ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោកស្រីបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ (អ.ស.ប.)ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បានអបអរសាទរកម្ពុជាដែលបានទទួលតួនាទីជាប្រធាន អាស៊ានឆ្នាំ២០២២និងជាប្រេសិតពិសេសលើកិច្ចការមីយ៉ាន់ម៉ា។លោកស្រីបណ្ឌិតបានសម្តែងនូវបំណងសហការជិតស្និទ្ធជាមួយកម្ពុជាក្នុងការគាំទ្រឱ្យមានដំណោះស្រាយតាមសន្តិវិធីចំពោះវិបត្តិនាពេលបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ការបង្ហាញនូវបំណងសហការជិតស្និទ្ធជាមួយកម្ពុជានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមប្រព័ន្ធវីដេអូ កាលពីនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១បានបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជាបានសម្តែងការអបអរសាទរនិងបញ្ជាក់ពីការត្រៀមខ្លួន សហការជាមួយលោកស្រីបណ្ឌិត Noeleen Heyzer ក្នុងការអនុវត្តតួនាទីរបស់លោកស្រី។លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រកាន់យកវិធីសាស្ត្រស្របតាមការណ៍ជាក់ស្តែង និងជាជំហានៗ សំដៅសម្រេចបាននូវវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការត្រៀមរាយការណ៍ជូនក្រុមប្រឹក្សាសន្តិសុខអ.ស.ប.អំពីវឌ្ឍនភាពការងារ ក្នុងនាមជាប្រេសិតពិសេស ដូចបានធ្វើកន្លងមកហើយដោយលោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ានមុន ។
លោក ប្រាក់ សុខុន និងលោកស្រីបណ្ឌិត Noeleen Heyzer បានឯកភាពគ្នាថា ដំណើរការនយោបាយណាមួយក៏ដោយដើម្បីឆ្ពោះទៅបញ្ចប់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវតែដឹកនាំ ដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ាខ្លួនឯង ទើបអាចសម្រេចបានជោគជ័យ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់បន្ទាន់នៃកិច្ចសហប្រតិបតិ្តការ ដើម្បីធានាការបញ្ជូនឲ្យបានឆាប់រហ័ស និងដោយសុវត្ថិភាពនូវជំនួយមនុស្សធម៌សម្រាប់ប្រជាជនដែលកំពុងខ្វះខាតបំផុត រួមទាំងការចាក់វ៉ាក់សាំងដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩៕សរន