ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ដូចរៀងរាល់ឆ្នាំដែរ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ នេះ នគរបាលវរៈការពារព្រំដែនគោក នៃផែនការងារព្រំដែន, នគរបាលចរាចរណ៍ផ្លូវគោក នៃផែនសណ្តាប់ធ្នាប់ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ អធិការដ្ឋានក្រុង កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល ព្រមទាំងអ្នកពាក់ព័ន្ធ បានស្រុះស្រួល មូលមតិគ្នា ធ្វើពិធី បណ្តេញ ឧបទ្រពចង្រៃ គ្រោះកាច គ្រោះមហន្តរាយ ហើយបួងសួងសុំនាំមកនូវ សេចក្តីសុខ សេចក្តីចម្រើន ជោគជ័យ មានលាភ មានយស សិរីសួស្តី ពិសេស សូមមានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅឆ្នាំ ២០២២ នេះតទៅ ។
ពិធីនោះ បានធ្វើនៅផ្លូវជាតិលេខ៥ ត្រង់ខ្ទមអាសនៈលោកយាយម៉ៅ ដើមពោធិ៍ ភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញដឹកនាំ ពីលោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងទទួល ផែនការងារព្រំដែន នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុង និងចូលរួមដោយលោក វរសេនីយ៍ សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត លោកស្រិល អិន ចៅសង្កាត់ផ្សារកណ្តាល និងមន្ត្រីរាជការ កងកម្លាំង ពលរដ្ឋ ។
យោងលោកអាចារ្យខេត្ត ប្រាក់ សុភ័ត និងលោកឩត្តមសេនីយ៍ត្រីអ៊ុ សុផល បានអោយដឹងថា: ក្នុងពិធីនោះមានកិច្ចបួងសួងសុំម្ចាស់ទឺកម្ចាស់ដី សុំបារមីលោកយាយម៉ៅ ដើមពោធិ៍ ។ពិធីនមសការ សមាទានសីល ។
ពិធីនិមន្តព្រះគ្រូ ប៉ុក ចំរើន ព្រះអនុគណក្រុងប៉ោយប៉ែត និងជាចៅអធិការវត្តស្ទឹងបត់ និងព្រះសង្ឃ ៤៩ អង្គ រាប់បាត្រ ប្រគេនទេយ្យវត្ថុ បច្ច័យ។ កិច្ចចូលរូប ឡើងមេមត់ និងការថ្វាយផ្កាភ្ញី គ្រឿងសក្ការ: ការថ្វាយភ្លេង និងការច្រៀងរាំ អុជធូបទៀន ការព្រមលែងសត្វជាដើម ។
យោងលោកវរសេនីយ៍ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានប្រាប់រស្មីកម្ពុជាដឹង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ថាៈ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ១១ខែ ឆ្នាំ២០២១ នៅទូទាំង ខេត្តបន្ទាយមានជ័យ មាន ៨៦ ករណី ប្រភេទធ្ងន់ ៨៤ ករណី ។ ក្នុងនោះ នៅស្រុកមង្គលបូរី ច្រើនជាងគេ បន្ទាប់មក នៅក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ព្រះនេត្រព្រះ ។ ឯមូលហេតុនៃគ្រោះថ្នាក់ បង្កមកពីមនុស្ស ៨៣ ករណី កត្តាយាន យន្ត ២ ករណី និងភ្លៀង ១ ករណី ។
លោក សួន នីប៉ូ បានបន្តថាៈ ការខូចខាត គឺផ្នែកមនុស្ស ស្លាប់ ៦៨ នាក់/ស្រី១៣នាក់ របួសធ្ងន់ ៥៦ នាក់ ស្រី១៨នាក់ របួសស្រាល ៣២ នាក់ ស្រី១២នាក់។ ឯផ្នែក សម្ភារៈ ម៉ូតូខូចធ្ងន់ ៤០ គ្រឿង ស្រាល២៩គ្រឿង រថយន្តតូច ខូចធ្ងន់ ១៧ គ្រឿង ស្រាល ២៣ គ្រឿង រថយន្តធំ ខូចធ្ងន់ ៦ គ្រឿង ស្រាល ១៨គ្រឿង យានផ្សេងៗ ១៤ គ្រឿង ។ បើប្រៀបធៀបនឹងឆ្នាំ២០២០ កន្លងមក ឃើញថា ឆ្នាំ២០២១ កើតឡើង ៨៦ លើ ៨១ កើនឡើង ៥ ករណី ឬ ៦% ៕/V