ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ​សម្រាប់​ពិធី​អបអរសាទរ​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ខាងមុខ​ចាប់​ថ្ងៃទី​៣០​ដល់​៣១​ខែធ្នូ​ឆ្នាំ​២០២១​ឆ្លង​ឈានចូល​ឆ្នាំ​២០២២​ខាងមុខនេះ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បានរៀបចំ​កន្លែង​សម្រាប់​ជូន​ប្រជាជន​កម្សាន្ត​។​ក្នុងនេះ​មានការ​ប្រគំ​តន្ត្រី មាន​កាំ​ជ្រូច​ឆ្លង​ឆ្នាំ​សកល​ចំនួន​បី​កន្លែង​។ ក្នុងនោះ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង ពីរ​កន្លែង​និង​នៅ ស្រុក​រលាប្អៀរ​មួយកន្លែង​(​បឹង​ឈ្វាំង​)​។​ការរៀបចំ​ពិធី​នេះ​ត្រូវអនុវត្ត​នូវ​វិធានការ​សុខាភិបាល បង្ការ ការពារ និង ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ផងដែរ ។

​យោង​លិខិត​បង្គាប់ការ​របស់​រដ្ឋ​បាល​ខេត្ត​បាន​បញ្ជាក់ថា ទីតាំង​ទីមួយ​ទទួលខុសត្រូវ​ដោយ​លោក អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង នៅ​សួន​កុមារ​ខាងមុខ​សាលាខេត្ត និង​សួន​ដើម​ពោធិ៍​វិមានឯករាជ្យ​កណ្ដាល​ក្រុង​កំពង់ឆ្នាំង និង​មាន​រៀបចំ​តន្ត្រីសម័យ និង​បាញ់​កាំជ្រួច​នៅក្នុង​សាលាខេត្ត​។​ទីតាំង​ទី​ពីរ ទទួលខុសត្រូវ​ដោយ​លោក ស្រ៊ន សំ​ឬ​ទ្ធី អភិបាលរង​ខេត្តកំពង់ឆ្នាំង រៀបចំ​ប្រគំ​តន្ត្រីសម័យ និង​បាញ់​កាំ​ជ្រូច នៅ​សួនច្បារ​សម្ដេច​ជហ្វា​វាំង គង់ សំអុល ខាងមុខ​មជ្ឈមណ្ឌល​ក​ចាត់​មិន​ស៊ីម៉ាក់ នៅក្នុង​សង្កាត់​ប្អេ​រ​។ ដោយឡែក​ទីតាំង​ទី​បី ទទួលខុសត្រូវ​ដោយ​លោក សាន់ យូ អភិបាលរង​កំពង់ឆ្នាំង រៀបចំ​ប្រគំ​តន្ត្រី និង​បាញ់​កាំជ្រួច នៅ​បឹង​ឈ្វាំង ក្នុង​ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ ។

​លោក សេង វិចិត្រ អភិបាលរង​ស្រុក​រលាប្អៀរ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៩​ធ្នូរ​នេះ​ថា រមណីយដ្ឋាន​បឹង​ឈ្វាំង គឺជា​បឹង​ធម្មជាតិ​មួយកន្លែង​មាន​ទំហំ ៣០​ហិកតា ។​នៅក្នុង​អំឡុង​មួយឆ្នាំ​ចុងក្រោយ​នេះ លោក​បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល ចុះ​ពង្រឹង​ខេត្តកំពង់ឆ្នាំង​បានរៀបចំ​សួនច្បារ​តាម​មាត់បឹង​ទីនេះ​គួរ​ជាទី​មនោ​រម្យ សម្រាប់​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តកំពង់ឆ្នាំង​។​

​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ឆ្នាំង អញ្ជើញ​ចូលរួម​អបអរ​ក្នុង​កម្មវិធី​ឆ្លង​ឆ្នាំ​សកល ដោយ​ត្រូវ​ចូលរួម​រក្សា​របៀបរៀបរយ សណ្ដាប់ធ្នាប់ អនាម័យ និង​បរិស្ថាន ពិសេស​ការអនុវត្ត ៣​ការពារ ៣​កុំ ឱ្យបាន​ខ្ជាប់ខ្ជួន​៕​សរន​