​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​មាន​សារសំខាន់​ក្នុង​កិច្ច​អភិវឌ្ឍ​សង្គមជាតិ​

1130
ចែករម្លែក

ដោយៈ​បូកគោ​/​កំ​ពតៈ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​មាន​សារសំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម ព្រមទាំង​សេដ្ឋកិច្ច​នៅ​កម្ពុជា​បច្ចុប្បន្ន​។​កត្តា​ទាំងពីរ​នេះ​ជា​កិច្ចការ​អាទិភាព​ដើម្បី​ឈានទៅ​បង្កើត​ធនធានមនុស្ស​សម្រាប់​រា​ជ​រដ្ឋាភិបាល​។​

ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការមេ​ជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ឆ្នាំ​២០១៤-២០២០ នៃ​ការអនុវត្ត​លិខិតបទដ្ឋាន​គតិយុត្ត ក៏ដូចជា​ទិសដៅ​ការងារ​ជំរុញ និង​សម្របសម្រួល​ការអភិវឌ្ឍ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​បាន​មានប្រសាសន៍ថា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​មាន​សារសំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម ព្រមទាំង​សេដ្ឋកិច្ច​នៅ​កម្ពុជា​បច្ចុប្បន្ន​។

កត្តា​ទាំងពីរ​នេះ​ជា​កិច្ចការ​អាទិភាព​ដើម្បី​ឈានទៅ​បង្កើត​ធនធានមនុស្ស​សម្រាប់​រា​ជ​រដ្ឋាភិបាល​។ ការបណ្តុះបណ្តាល​ផ្នែក​ទាំងនេះ​បាន​ឆ្លុះ​ប​ញ្ជាំ​ង​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​នូវ​តួនាទី​ឈានមុខ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចដឹកនាំ​ការអភិវឌ្ឍ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ និង​ផែនការមេ​ជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ។

លោក​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ថា​ជា​ទស្សនៈ​រួម វិទ្យា​សស្ត្រ និង​បច្ចេកវិទ្យា​ជា​កម្លាំងចលករ​ប្រកបដោយ​ថាមពល​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ លើកកម្ពស់​វិស័យ​ជា​អាទិភាព​នានា​សំដៅ​បង្កើន​ប្រាក់ចំណូល សុខុមាលភាព​ពលរដ្ឋ កាត់បន្ថយ​ភាពក្រីក្រ និង​កិច្ចការពារបរិស្ថាន​។

​ក្នុងដំណាក់កាល​ដំបូង​នៃ​ការអភិវឌ្ឍ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា កម្ពុជា​បានចាប់ផ្តើម​ពី​ការកសាង​ផែនការមេ​ជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ឆ្នាំ​២០១៤-២០២០​។ ការស្រាវជ្រាវ និង​អភិវឌ្ឍ​ក៏​ត្រូវបាន​ចាត់ទុកជា​គ្រឹះ​នៃ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ជា​ឆ្អឹងខ្នង​នៃ​ការប្រកួតប្រជែង​សេដ្ឋកិច្ច​ប្រកបដោយ​មោទនភាព​ជាតិ​នៅ​ទូទាំង​ពិភពលោក​ផងដែរ​។

លោក​ឆាយ ថន​បាន​បញ្ជាក់ទៀតថា​ក្នុង​បំណង​ធានាបាន​នូវ​សមត្ថភាព​នៃ​ការស្រាវជ្រាវ និង​អភិវឌ្ឍ​ចាំបាច់​ត្រូវ​យល់ដឹង​អំពី​ស្ថានភាព​ចំពោះ​កិច្ចការ​ទាំងនេះ​នាពេល​បច្ចុប្បន្ន​ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​តម្រង់ទិស ក៏ដូចជា​ការរៀបចំ​ផែនការ​វិនិយោគ​ផ្នែក​ការស្រាវជ្រាវ និង​អភិវឌ្ឍ ព្រមទាំង​ផែនការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៅ​ថ្ងៃ​អនាគត​៕S/

​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​មាន​សារសំខាន់​ក្នុង​កិច្ច​អភិវឌ្ឍ​សង្គមជាតិ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ