ដោយៈ ដេប៉ូ / ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នេះ បានជូនដំណឹងដល់ សាធារណជន ពីការប្រើលេខកូដរួម *1200# *1201# *1202# *1203* PIN# និង 1204 សម្រាប់ប្រើប្រាស់ គ្រប់ប្រព័ន្ធ ទូរសព្ទចល័ត។
ក្នុងសេចក្តីជូនដំណឹង ខាងលើនេះ ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថាៈ ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ សេវាទូរសព្ទចល័តទាំងអស់ និយ័តករទូរគមនាគមន៍កម្ពុជា បានតម្រូវឱ្យប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័ត នៅទូទាំងប្រទេស រៀបចំលេខកូដរួម ដែលមានលក្ខណៈស្តង់ដារ ស្របតាមលេខកូដ ទូរគមនាគមន៍ជាតិ ដែលមានមុខសញ្ញាប្រើប្រាស់ ដូចខាងក្រោមៈ
(១) *1200# ផ្តាច់សេវាបន្ថែម (VAS) ដែលមិនត្រូវការប្រើ
(២) *1201# ពិនិត្យសមតុល្យទឹកប្រាក់
(៣) *1202# ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់
(៤) *1203*PIN# បញ្ចូលទឹកប្រាក់
(៥) 1204 ទាក់ទងទៅកាន់សេវាបម្រើអតិថិជន
ដូចនេះ សាធារណជន អាចប្រើប្រាស់លេខកូដទាំង ៥ ខាងលើ បានគ្រប់ប្រព័ន្ធ ទូរសព្ទចល័តទាំងអស់ ដើម្បីធ្វើការផ្ដាច់សេវាបន្ថែម(Value Added Services) ដែលមិនត្រូវការប្រើ ពិនិត្យសមតុល្យទឹកប្រាក់ ពិនិត្យអត្តសញ្ញាណ អ្នកប្រើប្រាស់ បញ្ចូលទឹកប្រាក់ ឬទាក់ទងទៅកាន់សេវាបម្រើអតិថិជន របស់ក្រុមហ៊ុន ទូរសព្ទចល័តនីមួយៗ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង និយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខ ទូរសព្ទ ៦៧៨៩ រៀងរាល់ ម៉ោងធ្វើការ ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាប ជាព័ត៌មាន៕/V