ដោយៈ គង់​ហេង / កំពង់ចាមៈ រដ្ឋបាលខេត្ត​កំពង់ចាម បានរៀបចំ​សេចក្តីព្រាង តម្លៃ​អចលនទ្រព្យ សំណង់ និង​ដី ទាំង ១០ ស្រុក ក្រុង លើ​តម្លៃ​ពន្ធ​ប្រថាប់ត្រា ការលក់ ឬ​ផ្ទេរកម្មសិទ្ធិ ដោយ​គិត​ជាមួយ​ម៉ែត្រក្រឡា និង​ជា​ប្រាក់​ដុល្លារ ក្នុងភូមិ​សាស្ត្រ​ខេត្ត​នេះ​។​

​នេះ​បើ​យោងតាម​សេចក្តីព្រាង តម្លៃ​អចលនទ្រព្យ​លើ ឧបសម្ព័ន្ធ​ទី​៦ ស្តីពី​ការ បែងចែក ភូមិសាស្ត្រ និង​តម្លៃ​អចលនទ្រព្យ សម្រាប់​ជា​មូលដ្ឋាន គិត​ពន្ធ​ប្រថាប់ត្រា នៅ​ខេត្តកំពង់ចាម ដែលមាន​កម្រាស់​ជាង ៤៦ ទំព័រ ធ្វើ​បទ​បង្ហាញ​ដោយ​លោក ហេង កុសល​បុត្រ ប្រធាន​សាខា​ពន្ធដារ ត្រូវបាន​ដឹកនាំ ពិនិត្យ ពិភាក្សា ដោយ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត នៅ​សាខា​ពន្ធដារ នា​ព្រឹក​ថ្ងៃទី ២៩ ធ្នូ ២០២១ នេះ​។​

​លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថាៈ ការប្រជុំ​នេះ យើង​មាន​គោលបំណង ពង្រឹង​លើ​ការប្រមូល​ពន្ធ​ប្រថាប់ត្រា លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ ប្រកបដោយ តម្លាភាព និង​សមាភាព និង​ពិនិត្យ​លើ​ឧបសម្ព័ន្ធ ដែល​បាន​អនុវត្ត នាពេល​បច្ចុប្បន្ន សម្រាប់​កំណត់​នូវ​មូលដ្ឋាន ប្រភេទ​ពន្ធ​ប្រថាប់ត្រា ដែលមាន​ភាពខ្វះ​ចន្លោះ ពាក់ព័ន្ធ​នឹង​ការប្រែប្រួល នៃ​តម្លៃ ឡើង​ចុះ ដែល​បណ្តាលឱ្យ​មានការ​លំបាក ក្នុងការ​អនុវត្ត លើ​ឧបសម្ព័ន្ធ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម បាន​បន្ថែមថាៈ ដើម្បី​ពិនិត្យ និង​ពិភាក្សា សម្រេច​លើ សេចក្តីព្រាង អចលនទ្រព្យ​ឧបសម្ព័ន្ធ​ថ្មី បែក​ចែក​តាម​ភូមិសាស្ត្រ និង​តម្លៃ​អចលន ទ្រព្យ ហើយ​ក្រោយពី​ប្រជុំ​សម្រេច​ហើយ ខាង​សាខា​ពន្ធដារ នឹង​រៀបចំ​លិខិត​ដាក់ជូន គណៈកម្មការ​វាយតម្លៃ អចលនទ្រព្យ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​៕/V​-PC