​ដោយៈ រ៉ា​ម៉ន / ព្រះ​វិហារៈ ក្រុមការងារ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តព្រះវិហារ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ នេះ បាននិងកំពុង​ជួសជុល​ពង្រីក ផ្លូវជាតិ​លេខ ៦៤ ប្រវែង ២.២០០ ម៉ែត្រ និង​ស្រោច​កៅស៊ូ​ឡើងវិញ ជាមួយនឹង​ការជួសជុល ផ្លូវជាតិ​លេខ​៩៥ ដោយ​ក្រាល​កៅស៊ូ DBST​ផងដែរ​។​

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តព្រះវិហារ បានអោយដឹងថាៈ អនុវត្តតាម​ការណែនាំ​របស់ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក ប្រាក់ សុវណ្ណ​អភិបាលខេត្ត ព្រះវិហារ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ នេះ ក្រុមការងារ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តព្រះវិហារ បាននិងកំពុង​ជួសជុល​ពង្រីក​ផ្លូវជាតិ​លេខ ៦៤ ប្រវែង ២.២០០ ម៉ែត្រ ទទឹង ៤,៥ ម៉ែត្រ សងខាង ចាប់ពី​គីឡូម៉ែត្រ 99+250 ដល់ គីឡូម៉ែត្រ 101+450 ស្ថិតក្នុង​ទីរួមស្រុក​គូលែន ខេត្តព្រះវិហារ​។ ស្រោច​កៅស៊ូ​ឡើងវិញ (Re-Seal) លើ​កំណាត់​ផ្លូវជាតិ​លេខ ៦៤ ប្រវែង ៤.៥០០ ម៉ែត្រ ចាប់ពី គីឡូម៉ែត្រ 107+650 ដល់​គីឡូម៉ែត្រ 112+150 ស្ថិតនៅ​ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ និង​ជួសជុល​ផ្លូវជាតិ​លេខ​៩៥ ក្រាល​កៅស៊ូ DBST ប្រវែង ៣.៥០០ ម៉ែត្រ ចាប់ពី​គីឡូម៉ែត្រ 30+200 ដល់ គីឡូម៉ែត្រ 33+500 ស្ថិតក្នុង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។​

​លោក សំ លាង​ទ្រី បាន​សូមអោយ​ពុក​ម៉ែ បងប្អូន បន្តដំណើរ​តាមផ្លូវ ប្រកបដោយ សុខ​សុវត្ថិភាព ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ផ្លូវគោក​ទាំងអស់គ្នា កុំ​បើកបរ​លើស ល្បឿន​កំណត់ កុំ​ដឹក​លើស​ទម្ងន់​កំរិត​កំណត់ កុំ​ដឹក​សំពីងសំពោង បើកបរ​កុំ​សេព គ្រឿង​ស្រវឹង ពាក់មួក​សុវត្ថិភាព ពេល​បើក​ម៉ូតូ និង​ដាក់​កញ្ចក់​មើល​ក្រោយ​៕/V​