ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ កម្លាំងសមត្ថកិច្ចកម្ពុជា សហការជាមួយកម្លាំងសមត្ថកិច្ចចិន បានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជួញដូរគ្រឿងញៀនឆ្លងដែន និងរឹបអូសគ្រឿងញៀនជិត៣៥០គីឡូក្រាម និងចាប់ខ្លួនជនជាតិចិនចំនួនប្រាំបួននាក់ ។
ប្រតិបត្តិការបង្ក្រាបនេះ បាន ធ្វើឡើងនៅពីរគោលដៅផ្សេងគ្នា គឺនៅចំណុចវីឡាភ្លោះលេខ២១ ផ្លូវលេខ R០៣ ស្តាផ្លាទីនឹម បុរីប៉េងហូតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និង នៅភោជនីយដ្ឋានអីយិនម៉ាថូវ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។
ករណីបង្ក្រាបនេះ ផ្ដើមចេញពីកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចចិន។ សមត្ថកិច្ចកម្ពុជា ទទួលបានព័ត៌មានជំនាញហើយ បានបើកការស៊ើបអង្កេតអស់រយៈពេលជាងបួនខែ ទើបឈានទៅបង្ក្រាបព្រមគ្នានេះ សមត្ថកិច្ចចិនក៏បានបង្ក្រាបក្រុមឧក្រិដ្ឋជនពាក់ព័ន្ធ នៅឯប្រទេសចិនផងដែរ។
ជាលទ្ធផល កិច្ចប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យបានប្រាំបួននាក់:
១.ឈ្មោះ HUANG RUI MING ភេទប្រុស កើតឆ្នាំ១៩៦៣ (មេក្លោង)
២.ឈ្មោះ LI YI NAN ភេទប្រុស កើតឆ្នាំ១៩៨៣
៣.ឈ្មោះ SUN LIANG ភេទប្រុស កើតឆ្នាំ១៩៧៩
៤.ឈ្មោះ SUN HAI TAO ភេទប្រុស កើតឆ្នាំ១៩៨០
៥.ឈ្មោះ LIU WEI CHENG ភេទប្រុស កើតឆ្នាំ១៩៦៩
៦.ឈ្មោះ CHEN ZHI QUAN ភេទប្រុស កើតឆ្នាំ១៩៥៥
៧.ឈ្មោះ WANG LEI ភេទប្រុស កើតឆ្នាំ១៩៩០
៨.ឈ្មោះ WANG YUE ភេទប្រុស កើតឆ្នាំ១៩៨២
៩.ឈ្មោះ ZHU XIAO FEI ភេទប្រុស កើតឆ្នាំ១៩៨២
ការឃាត់ខ្លួននេះក៏បានចាប់យកនូវវត្ថុតាងដូចជា គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) សរុបរួមទម្ងន់ ៣៤៧គីឡូក្រាម ៤២៧,៩៩ក្រាម (លាក់ក្នុងបំពង់ដែក ៣៦៧ដើម និង៦១កញ្ចប់ធំ) ជញ្ជីងថ្លឹងគ្រឿងញៀនពីរគ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួន ។ ចាប់យកទ្រព្យសម្បត្តិ រថយន្តមួយគ្រឿង ម៉ាក តូយ៉ូតា អាល់ហ្វាដ (TOYOTA ALPHARD) ពាក់ស្លាក់លេខ ភ្នំពេញ ២BE-២៩៧៣, ម៉ូតូមួយគ្រឿងម៉ាកហុងដា ភីស៊ីអ៊ិច (HONDA PCX) ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១FE-៥៩៤៦, ទូរស័ព្ទដៃ ចំនួន១០គ្រឿង, ប្រាក់៣០០ដុល្លារអាមេរិក។
ក្រុមឧក្រិដ្ឋជន បានរៀបចំបញ្ជូនបំពង់ដែកមកកម្ពុជា ហើយលួចច្រកគ្រឿងញៀន បំរុងបញ្ជូនតាមផ្លូវសមុទ្រទៅប្រទេសទី៣។ បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕