ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គ្រឿងញៀនជាង ៤ តោន និងកាំភ្លើងវែងខ្លី ជិត ១០០ ដើម ត្រូវបានដកហូត និងមនុស្សចំនួនជាង ១៣.០០០ នាក់ ត្រូវបានឃាត់ខ្លួន នៅក្នុងប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន នៅក្នុងឆ្នាំ២០២១ គិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន ខុសច្បាប់ បានបង្ហាញថាៈ លទ្ធផលអនុវត្តន៍ច្បាប់បង្ក្រាប ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានចំនួន ៦.២៤២ ករណី ឃាត់ខ្លួន ១៣.៧៦៥ នាក់ ក្នុងនោះមានជនបរទេស ៣៦២ នាក់ , ស្រី ៤៥ នាក់ មាន ១៣ សញ្ជាតិ។
សារធាតុញៀនគ្រប់ប្រភេទ ដកហូតមានទម្ងន់ ៤ តោន ៤៣៥គ.ក្រ ២២៨,៥១ ក្រ. , កញ្ឆា ៥២.២១៤ ដើម, កញ្ឆាសួត ១៤១ គ.ក្រ ៨៣០,៦៣ ក្រ. និងសារធាតុផ្សំគីមី ១តោន ១៦៣ គ.ក្រ ៥៨០ ក្រ.។ សម្ភារៈចាប់យកមាន រថយន្ដ ១២៤ គ្រឿង , ម៉ូតូ ១.៦៤៧ គ្រឿង , ទូរស័ព្ទ ៥.៨៥៣ , ជញ្ជីង ៣៣៦ គ្រឿង , អាវុធខ្លី ៤១ ដើម និងអាវុធវែង ៤២ ដើម (កែច្នៃ ៣២ ដើម)៕/V