ដោយៈសុផល/ភ្នំពេញ៖មហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA) នឹងក្លាយជាព្រឹត្ដិការណ៍ស្ដង់ដារអន្ដរជាតិក្នុងកម្រិតពិភពលោកសម្រាប់ឆ្នាំ២០២២ ខាងមុខ នៅពេលអបអរការប្រារព្ធបិទការ «គ្រងតំណែង» ជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២១-២២ របស់ក្រុងសៀមរាប។
លោក Aaron Carpene នាយកផ្នែកគ្រប់គ្រងលិល្បៈនៃមហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA) កំពុងតែរៀបចំកម្មវិធីមួយដោយរួមបញ្ចូលការសម្ដែងMozart at Angkorនៅក្នុងគម្រោងល្ខោនអូប៉េរ៉ាអង្គរដែលនឹងបង្ហាញវត្ដមានរួមគ្នារវាងសិល្បករអន្ដរជាតិនិងសិល្បករជាតិនៅលើបរិវេណឧទ្យានបុរាណវត្ថុវិទ្យាអង្គរដ៏វិសេសនិងអស្ចារ្យ។ ព្រឹត្ដិការណ៍ដែលនឹងត្រូវបានចុះផ្សាយតាមបណ្ដាសារព័ត៌មានអន្ដរជាតិនានាដូចជាទស្សនាវដ្ដីតន្ដ្រី BBC Music Magazineនោះ ទទួលបានការសព្វព្រះរាជហឫទ័យគាំទ្រពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទនរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជ ហើយក៏បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជារួចហើយ។
ព្រឹត្ដិការណ៍ក្នុងឱកាសចុងឆ្នាំនេះត្រូវបានលោកAaron Carpene នាយកផ្នែកគ្រប់គ្រងលិល្បៈនៃមហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA) និងក្រុមការងាររបស់លោក បានត្រៀមរួចរាល់ជាស្រេច។
លោក Aaron Carpene បានមានប្រសាសន៍ថា៖ «ថ្វីដ្បិតតែយើងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការរៀបចំព្រឹត្ដិការណ៍មហោស្រពសិល្បៈអន្ដរជាតិអង្គរនាឆ្នាំនេះយ៉ាងណាក៏ដោយ ក៏យើងនៅតែបង្កើតកម្មវិធីសម្ដែងនានាប្រកបដោយជោគជ័យ ដែលបានបង្ហាញបេតិកភណ្ឌវប្បធម៌កម្ពុជាដ៏សម្បូរបែប។ យើងមានភ័ព្វសំណាងដែលទទួលបានការណែនាំពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។ យើងមានទំនុកចិត្តថា ដោយមានជំនួយពីក្រសួង កម្មវិធីនៅឆ្នាំក្រោយនឹងធំជាងនេះ ហើយនឹងទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិខ្លាំង»។
មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងមហោស្រពនេះដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១ក្នុងខេត្តសៀមរាប។ កម្មវិធីពិសេសៗក្នុងព្រឹត្តិការណ៍នេះរួមមានការសម្តែងសិល្បៈ ដោយមានការចូលរួមពីសិល្បករ សិល្បការនីជាច្រើន រួមទាំងតន្ត្រីករ អ្នកគូរគំនូរ អ្នកនិពន្ធ និងអ្នករបាំជាដើម។ ព្រឹត្ដិការណ៍ដ៏លេចធ្លោបំផុតមួយក្នុងចំណោមព្រឹត្តិការណ៍ផ្សេងៗ គឺការបង្ហើរខ្លែងប្រពៃណីកម្ពុជាដែលហៅថាខ្លែងឯកខ្មែរដែលបានចាប់យកចំណាប់អារម្មណ៍របស់អន្ដរជាតិ។
អ្នករៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ ដែលតំណាងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltdបានរៀបចំមហោស្រពសិល្បៈនេះក្រោមការសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប ដើម្បីធ្វើការផ្សព្វផ្សាយវប្បធម៌ខ្មែរទាំងនៅថ្នាក់ជាតិ និងអន្ដរជាតិ។ អ្នកឧបត្ថម្ភព្រឹត្ដិការណ៍មហោស្រពសិល្បៈអន្ដរជាតិអង្គរឆ្នាំ២០២១ នេះ រួមមាន ស្រាបៀរអង្គរ ទឹកបរិសុទ្ធអង្គរពូរ៉ូ ធនាគារកាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វ៊ីស មូលនិធិវប្បធម៌ និងទេសចរណ៍ Chengdu។ ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បានរៀបចំផែនការរួចហើយសម្រាប់ព្រឹត្ដិការណ៍មហោស្រពឆ្នាំក្រោយ ដែលគ្រោងរួមបញ្ចូលទាំង Mozart at Angkor។
ដោយផ្អែកលើល្ខោនអូប៉េរ៉ាដ៏ពេញនិយមជាសកលរបស់ Mozart ក្នុងរឿង «The Magic Flute» វានឹងក្លាយជាការសម្ដែងចម្លងពីសាច់រឿងដើម ដោយមានការចូលរួមពីអ្នកចម្រៀងតន្ដ្រីករនិងអ្នករបាំក្លាស៊ីកអន្ដរជាតិជាច្រើនរូប។កម្មវិធីប្រគំតន្ដ្រីនេះបានទាក់ទាញចំណាប់អារម្មណ៍បណ្ដាញផ្សព្វផ្សាយអន្ដរជាតិជាច្រើននៅអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ ជាសកល ដែលមានន័យថា រាល់ការសម្ដែងនៅទីសាធារណៈត្រូវបានកំហិតដោយសារបញ្ហាសុខភាពនិងសុវត្ថិភាព៕ Ph