ដោយៈសុផល/ភ្នំពេញៈ. ធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាធនាគារមានបណ្ដាញសាខាច្រើនជាងគេមួយនៅទូទាំងប្រទេស នាថ្ងៃទី២៩ខែធ្នូនេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន PillTech Solutions ជាវេទិកាឱសថដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅអាស៊ីអាគ្នេយ៍ ​និងបានឈ្នះពានរង្វាន់ “ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ” នៅក្នុងកម្មវិធីពានរង្វាន់ICT កម្ពុជា និងអាស៊ានប្រចាំឆ្នាំ​ ២០២១ ។

តាមរយៈកិច្ចសហការជាយុទ្ធសាស្ត្រនេះ ធនាគារ ហ្វីលីព បានពង្រឹងគោលដៅរបស់ខ្លួនក្នុងការក្លាយជាអ្នកច្នៃប្រឌិតលើសេវាកម្មហិរញ្ញ វត្ថុតាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវប្រព័ន្ធអេកូនៃផលិតផលឌីជីថលសម្រាប់អតិថិជនរបស់ខ្លួន។ ម៉្យាង វិញទៀត ក្រុមហ៊ុន PillTech ក៏អាចបង្កើនអត្ថប្រយោជន៍សម្រាប់ឱសថស្ថានជាសមាជិករបស់ខ្លួន តាមរយៈប្រព័ន្ធទូទាត់ដ៏ងាយស្រួល និងកម្មវិធីទទួលទឹកប្រាក់ត្រលប់មកវិញ ដែលផ្តល់ជូនដោយធនាគារ​ ហ្វីលីព នៅពេលដែលឱសថស្ថានជាសមាជិកទាំងនោះធ្វើការបញ្ជាទិញឱសថផ្សេងៗ។

តាមរយៈការប្រព័ន្ធទូទាត់ដែលមានភាពរលូន និងងាយស្រួលរបស់ធនាគារ ហ្វីលីព ឱសថស្ថានជាសមាជិករបស់ ក្រុមហ៊ុន PillTech នឹងអាចប្រើប្រាស់សេវាកម្មឌីជីថលជាច្រើនរួមមានប្រព័ន្ធទូទាត់តាម  QR, KHQR និងសេវាធនាគារចល័ត និងសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិត។ លើសពីនេះ ស្ថាប័នទាំងពីរក៏បានសហការគ្នាក្នុងការផ្តល់ជូនការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដោយអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់ថ្លៃឱសថដោយផ្ទាល់នៅលើគេហទំព័រលក់ឱសថរបស់ក្រុមហ៊ុន PillTech (store.tovpet.com) តាមរយៈគណនីធនាគារ ហ្វីលីព។

កិច្ចសហការជាយុទ្ធសាស្ត្រនេះនឹងធានាថាឱសថស្ថានជាសមាជិករបស់ក្រុមហ៊ុន PillTech នឹងអាចគ្រប់គ្រងលំហូរសាច់ប្រាក់របស់ពួកគេកាន់តែងាយស្រួលតាមរយៈឌីជីថលដែលមានសុវត្ថិភាព ខណៈពេលដែលអតិថិជនរបស់ធនាគារ ហ្វីលីព ក៏អាចធ្វើការទូទាត់យ៉ាងងាយស្រួលលើថ្លៃឱសថពួកគេ និងរីករាយជាមួយនឹងការផ្តល់ជូនពិសេសផងដែរ។

នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដែលធ្វើ ឡើងនៅការិយាល័យកណ្តាលរបស់ធនាគារ ហ្វីលីព លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព មានប្រសាសន៍ថា ភាពជាដៃគូនេះ បានបង្ហាញយ៉ាងច្បាស់ពីគោលបំណងរបស់ធនាគារក្នុងការក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេលើប្រព័ន្ធឌីជីថលនៅកម្ពុជា។

លោកចាន់ ម៉ាច បានបន្ថែមទៀតថា​ “ជាមួយនឹងគេហទំព័រដែលងាយស្រួលក្នុងការប្រើប្រាស់របស់ក្រុមហ៊ុន PillTech ក៏ដូចជាប្រព័ន្ធទូទាត់តាមប្រព័ន្ធឌីជីថលដ៏មានសុវត្ថិភាពរបស់ធនាគារ ហ្វីលីព យើងជឿជាក់ថា យើងនឹងនាំមកនូវបរិបទថ្មីមួយនៅក្នុងវិស័យឱសថសាស្រ្ត ក៏ដូចជាផ្តល់នូវភាពងាយស្រួលមួយកម្រិតទៀតសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា”។

លោកឱសថបណ្ឌិត ជា វិរៈ សហស្ថាបនិក និងជានាយកប្រតិបត្តិ បានបង្កើតក្រុមហ៊ុន PillTech ក្នុងគោលបំណងដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលឱសថការីកំពុងជួបប្រទះរួមមាន ដំណើរ ការប្រព័ន្ធឌីជីថល ការស្វែងរកឱសថប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយគុណភាព។ គេហទំព័របញ្ជាទិញឱសថតាមអនឡាញ ត្រូវបានបង្កើតឡើងដោយក្រុមពហុជំនាញនៃឱសថការី អ្នកសសេរកូដកម្មវិធី និងអ្នកជំនាញអាជីវកម្ម ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមសម្រាប់ឱសថការី អោយគាត់មានពេលវេលាច្រើនដើម្បីពិគ្រោះជាមួយអ្នកជំងឺ អាចដោះស្រាយទាំងបញ្ហាសុខភាព និងអាជីវកម្មជាមួយនឹងដំណោះស្រាយសាមញ្ញមួយ។
លោកវេជ្ជបណ្ឌិត ជា វិរៈ មានប្រសាសន៍ថា ក្រុមហ៊ុនទាំងពីរក៏កំពុងសហការគ្នាក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ការពង្រីកអាជីវកម្មដល់ឱសថស្ថានជាសមាជិកទាំងអស់របស់ក្រុមហ៊ុន​ PillTech នៅទូទាំងប្រទេស។

លោក ជា វិរៈ បានបន្ថែមថា “ការផ្តល់ហិរញ្ញប្បទាននេះនឹងជួយម្ចាស់ឱសថស្ថានក្នុងការពង្រីកអាជីវកម្មឱសថស្ថានរបស់ពួកគេ ដោយប្រើប្រាស់ទិន្នន័យ និងបច្ចេកវិទ្យាធំៗដែលផ្តល់ដោយប្រព័ន្ធ PillTech Pharmacy Point of Sale (POS) ។

ធនាគារ ហ្វីលីព ភីអិលស៊ី គឺជាសមាជិកនៃក្រុមហ៊ុន Phillip Capital Group ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី ហើយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៥ ។ ក្រុមហ៊ុននេះផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាព និងភាពច្នៃប្រឌិតពេញលេញដល់អតិថិជន ក្រុមហ៊ុនសាជីវកម្ម និងស្ថាប័ន ហើយបច្ចុប្បន្នប្រតិបត្តិការនៅក្នុងប្រទេសចំនួន ១៥ ។

ក្រុមហ៊ុន PillTech Solutions Co.,LTD គឺជាវេទិកាបញ្ជាទិញឱសថស្ថានតាមអនឡាញ ដែលបង្កើតឡើងដោយឱសថការីសម្រាប់កំណើនអាជីវកម្ម និងសុខភាពក្នុងសហគមន៍។ សមាជិករបស់ក្រុមហ៊ុន​PillTech យល់ថាអ្នកជំនាញផ្នែកថែទាំសុខភាព ឬឱសថការីអាចប្រឈមមុខនឹងបញ្ហាអាជីវកម្មប្រចាំថ្ងៃលើការគ្រប់ គ្រងសារពើភ័ណ្ឌ ដូចនេះហើយយើងក៏ចាប់ផ្ដើមរចនាមុខងារដើម្បីជួយឱសថការីសម្រាប់គ្រប់គ្រង ដូច្នេះពួកគេអាចចំណាយពេលច្រើនជាមួយអ្នកជំងឺ និងអាជីវកម្មរបស់ពួកគេ៕Ph