម្រាក តាម​កន្លែង ដែលមាន​បន្ទប់​ដាច់ៗ​ពីគ្នា​វិញ​។ ម្ល៉ោះហើយ ទើប​ភ្ញៀវ​សម្រុក​កក់ បឹង​ហ្កា​ឡូ វីឡា ផ្ទះ​លម្ហែ និង​រី​ស៊​ត ក្នុង​ខេត្តកំពត សម្រាប់​ស្នាក់អាស្រ័យ នា​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល ដ៏​ខ្លី​ខាងមុខ​។

​ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពត លោក សយ ស៊ី​ណុល បានបញ្ជាក់​ថាៈ មកដល់​ព្រឹក ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ នេះ សេវា​ស្នាក់​នៅតាម​បឹង​ហ្កា​ឡូ វីឡា ផ្ទះ​លម្ហែ និង​រី​ស៊​ត ភាគច្រើន ក្នុង​ខេត្តកំពត ត្រូវបាន​ភ្ញៀវ​កក់​ទុក សម្រាប់​ឱកាស នៃ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល នាពេល​ដ៏​ខ្លី​ខាងមុខ​។ ទេសច ដែល​នឹង​មកដល់ នា​ថ្ងៃ​ឆ្លង​ឆ្នាំ អា​ចរក​កន្លែង​ស្នាក់ តាម​ផ្ទះសំណាក់ ក្នុង​ក្រុង និង​ជាយៗ​ក្រុង​បាន ។

លោក​ប្រធាន​មន្ទីរ បាន​បន្តថាៈ ដោយសារ​ធ្លាប់​ឆ្លងកាត់ ដំណាក់កាល​វិបត្តិ​កូ​វីដ​-១៩ ម្ល៉ោះហើយ សម្រាប់​បុណ្យចូលឆ្នាំ​សកល ឆ្នាំ​២០២២​នេះ ភ្ញៀវ​មានការ​ផ្លាស់ប្តូរ ទម្លាប់​ពី​ការ​ស្នាក់នៅ ផ្ទះសំណាក់ ក្នុង​ក្រុង បែរ​ទៅ​កក់​បន្ទប់​គេង តាម​បឹង​ហ្គា​ឡូ ផ្ទះ​លម្ហែ វីឡា ឬ​រី​ស៊​ត នៅ​តំបន់​ដងព្រែក និង​ឆ្នេរសមុទ្រ ដែលមាន​បន្ទប់​ដាច់ៗ ពីគ្នា​វិញ ទោះបី​តម្លៃ​ថ្លៃ​ជាង ផ្ទះសំណាក់​ក៏ដោយ​។​

​លោក សយ ស៊ី​ណុល បាន​ប្រាប់​ឱ្យដឹងទៀតថាៈ តំបន់​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត បាន​ត្រៀមលក្ខណៈ​រួចរាល់​ជាស្រេច ដើម្បី​ទទួលភ្ញៀវ​ជាតិ និង​អន្តរជាតិ ដោយ​មន្ត្រី​ជំនាញ បាន​ចុះ​អប់រំ​ណែនាំ​បន្ថែម អំពី​ការអនុវត្ត​វិធាន សុវត្ថិភាព​ទេសចរណ៍​។ កន្លងមក អ្នករក​ទទួលទាន ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍ ក៏ដូចជា ភ្ញៀវ​ជិត​ឆ្ងាយ បាន​ចូលរួម​យ៉ាង​ល្អប្រសើរ តាមរយៈ​ការអនុវត្ត នូវ​វិធាន​ការពារ​ខ្លួន​ជាប្រចាំ​។

​លោក​ប្រធាន​មន្ទីរ បាន​បញ្ជាក់ដែរថាៈ តំបន់​ទេសចរណ៍​ក្នុង​ខេត្តកំពត មានការ​អភិវឌ្ឍ ទៅ​មុខជា​លំដាប់ ពិសេស​រយៈពេល​ចុងក្រោយ​នេះ សេវា​ស្នាក់នៅ មាន​ភាពសម្បូរ បែប និង​ប្រកបដោយ​លក្ខណៈ ប្រកួតប្រជែង ឈរលើ​គោលការណ៍​សេវា​ល្អ អនាម័យ​ស្អាត បរិស្ថាន​បៃតង​។​បន្ថែម​លើ​នោះ ក៏មាន​ការតុបតែង​លម្អ​តាមរបៀប ទេសចរណ៍ បែប​ធម្មជាតិ​ជាដើម​៕/V​