​ដោយៈ យោធិន / ភ្នំពេញៈ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១ បាន​អញ្ជើញ​កាត់​ខ្សែបូរ ជា​និមិត្តរូប បើក​ឲ្យ​ប្រជាជន ចូល​ទស្សនា សួន​សមិទ្ធផល វិស័យ​រក្សា​សន្តិភាព និង​សកម្មភាព​មីន ស្ថិតក្នុង​បរិវេណ​វិមាន ឈ្នះ ឈ្នះ ចា​ប៉​ពី​ពេលនេះ​តទៅ ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព បាន​មានប្រសាសន៍ថាៈ ការសាងសង់ សួន​សមិទ្ធផល វិស័យ​រក្សា​សន្តិភាព និង​សកម្មភាព​មីន​នេះ​ឡើង គឺ​សំដៅ​ដាក់ចេញ នូវ ប្រ​តិ្ត​សាស្ត្រ​យោធា​មួក​ខៀវ​កម្ពុជា និង​ខ្លឹមសារ​ដំណើរការ​អនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​អគ្គ​មគ្គុទ្ទេសក៍ នាំមក​នូវ​សន្តិភាព ពេញលេញ​នៅ​កម្ពុជា និង​តាមរយៈ សួន​សមិទ្ធផល វិស័យ​រក្សា​សន្តិភាព​នេះដែរ ក៏​នឹង​បាន​ឆ្លុះបញ្ចាំង ផ្តល់នូវ អត្ថប្រយោជន៍ ធំធេង ជាមួយ​ព្រឹត្តិការណ៍ និង​រឿងរ៉ាវ​ទាំងឡាយ ដែល​បាន​កើតឡើង កន្លងទៅ នា​សម័យកាល​សង្គ្រាមត្រជាក់ រយៈពេល​ជាង ពីរ​ទសវត្សរ៍ នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថាៈ សួន​សមិទ្ធផល វិស័យ​រក្សា​សន្តិភាព និង​សកម្មភាព​មីន បានចាប់ផ្តើម​សាងសង់ នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០ និង​សម្រេច​សាងសង់ រួចរាល់ នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០២០​។ សំណង់​នេះ មាន​រចនា​រួប​ចម្លាក់ និង​អត្ថន័យ ខ្លឹមសារ ពាក់ព័ន្ធ​ទៅនឹង​វិស័យ​រក្សា​សន្តិភាព និង​សកម្មភាព​មីន នៅ​កម្ពុជា រួមមាន​ដូចជា សកម្មភាព​នាយទាហាន សេនាធិការ និង​សង្កេតការណ៍​យោធា​, សកម្មភាព​បោសសម្អាត​មីន​, សកម្មភាព​វិស្វកម្ម​, សកម្មភាព​អាវុធហត្ថ និង​សកម្មភាព​ពេទ្យ ក្នុង​តំបន់​បេសកកម្ម អង្គការសហប្រជាជាតិ​។​

​សូមបញ្ជាក់​ផងដែរ​ថា ការ​កាត់​ខ្សែបូរ​ជា​និមិត្តរូប បើក​ឲ្យ​ប្រជាជន​ចូល​ទស្សនា សួន​វិស័យ​សមិទ្ធផល រក្សា​សន្តិភាព និង​សកម្មភាព​មីន ធ្វើឡើង​ស្របទៅនឹង​ពេល ដែល​កម្ពុជា​ប្រារព្ធ​ពិធី អបអរសាទរ​ទិវា​ខួប លើក​ទី​២៣ នៃ​នយោបាយ​ឈ្នះ ឈ្នះ ដោយមាន​ការតាំងពិព័រណ៍​កងទ័ព ដំណើរ​ការប្រព្រឹត្តិទៅ រយៈពេល​បី​យប់ បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ដល់ ៣១ ខែធ្នូ ឆ្នាំ​២០២១ ដោយ​បើកទូលាយ ឲ្យ​ប្រជាពលរដ្ឋ ចូល​ទស្សនា​ដោយ​សេរី នៅ​វិមាន​ឈ្នះ ឈ្នះ ៕/V​