​​ដោយ​: ពៅ​និមល / ភ្នំពេញៈ ចាប់ពី​ខែមករា ឆ្នាំ​២០២២ តទៅ កម្មករ កម្ម​ការ​នី ផ្នែក​យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​កាបូប ធ្វើដំណើរ នឹងត្រូវ​ទទួលបាន​ប្រាក់​ឈ្នួល អប្បបរមា​ចំនួន ១៩៤ ដុល្លារ​អាម៉េរិក ក្នុង​១​ខែ ខណៈ​ឆ្នាំ​២០២១ នេះ ទទួលបាន​ប្រាក់​ឈ្នួល ចំនួន ១៩២ ដុល្លារ​។​

​ជួប​សម្ភាសន៍​ជាមួយ ក្រុម​កម្ម​ការ​នី​រោងចក្រ វី​ឡាយ អេ​ប៊​ល​សូ​ស ស្ថិតនៅ​ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅ ពួកគាត់​បានលើកឡើង ស្រដៀង​គ្នា​ថា ពិតជា​សប្បាយរីករាយ និង​បន់​ឲ្យ​ឆ្នាំ​ថ្មី ឈាន​មកដល់ ដើម្បី​ឆាប់​ទទួលបាន ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី ១៩៤ ដុល្លារ​នេះ បើទោះបី​ជាការ​តម្លើង មិន​ច្រើន​ដូច​មុន​វិបត្តិ​កូ​វីដ​១៩ យ៉ាងណាក្តី តែ​នេះ​ជា​ដំណឹង ដ៏​ល្អ​មួយ ព្រោះថា ក្នុងអំឡុង​ជួប​វិបត្តិ​ដ៏ ធ្ងន់ធ្ងរ​យ៉ាងណាក្តី ក៏​ពួកគាត់ នៅតែ​ទទួល បានការ​យកចិត្តទុកដាក់ កក់ក្តៅ​បំផុត ពី​សំណាក់​រដ្ឋាភិបាល និង​និយោជក​។​

​កម្ម​ការ​នី ហួច ស្រី​ទូច និង​កម្ម​ការ​នី បឿន យី ដែលមាន​ស្រុកកំណើត​ខុសគ្នា ប៉ុន្តែ​បំពេញការងារ ក្នុង​កន្លែង​តែមួយ​ជាមួយគ្នា បាន​និយាយថាៈ ការ​តម្លើង​ប្រាក់ ឈ្នួល ទោះបីជា​មិន​ច្រើន និង​សមបំណង របស់​ពួកគាត់ យ៉ាងណាក្តី ក៏​ពេញ​ចិត្តនឹង​ទទួល ហើយ​ត្រេក​អ៊​រ​ជាខ្លាំង ដោយសារ​ដូច​ដឹង​ស្រាប់​ហើយ​ថា ក្នុងស្ថានភាព​វិបត្តិ​កូ​វីដ​១៩​នេះ រដ្ឋាភិបាល នៅតែ​ព្យាយាម​យកចិត្តទុកដាក់ មកដល់​កម្មករ​រោងចក្រ ដែល​ធ្វើ​ឲ្យ​ពួកគាត់ មាន​អារម្មណ៍​សប្បាយរីករាយ ហើយ​ក៏បាន​អរគុណ ដល់​ថ្នាក់ដឹកនាំ នៃ​ជួ​រដ្ឋាភិបាល​កម្ពុជា​ទាំងអស់ ក៏ដូចជា ភាគី​និយោជក ដែល​តែងតែ​គិតគូរ ក្នុងការ​តម្លើង​ប្រាក់​ឈ្នួល​នេះ​។ ​ពួកគាត់ រំពឹង​ទៀតថាៈ ប្រាក់​ឈ្នួល​អប្បបរមា ក្នុង​ឆ្នាំ​២០២៣ នឹង​អាច​នឹង​តម្លើង ត​ទៅមុខទៀត ដោយសារ​ភាពជឿជាក់ លើ​ការដឹកនាំ​ដ៏​ល្អ និង​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី បច្ចុប្បន្ន​។​

​ស្របគ្នា​នេះ លោក ឡុង សុផាត ប្រធាន​សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ​នេះ បាន​ក្រើន​រម្លឹកថាៈ ទន្ទឹមនឹង​ការរំពឹង​ចង់បាន​ប្រាក់​ឈ្នួល ដែល​ច្រើន និង​ល្អ​ក៏​យើង​ចង់​ឲ្យ​បងប្អូន​កម្មករ និយោជិត ងាក​មក​ពិនិត្យ អំពី​ការខិតខំ​ប្រឹងប្រែង ផ្ទាល់ខ្លួន​ម្នាក់ៗ ដើម្បី​បង្កើន​នូវ​ចំណេះ ជំនាញ បង្កើន​នូវ​បច្ចេកទេស បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ឲ្យ​បាន​ច្រើនឡើង​បន្ថែមទៀត ចំពោះ​អនុវត្ត តួនាទី​ភារកិច្ច​របស់ខ្លួន ក្នុងនាម​ជា​កម្មករ និយោជិត ឲ្យ​បានល្អ​ប្រសើរ ជាពិសេស ប្រឹងប្រែង​បង្កើន​ការងារ​បច្ចេកទេស ចំណេះ​ជំនាញ​ខ្លួនឯង ឲ្យ​បាន​កាន់តែច្រើន ពីរ ទៅ បី មុខ ទៅតាម​លទ្ធភាព យើង​អាច​រៀន​បាន ដូច្នេះ​ការដែល​យើង ទទួលបាន​នូវ ផលប្រយោជន៍ បន្ទាប់ពី​យើង​ចេះ​គំនិត ជំនាញ​ថ្មីៗ និង​ច្រើនឡើង សម្រាប់​ខ្លួនឯង ផលប្រយោជន៍ ដែល​យើង​ទទួលបាន គឺ​នឹង​អាច​បាន​ច្រើន​លើសលុប ពី​ការ​តម្លើង​ប្រាក់​ឈ្នួល ច្រើនដង​មែន​។

​លោក​ពន្យល់​ទៀតថាៈ បើក​ម្មករ និយោជិត ងាក​មក​ពិនិត្យ អំពី​ការបង្កើន​នូវ​គុណភាព សមត្ថភាព បច្ចេកទេស​របស់ខ្លួន​ឯង ដើម្បី​ឲ្យ​ការងារ​របស់​ខ្លួនឯង​កាន់​តែមាន សក្តានុពល កាន់តែ​ក្លាយទៅជា​មុខសញ្ញា តម្រូវការ​របស់​និយោជក មិន​ថា ក្នុង​កន្លែងធ្វើការ បច្ចុប្បន្ន​ទេ ក៏​អាច​ក្លាយជា​មុខសញ្ញា នៅក្នុង​ការរៀបចំ​បាន ពី​សំណាក់​និយោជក កន្លែង​ផ្សេងៗ​… កាលណា មានការ​ប្រកួតប្រជែង​ចង់បាន​គាត់ ដើម្បី​ឲ្យ​ធ្វើការ នៅ​កន្លែង​គេ​ផ្សេងៗ កាន់តែច្រើន​នោះ តម្លៃ​ប្រាក់​ឈ្នួល នៅក្នុង​ការ ដែល​គាត់​ទទួលបាន នឹងមាន​ការកើនឡើង ឬ​អាច​និយាយបានថា កន្លែង​ណា ដែល​ហ៊ាន​ឲ្យ​ប្រាក់ខែ​ច្រើន នោះ​យើង​ក៏​ល្អ ទៅតាម​នឹង​ដូចគ្នា​។​

​លោក​បានលើកឡើង​បន្តថាៈ នៅ​ឆ្នាំ​ខាងមុខ មើលឃើញថា សញ្ញា​ក្នុង​ការបញ្ជាទិញ គឺមាន​និន្នាការ​កើនឡើង គួរ​ឲ្យ​កត់សម្គាល់ កំណើន​ការងារ ក៏ដូចជា ការបង្កើត​នូវ រោងចក្រ សហគ្រាស​ថ្មីៗ​ជាដើម តាមរយៈ​ការចុះបញ្ជី នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដូច្នេះ​សង្ឃឹមថា វិស័យ​ការងារ អាច​នឹងមាន​សន្ទុះ​រីកចម្រើន​ឡើងវិញ ជា​បណ្តើរៗ ហើយ​យើង​ក៏មាន​ក្តី​រំពឹង ប្រកបដោយ​សុទិដ្ឋិនិយម​ថា សម្រាប់​ក្របខណ្ឌ នៃ​ការ​តម្លើង ប្រាក់​ឈ្នួល អប្បបរមា​ថ្មី សម្រាប់​ឆ្នាំ​២០២៣ ខាងមុខ​ទៀត នឹង​អាចមាន​ដំណឹង​ល្អ ក្នុងការ​តម្លើង ដូច​រៀងរាល់ឆ្នាំ​ដែរ​។​

​សូមបញ្ជាក់ថា ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ និយោជិត ក្នុង​វិស័យ​វាយនភ័ណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង គិត​ត្រឹម​ឆ្នាំ​២០២១ នេះ មាន​ចំនួន ១៩២ ដុល្លារ​អាម៉េរិក ដែល​បាន​កើនឡើង ជា​បន្តបន្ទាប់ ក្នុង​ឆ្នាំ​១៩៩៧ ដែលមាន​ចំនួន​សរុប​ត្រឹមតែ ៤៥ ដុល្លារ​ប៉ុណ្ណោះ នៅក្នុង​មួយខែៗ​៕/V​