ដោយ: ពៅនិមល / ភ្នំពេញៈ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ សំខាន់ៗ ចំនួនបី ដូចជា ស្តីពីសហគ្រាសពាណិជ្ជកម្ម, ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងស្តីពីការអនុម័ត យល់ព្រម លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងកម្ពុជា និងកូរ៉េ របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានរដ្ឋសភា អនុម័តយល់ព្រមទាំងស្រុង។ នេះបើតាមការបញ្ជាក់ របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្ម កាលពីល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ បានលើកឡើង ថាៈ នៅក្នុងឱកាសដឹកនាំគណៈប្រតិភូ ក្រសួងពាណិជ្ជកម្ម ឡើងការពារសេចក្តី ព្រាងច្បាប់ ខាងលើនេះ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ដែលដឹកនាំ ដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបញ្ជាក់ថាៈ សេចក្តីព្រាងច្បាប់ទាំងនេះ ត្រូវបានឆ្លង កាត់ជាច្រើនដំណាក់កាល ក្នុងសម័យប្រជុំពេញអង្គ ដោយធ្វើការត្រួតពិនិត្យ និងពិភាក្សា យ៉ាងល្អិតល្អន់ បន្ទាប់មក សម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក៏បានអនុម័តយល់ព្រម ទាំងស្រុង លើសេចក្តីព្រាងច្បាប់ ទាំងបីនេះ ដោយសម្លេង គាំទ្រ ជាឯកច្ឆ័ន្ទ ១០២ / ១០២ សម្លេង។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ សម្តេចប្រធាន និងអង្គប្រជុំទាំងមូល ដែលបានអនុម័តយល់ព្រម សេចក្តីព្រាងច្បាប់នេះ ហើយសង្ឃឹមយ៉ាងមុតមាំថា សេចក្តីព្រាងច្បាប់ ទាំងបីនេះ នឹងធ្វើឱ្យប្រសើរឡើង នូវតម្លាភាព និងសង្គតិភាព ក្នុងក្របខណ្ឌគតិយុត្តរបស់កម្ពុជា ព្រមទាំងលើកស្ទួយ បរិយាកាសធុរកិច្ច នៅកម្ពុជា សំដៅចូលរួមស្តារសង្គម – សេដ្ឋកិច្ចកម្ពុជា ពីវិបត្តិនៃជំងឺកូវីដ-១៩ និងផ្តល់នូវប្រយោជន៍ ជាសារវ័ន្ត ដល់សង្គមជាតិ ទាំងមូល។
ជាមួយគ្នានេះ លោកបានបេ្តជ្ញាថាៈ នឹងសហការជាមួយក្រសួង – ស្ថាប័នពាក់ព័ន្ធជាតិ -អន្តរជាតិ ឱ្យបានជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តច្បាប់នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម នឹងជួយសម្រួល ដល់ការធ្វើធុរកិច្ច នៅកម្ពុជា តាមរយៈការធ្វើឱ្យប្រព័ន្ធស្វ័យប្រវត្តិកម្ម ដំណើរការទៅបានរលូន មានតម្លាភាព និងមានស្តង់ដារខ្ពស់ ស្របតាមការធ្វើធុរកិច្ច ជាសាកល។
ដោយឡែក សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េវិញ នឹងក្លាយជាកម្លាំង ចលករដ៏សំខាន់ ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគ រវាងភាគីទាំងពីរ ដែលនឹងផ្តល់ប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក ផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាព ប្រជាជន និងការផ្សារភ្ជាប់ធុរកិច្ច នៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង បន្ថែមទៀត។
កម្ពុជា ក៏នឹងទទួលបាន អត្ថប្រយោជន៍បន្ថែម ពីកិច្ចព្រមព្រៀងនេះ មានជាអាទិ៍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗ ពីការវិនិយោគផ្ទាល់ របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗ ជូនប្រជាជនកម្ពុជា ផងដែរ៕/V