​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឱ្យ​ចរាចរ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី ចោមចៅ​ថ្មី បន្ថែម​មួយ​ខ្សែ​ទៀត ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង ៨ នាទី​ព្រឹក​តទៅ ដើម្បី​ចូលរួម​អបអរសាទរ​ឆ្នាំ​ថ្មី ឆ្នាំ សកល ២០២២ និង​ដើម្បី​សម្រួល​លំហូរ​ចរាចរ នៅ​តំបន់​ការដ្ឋាន សាងសង់​ស្ពាន អាកាស និង​ផ្លូវ​ក្រោម​ដី ចោមចៅ​នេះ ឱ្យបាន​ល្អប្រសើរ ។ នេះ​បើ​យោងតាម​សេចក្តី ជូនដំណឹង​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​សេចក្តីជូនដំណឹង​នេះ មាន​ខ្លឹមសារ​ថាៈ រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស សូម​ជម្រាប​ជូនដំណឹង ដល់​សាធារណជន​ទាំងអស់ មេត្តា​ជ្រាបថា ដើម្បី​ចូលរួម អបអរសាទរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២២ និង​ដើម្បី​សម្រួល​លំហូរ​ចរាចរ នៅ​តំបន់ ការដ្ឋាន​សាងសង់ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ឱ្យបាន​ល្អប្រសើរ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឱ្យ​ចរាចរ ស្ពាន​អាកាស​ថ្មី បន្ថែម​មួយ​ខ្សែ​ទៀត ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង ៨:០០ នាទី​ព្រឹក តទៅ ។​

​ស្ពាន​កំណោង​ថ្មី​នេះ មាន​ប្រវែង ២០០ ម៉ែត្រ ទទឹង ៥,២៥ ម៉ែត្រ ជា​ស្ពាន​ឯកទិស ធ្វើចរាចរ ពី​មហាវិថី​ចោមចៅ ឡើងលើ​ស្ពាន​អាកាស​កំណោង រួច​បត់​ឆ្វេង ទៅ​ភ្ជាប់​ចរាចរ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​សាស្ត្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាបជូន​ថា គិត​ត្រឹម​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១ នេះ ការដ្ឋាន​សាងសង់ សម្រេចបាន​លទ្ធផល ៩២% គ្រោង​នឹង​បញ្ចប់​ការសាងសង់ នៅ​ខែមីនា ឆ្នាំ​២០២២ ខាងមុខ ហើយ​មកដល់ពេលនេះ បានដាក់​ឱ្យប្រើ​ប្រាស់ ជា​បណ្តោះអាសន្ន ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី បាន​ចំនួន ៥ ខ្សែ ក្នុងចំណោម ៨ ខ្សែ នៃ​គម្រោង ។ អាស្រ័យហេតុនេះ សូម​សាធារណជន មេត្តា​ជ្រាប និង​សហការ ចូលរួម​គោរព ច្បាប់​ចរាចរ​ផ្លូវគោក ដោយ​សេចក្ដី​អនុគ្រោះ ។​

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ត្រូវ​សហការ​អនុវត្ត​ឱ្យមាន ប្រសិទ្ធភាព​ខ្ពស់​៕/V​