ដោយៈ បូកគោ / កំ​ពតៈ ទោះបី​រដ្ឋបាល​ខេត្តកំពត មិនបាន​ប្រកាស ដូច​ប៉ុន្មាន​ឆ្នាំ កន្លងទៅ ក្នុងការ​អនុញ្ញាតឱ្យ​ជួបជុំ សម្រាប់​យប់​ឆ្លង​ឆ្នាំ​សកល​ក្តី តែ​តាំងពីព្រឹក​ព្រលឹម ថ្ងៃទី​៣១ ខែធ្នូ ប្រជាពលរដ្ឋ នៅ​ក្រុង​កំពត បាន​ពពាក់​ពួន នាំគ្នា​យក​កន្ទេល តង់ សម្បកបាវ ទៅ​ក្រាល ប្រកាន់ទុក​កន្លែង ដើម្បី​ស្វាគមន៍​វិនាទី​ដំបូង នៃ​ឆ្នាំ​២០២២ លើ​សួនច្បារ ឆ្នេរ​ព្រែក​កំពង់បាយ​។​

​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថាៈ ឆ្នាំនេះ មិនមាន​សេចក្តីប្រកាស ពី​រដ្ឋបាលខេត្ត នូវ​ការបើក​ឱ្យ​ប្រមូលផ្តុំ ដើម្បី​អបអរ សាទរ ពិធី​ឆ្លង​ឆ្នាំ​សកល ដូច​ប៉ុន្មាន​ឆ្នាំ កន្លងទៅ​នោះទេ​។ ជា​រូបភាព ជាក់ស្តែង ចាប់ពី​ព្រឹក​ព្រលឹម ថ្ងៃទី​៣១ ខែធ្នូ​នេះ បង​ប្អូ​ប្រជាពលរដ្ឋ ក្នុង​ក្រុង​កំពត បាននាំគ្នា​យក កន្ទេល ឬ​តង់ ក្រាល​លើ​សួនច្បារ​ឆ្នេរ​ព្រែក​កំពង់បាយ ផ្នែក​ខាងកើត សម្រាប់​ការជួបជុំ និង​ធ្វើ​ពិធី​រាប់​ថយក្រោយ នា​កណ្តាលអធ្រាត្រ ឈានចូល​ឆ្នាំ​២០២២ យ៉ាង​ពពាក់ ពពូន​បំផុត​។​

​លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ថាៈ នៅតាម​កន្លែង​ផ្តល់​សេវា​ទេសចរណ៍ មានការ​រៀបចំ​លម្អ ដោយ​ភ្លើងពណ៌ ត្រៀម​ទទួលភ្ញៀវ និង​ប​ង្កើ​នូវ​ការចូលរួម​អនុវត្ត វិធាន​សុវត្ថិភាព​ទេសចរណ៍ បាន​យ៉ាង​ល្អប្រសើរ​។ ចំណែក​សេវា​ទូក​ដឹក​ភ្ញៀវ​កម្សាន្ត ក្នុង​ដងព្រែក មាន​ចំនួន​ភ្ញៀវ​ច្រើន​កុះករ តាំងពី​យប់មិញ​ម្ល៉េះ​។

​ជាមួយ​ក្តី​រំពឹងថា នៅ​យប់​ឆ្លង​ឆ្នាំ​សកល​នេះ នឹងមាន​ភ្ញៀវ​ម​កម្សាន្ត នៅ​ក្រុង​កំពត ក៏ដូចជា តាម​បណ្តា​រមណីយដ្ឋាន​នានា ចំនួន​ច្រើន​លើសលប់​នោះ ក្នុងនាម​មន្ទីរ ទេសចរណ៍ លោក​សំណូមពរ ចំពោះ​អ្នកផ្តល់​សេវា​ទេសចរណ៍ និង​បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ ទាំងអស់ សូម​រួមគ្នា​រក្សា​អនាម័យ​បរិស្ថាន ព្រមទាំង​ការពារ​ខ្លួន ពី​ជំងឺ​កូ​វីដ​-១៩ ពិសេស​បើកបរ ត្រូវមាន​ការប្រុងប្រយ័ត្ន ជាប់​ជានិច្ច​៕/V​