​ដោយៈម៉េង​ឆៃ / ភ្នំពេញៈ រដូវ​កាល​ឈប់សម្រាក​ចុងឆ្នាំដើម្បី​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០២១ ចូលឆ្នាំ​២០២១ នឹង​ចូល​មកដល់​នៅ​យប់​ថ្ងៃ​សុក្រ ទី​៣១ ខែធ្នូ ហើយ​បន្ត​រហូតដល់​ថ្ងៃអាទិត្យ ទី​២ ខែមករា ឆ្នាំ​២០២២​។ ប្រជាពលរដ្ឋ​យើង ពិសេស​អ្នករស់នៅ​ភ្នំពេញ​មួយចំនួន បាន​ឈប់សម្រាក និង​រៀបចំ​ដំណើរ​កម្សាន្ត​ទៅកាន់​រមណីយដ្ឋាន ខេត្ត​នានា ក៏ដូចជា​ទៅ​សមុទ្រ និង​ទៅលេង​តាម​កោះ តំបន់​ព្រៃភ្នំ ជាដើម​។ អំឡុងពេល​ឈប់សម្រាក​ឆ្លង​ឆ្នាំ ពិសេស​នៅ​យប់​ថ្ងៃ​សុក្រ ទី​៣១ ខែធ្នូ ជា​ពេលវេលារាប់ថយក្រោយ( Countdown) សូម​ឲ្យ​យើង​ម្នាក់ៗ បង្កើន​ការប្រុងប្រយ័ត្ន ការពារ​ខ្លួន កុំ​ឲ្យ​ឆ្លង​កូ​វីដ ដោយ​អនុវត្ត​នូវ​វិធានការ​សាមញ្ញៗ គឺ ៣​កុំ ​៣​ការពារ ឲ្យ​បាន​ជាប់​ជាប្រចាំ​។​

​អង្គការ​សុខភាព​ពិភពលោក(WHO) បានប្រកាស​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត ដល់​ប្រជាជន​នៅ​ទូទាំង​សកលលោក សូម​កុំឱ្យ​ខ្លួន​អ្នកធ្លាក់​ក្នុង​អន្លង់​កូ​វីដ​-១៩ បើទោះបីជា​វីរុស​នេះ ស្ថិតនៅ​ជុំវិញខ្លួន​អ្នក​ក៏ដោយ​។ សូម​ប្រុងប្រយ័ត្ន និង​ជៀសវាង​មេរោគ​នេះ ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ ដោយ​អនុវត្ត​វិធានការ​ការពារ និង​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ឱ្យបាន​ពេញលេញ​។​

​ប៉ុន្មាន​ថ្ងៃមុន​ដល់​ថ្ងៃ​ឆ្លង​ឆ្នាំ អង្គការ​សុខភាព​ពិភពលោក ក៏បាន​ប្រកាស​ព្រមាន​ថា អូ​មី​ក្រុង រួម​នឹង​ដែល​តា អាច​នឹង​បង្ក​ជា​ករណី​ឆ្លង និង​ស្លាប់ ដែល​ប្រៀបបាន​នឹង​ឥទ្ធិពល​រលក​យក្ស​ស៊ូណាមិ​។ WHO លើកឡើង​បែបនេះ គឺ​ផ្អែកលើ​ការ​រាតត្បាត​ជំងឺឆ្លង​កូ​វីដ ប្រភេទ​បំប្លែង​ថ្មី​នេះ នៅ​ប្រទេស​ជាច្រើន ពិសេស​ប្រទេស​នៅ​លោកខាងលិច​។​

​រយៈពេល ពីរថ្ងៃ​មកហើយ បារាំង​បន្ត​ទទួលរង​ករណី​ឆ្លង ក្នុងមួយថ្ងៃ​ខ្ពស់​ជាងគេ ក្នុង​តំបន់​អឺរ៉ុប ប្រមាណ ២០៨.០០០ ករណី និង​ស្លាប់ ១៨៤​ករណី​។ សហរដ្ឋអាម៉េរិក មាន​ករណី​ឆ្លង​កូ​វីដ ជា​មធ្យម ២៦៥.៤២៧​ករណី ក្នុង ១​ថ្ងៃ រយៈពេល​មួយ​សប្ដាហ៍​ចុងក្រោយ​នេះ​។ អង់គ្លេស មាន ១៨៣.០៣៧ ករណី​ថ្មី និង​ស្លាប់ ៥៧​នាក់ ខណៈដែល​អ៊ីតាលី កើន​ដល់ ៩៨.០២០​ករណី​ឆ្លង ក្នុងមួយ​ថ្ងៃ​។ ដា​ណឺ​ម៉ាក (២៣.២២៨ ករណី​) ព័រទុយហ្កាល់ (២៦.៨៦៧ ករណី​) និង​អូស្ត្រាលី (១៨.២៤១) បាន​ទទួលរង​ករណី​ខ្ពស់បំផុត​មិន​ធ្លាប់មាន​។ ប្រទេស​ក្រិក ក៏​ទើបតែ​ជួប​អត្រា​ឆ្លង​ខ្ពស់បំផុត​ប្រមាណ ២៨.៨២៨ ករណី ក្នុង​រយៈពេល​ត្រឹមតែ ២៤​ម៉ោង​។​

​សរុបមក អង្គការ​សុខភាព​ពិភពលោក កំពុង​ព្រួយបារម្ភ​ពី​ហានិភ័យ​នៃ​រលក​ឆ្លង​កូ​វីដ​មួយ​នេះ ដែល​ពិភពលោក អាច​នឹង​ពិបាក​ទប់ស្កាត់ ក្នុងពេលដែល​ករណី​ឆ្លង បាន​លោត​ដល់ប្រាំបួនសែនករណី​ថ្មី ទូទាំង​សកលលោក​។ ដូច្នេះហើយ បានជា​អង្គការ​សុខភាព​លោក ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដោយសារតែ​វ៉ាក់សាំង ជា​វិធានការ ដែល​អាច​ពន្យារ​រលក​រាតត្បាត​នេះ ហើយ​អង្គការ​សុខភាព​លោក គ្រោង​នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង ដល់​ប្រទេស​នានា ទូទាំង​ពិភពលោក ឲ្យ​បាន ៧០ភាគរយ ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២២​។​

​យើង​ងាកមើល​អត្រា​ឆ្លង​កូ​វីដ​១៩ នៅក្នុង​បណ្តា​ប្រទេស​ជាប់​ព្រំដែន​កម្ពុជា​យើង​វិញ គឺ​វៀតណាម ឡាវ និង​ថៃ មាន​អ្នក​ឆ្លង​កូ​វីដមួយ​ថ្ងៃៗ មិនតិច​ពាន់​នាក់​ឡើយ​។ តាម​របាយការណ៍ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ ថៃ មាន​ករណី​ឆ្លង​កូ​វីដ​១៩ ថ្មី ចំនួន ២៥៧៥​នាក់ ស្លាប់ ១៧​នាក់ ខណៈដែល​ថៃ មាន​អ្នក​ឆ្លង​កូ​វីដ​សរុប ២ ២១៧ ២៨៧​នាក់ និង​អ្នកស្លាប់​ដោយ​កូ​វីដ​សរុប ចំនួន ២១៦៤៧​នាក់​។ វៀតណាម កាលពី​ថ្ងៃទី​២៩ខែ​ធ្នូ មាន​អ្នក​ឆ្លង​ថ្មី ១៣៨៨៩​នាក់ និង​ស្លាប់ ២៤៥​នាក់ ខណៈដែល​ចំនួន​អ្នក​ឆ្លង​កូ​វីដ​សរុបនៅ​វៀតណាម មាន​ចំនួន ១៦៩៤៨៧៤​នាក់ និង​ស្លាប់​សរុប ដោយសារ​កូ​វីដ ចំនួន ៣១៨៧៧​នាក់​។ ចំណែក​ឡាវមាន​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី ចំនួន ១០៤២​នាក់ និង​ស្លាប់ ១៣​នាក់ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ខណៈដែល​ចំនួន​អ្នក​ឆ្លង​កូ​វីដ​សរុប នៅ​ឡាវ មាន​ចំនួន ១០៧ ៧៨២​នាក់ និង​ស្លាប់​សរុប ៣៥៥​នាក់​។​

​ដោយឡែកសម្រាប់​កម្ពុជា​យើង កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានប្រកាសថា នៅទូទាំង ប្រទេស មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ៤​នាក់ ជាសះស្បើយ ៩​នាក់ និង​ស្លាប់​ម្នាក់​។ ក្នុងចំណោម​អ្នក​ឆ្លង​កូ​វីដ​១៩ ទាំងបួននាក់​នោះ គឺមាន​ម្នាក់ ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស និង​ជា​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង​។ ចំណែក ៣​នាក់​ទៀត ជា​ករណី​ឆ្លង​កូ​វីដ​ធម្មតា ក្នុង​សហគមន៍​។ គិត​ត្រឹម​ថ្ងៃទី​២៩ ខែធ្នូ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រភេទ​បំប្លែង​ថ្មី អូ​មី​ក្រុង ៣៤​នាក់​ហើយ និង​សុទ្ធតែជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​។​

​តាម​របាយការណ៍​ដដែល គិត​ត្រឹម​ថ្ងៃទី​២៨ ខែធ្នូ នៅ​ទូទាំងប្រទេស​កម្ពុជា​យើង មាន​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ១២០ ៤៧៣​នាក់​។ ក្នុងនោះ មាន​អ្នកជា​សះស្បើយ ១១៦ ៨៩៤​នាក់ និង​ស្លាប់​សរុប​ចំនួន ៣០១១​នាក់​។ ដូច្នេះ​ទោះបីជា​ប្រទេស​យើង បើក​ដំណើរ​ឡើងវិញ លើ​គ្រប់​វិស័យ ហើយ​មាន​អត្រា​អ្នក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ បាន​ច្រើន រហូតដល់​ជាង ១៤​លាន​នាក់ ចាប់ពី​អាយុ ៥​ឆ្នាំ​ឡើង ស្មើនឹង​ប្រមាណ ៩០ភាគរយនៃ​ប្រជាជន​សរុប ១៦​លាន​នាក់​ហើយក៏​ដោយ ក៏​នៅតែមាន​អ្នក​ឆ្លង​កូ​វីដ​១៩ និង​ស្លាប់​ដោយ​ជំងឺ​កាច​សាហាវ​នេះ ជា​រៀងរាល់ថ្ងៃ​។​

​ម្យ៉ាង​ប្រទេស​ជាប់​ព្រំដែន​កម្ពុជា​យើង វៀតណាម ឡាវ និង​ប្រទេស​ថៃ ក៏ដូចជា​ប្រទេស​ជាច្រើន​លើ​ពិភពលោក ក៏​នៅមាន​អ្នក​ឆ្លង និង​ស្លាប់​ដោយ​កូ​វីដ រៀងរាល់ថ្ងៃ​។ ដូច្នេះ​ដំណើរ​កម្សាន្ត​ទៅ​ទីជិត ទៅ​ទី​ឆ្ងាយ រួមទាំង​ការជួបជុំ​ផឹកស៊ី​សប្បាយ​ឆ្លង​ឆ្នាំ ឬ Countdown នៅ​យប់​ថ្ងៃទី​៣១​ធ្នូ រហូតដល់​ថ្ងៃ​សៅរ៍ ទី​១​មករា និង​នៅ​ថ្ងៃអាទិត្យ ទី​២​មករា ក៏​គួរតែ​ប្រជាពលរដ្ឋ​យើង ពិសេស​យុវវ័យ បង្កើន​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ដដែល លើ​កូ​វីដ​១៩​។ វិធានការ​សាមញ្ញៗ ៣​កុំ ៣​ការពារ នៅតែមាន​ប្រសិទ្ធភាព ខណៈដែល​ម្នាក់ៗ បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ខ្លះ ២​ដូ​ស និង​ខ្លះទៀត បាន​ដល់បី​ដូ​ស​។​

​ក្រៅពី​ប្រុងប្រយ័ត្ន​នឹង​កូ​វីដ​ហើយ ចំពោះ​អ្នកធ្វើដំណើរ​កម្សាន្ត​ជិត​ឆ្ងាយ ក៏ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​នឹង​គ្រោះថ្នាក់​ចរាចរណ៍​។ ចូរ​កុំភ្លេចថា រៀងរាល់ថ្ងៃ​បុណ្យទាន និង​ថ្ងៃ​ឈប់សម្រាក តែងតែមាន​ចរាចរណ៍​មមាញឹក​ខ្លាំង ពិសេស​ផ្លូវ​ទៅតាម​បណ្តា​ខេត្ត​នានា និង​ទៅតាម​តំបន់​ទេសចរណ៍​កម្សាន្ត​។ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ប្រទេស​យើង ក៏បាន​កើតឡើង​រៀងរាល់ថ្ងៃ ហើយ​បណ្តាល​ឲ្យ​របួស​មិនតិចជាង ១០​នាក់​ទេ និង​ស្លាប់​ក៏​មិនតិចជាង ៤​នាក់​ដែរ ក្នុង ១​ថ្ងៃៗ​។​

​សូម​ការពារ​ខ្លួន​ពី​កូ​វីដ ក្នុងពេល​ឈប់សម្រាក​ឆ្លង​ឆ្នាំ​សកល ចុង​សប្តាហ៍​នេះ រួមទាំង​ការពារ​ជីវិត​ពី​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងពេល​ធ្វើដំណើរ​ជិត​ឆ្ងាយ អំឡុងពេល​ឆ្លង​ឆ្នាំនេះ​។ បើ​យើង​ម្នាក់ៗ មិន​ឆ្លង​កូ​វីដ ហើយ​មិនមាន​គ្រោះថ្នាក់​អ្វី នោះ​យើង​នៅមាន​ពេលវេលា​ជួបជុំ​មិត្តភក្តិ ក្រុមគ្រួសារ និង​សប្បាយរីករាយ​ច្រើនណាស់ អាច​ដល់​ឆ្នាំក្រោយ នៅពេល​កូ​វីដ​ស្ងប់ លែង​ឆ្លង​នៅ​កម្ពុជា និង​នៅលើ​ពិភពលោក រួមទាំង​ប្រទេសជិតខាង​យើង នោះ​ចាំ​យើង​ដើរលេង ឬ​ទៅ​សម្រាក​កម្សាន្ត ក៏​មិនទាន់​ហួសពេល​ឡើយ​៕​សរន