ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ ធនាគារជាតិ​នៃ​កម្ពុជា បានរៀបចំ​ការប្រឡង​លើក​ទី​៤០ តាម​ប្រព័ន្ធ​អន​ឡាញ សម្រាប់​វគ្គ​បណ្តុះបណ្តាល NBC-FSI Connect ដោយមាន​ការត្រួតពិនិត្យ​ផ្ទាល់​ដោយ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​។

​សិក្ខាកាម​ចូលរួម​ក្នុងការ​ប្រឡង​នេះ​មាន​ចំនួន ៥០ រូប ដែល​ក្នុងនោះ​មាន​មន្ត្រី​ចំនួន ១៧ រូប បាន​ប្រឡង​បញ្ចប់​កម្រិត​ខ្ពស់ មន្ត្រី​ចំនួន ១៨ រូប បាន​ប្រឡង​បញ្ចប់​កម្រិត​មធ្យម និង ១៥ រូប​បាន​ប្រឡង​បញ្ចប់​កម្រិត​បឋម​។ គិត​ចាប់ពី​ការបង្កើត​មកដល់​បច្ចុប្បន្ន វគ្គ​សិក្សា​នេះ​មាន ៥ ជំនាន់ និង​មាន​សិក្ខាកាម​សរុប​ចំនួន ៣៣៥ រូប​។

​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ស្ថិរភាព​ហិរញ្ញវត្ថុ​អន្តរជាតិ នៃ​ធនាគារ​សម្រាប់​ការទូទាត់​អន្តរជាតិ (Bank for International Settlement – BIS) ដែលមាន​ស្នាក់ការ​កណ្តាល​នៅ​ប្រទេស​ស្វ៊ី​ស ហើយ​មាន​ធនាគារកណ្តាល និង​ស្ថាប័នហិរញ្ញវត្ថុ​សាធារណៈ​ជាង ៣០០ នៅលើ​ពិភពលោក​៕​