ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ មួយសប្តាហ៍មុនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា គឺមានករណីបំផ្ទុះគ្រាប់បែកនៅក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមិនបណ្តាលឲ្យមន្ត្រីស្ថានទូតកម្ពុជាណាម្នាក់រងរបួសនោះទេ។
ចំណែកអាជ្ញាធរមីយ៉ាន់ម៉ាបានពង្រឹងសន្តិសុខកាន់តែខ្លាំងឡើង គឺទាំងស្ថានទូត និងផ្ទះមន្ត្រីទូតកម្ពុជាស្នាក់នៅទាំងអស់។
ការបំផ្ទុះគ្រាប់បែកនេះ បានធ្វើឡើងខណៈពេលដែលសម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៧-៨ មករា ឆ្នាំ២០២២ ខាងមុខនេះនេះ តបតាមការអញ្ជើញរបស់លោកប្រធាន ក្រុមប្រឹក្សារដ្ឋនិងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានមាប្រសាសន៍ប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី៣១ ខែធ្នូ នេះថា ករណីផ្ទុះនេះ គឺពិតជាមានមែន កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះ ចន្លោះពីម៉ោង ១០ ទៅម៉ោង ១០:៣០នាទី គឺខាងមន្ត្រីទូតកម្ពុជាបានឮសូរផ្ទុះ គឺផ្ទុះទី១ ដោយពិនិត្យមើលទៅចម្ងាយពីរបងស្ថានទូតប្រហែលជា ១០០ម៉ែត្រ និងសម្លេងផ្ទុះទី២ មានចម្ងាយពីរបងស្ថានទូតប្រហែល ១៥០ម៉ែត្រ។
ហើយតាមការបញ្ជាក់របស់អាជ្ញាធរមីយ៉ាន់ម៉ាគេពិនិត្យមើលទៅ គឺជាគ្រាប់បែកកែច្នៃ គ្រាន់តែវាធ្វើឲ្យឮសូរសម្លេងខ្លាំងៗ និងមិនមានផលប៉ះពាល់ដល់អ្នកណាទាំងអស់ គឺមិនមានអ្នករងរបួសគ្រោះថ្នាក់អ្វីទេ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា “មកដល់ពេលនេះ មន្ត្រីទូតយើងនៅតែបំពេញការងារជាប្រក្រតី ក៏ប៉ុន្តែខាងភាគីអាជ្ញាធរមីយ៉ាន់ម៉ាគេកាន់តែពង្រឹងសន្តិសុខកាន់តែខ្លាំងឡើង ទាំងស្ថានទូត និងផ្ទះមន្ត្រីទូតកម្ពុជាស្នាក់នៅទាំងអស់ គឺអាជ្ញាធរមីយ៉ាន់ម៉ា គេយកចិត្តទុកដាក់ខ្ពស់”។
ទាក់ទងការបំផ្ទុះគ្រាប់បែកនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមិនអាចសន្និដ្ឋានបានទេថា ជាករណីអ្វីពិតប្រាកដនោះ៕