ប្រែសម្រួលៈវាសនា៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង១០០នាក់ដែលបានរសាត់អណ្តែតនៅលើទូកលិចធ្លាយមួយនៅឯនាយឆ្នេរឥណ្ឌូនេស៊ី ត្រូវបានអនុញ្ញាតចូលច្រាំងកាលពីដើមថ្ងៃសុក្រទី៣១ធ្នូ បន្ទាប់ពីអាជ្ញាធរចុះញ៉មសម្ពាធអន្តរជាតិសុំអោយក្រុមមនុស្សរួមមានកុមារនិងស្ត្រីភាគច្រើននេះស្វះស្វែងរកការជ្រកកោន។
ក្នុងវីដេអូមួយដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឃើញ ជនភៀសខ្លួនបានចាកចេញពីទូកពេលមានភ្លៀងធ្លាក់ខ្លាំងនិងបានឡើងជិះរថយន្តក្រុងមួយ នៅពេលអាជ្ញាធរបាញ់ថ្នាំសម្លាប់មេរោគលើពួកគេ។
អុកទីណា ហាហ្វានទី មន្ត្រីនៅស្នងការជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR)បានប្រាប់អ្នកយកព័ត៌មានថា ជនភៀសខ្លួន១០៥នាក់នឹងត្រូវដាក់អោយធ្វើចត្តាឡីស័ក១០ទៅ១៤ថ្ងៃនិងពិនិត្យសុខភាព។
ក្រុមជនរ៉ូហ៊ីងយ៉ា នេះត្រូវបានអ្នកនេសាទប្រទះឃើញនៅលើទូកឈើរបស់គេនៅឯនាយឆ្នេរខេត្តអាសេកាលពីថ្ងៃអាទិត្យ។អាជ្ញាធរពីដំបូងបានយល់ព្រមផ្តល់ជំនួយមនុស្សធម៌មុនមានផែនការរុញទូកនេះចូលក្នុងសមុទ្រវិញតែបានដូរការសំរេចចិត្តនេះក្រោយមានការព្រមានអំពីស្ថានភាពរបស់ទូកនិងការអំពាវនាវមកពីUNHCRរួមទាំងក្រុមសិទ្ធិមនុស្សជាច្រើនអោយអនុញ្ញាតទូកនេះចូលចត។
អ្នកនេសាទម្នាក់ដែលបានចូលទៅកាន់ទូកពេលវានៅក្នុងសមុទ្រ បាននិយាយថា ទូកនេះខូចម៉ាស៊ីននិងលិចទឹកចូល ហើយប្រឈមនឹងការលិច។លោកក៏បាននិយាយថា ជនភៀសខ្លួនខ្លះបានបង្ហាញថាពួកគេត្រូវការស្បៀង។
នាវាដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ត្រូវបានកងទ័ពជើងទឹកឥណ្ឌូនេស៊ីអូសចូលច្រាំងកាលពីព្រឹកថ្ងៃសុក្រ
ឥណ្ឌូនេស៊ី ជាហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៥១ស្តីពីជនភៀសខ្លួននិងជាប្រទេសឆ្លងកាត់មួយសំរាប់ជនស្វះស្វែងរកការជ្រកកោននៅប្រទេសទី៣។
រាប់ឆ្នាំមកហើយជនអ៊ីស្លាមរ៉ូហ៊ីងយ៉ាមកពីមីយ៉ាន់ម៉ា បានផ្សងព្រេងតាមទូកទៅកាន់ប្រទេសនានាដូចជាម៉ាឡេស៊ី ថៃ និងឥណ្ឌូនេស៊ីនៅចន្លោះខែវិច្ឆិកានិងមេសា ពេលសមុទ្រស្ងប់រលក។ពួកគេរាប់រយនាក់បានទៅដល់ខេត្តអាសេនៅប៉ុន្មានឆ្នាំមកនេះ តែជាច្រើនទៀតត្រូវបានរុញចូលសមុទ្រវិញ ហើយច្រើនតែចំណាយពេលរាប់ខែនៅសមុទ្រ៕