ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

រាប​

​គុណសព្ទ​

​ដែល​មិន​រដិបរដុប​, ដែល​ឥត​ប៉ោង​, ឥត​ផត​, ឥត​ខ្ព​ស់ទាប​
​ដី​រាប​, ផ្លូវ​រាប​, ឈើ​មាន​សាច់​រាប ។​
​ដែល​ពង្រាប​បាន​បទ​ស៊ាំ​ថ្នឹក​ហើយ​
​គោ​រាប​, ក្របី​រាប ។​
​រាបទាប ដែល​មានតែ​ទាប​ឥត​ខ្ពស់​, ឥត​រដិបរដុប​; ដែល​សុភាព​ទន់ភ្លន់​
​ឫកពា​រាបទាប​, សម្ដី​រាបទាប ។​
​រាប​ធេង រាប​សព្វ​អន្លើ ។ រាបស្មើ ដែល​រាប​ស្មើគ្នា​ឥតមាន​ប្លែក ។ ល ។​

​រាបសា​

​គុណសព្ទ​

​ដែល​មិន​ប្លែក​ពី​គេ​, យ៉ាង​កណ្ដាល​, សាមញ្ញ​
​មនុស្ស​រាបសា​, សម្ដី​រាបសា​, របស់​រាបសា ។​

​រាប់​

​កិរិយាសព្ទ​

​គិត​ចំនួន​, ត្រួត​, ពិនិត្យ ឬ​កំណត់​ឲ្យ​ដឹង​ចំនួន​
​រាប់ដប់​, រាប់ម្ភៃ រាប់​ឲ្យ​ដឹង​ចំនួន​ដប់​ឬ​ចំនួន​ម្ភៃ ។​
​ស្រឡាញ់​យកជាគ្នា​, ទុកដាក់​ថា​ជា​បានការ​
​រាប់​គ្នា​ជា​ញាតិ​; ឥត​គេ​រាប់ ។​
​រាប់បាត្រ ដាក់​បាយ​ក្នុង​បាត្រ​ដូច​គេ​រាប់ គឺ​ដួស​បាយ​នឹង​វែក​ដាក់​ក្នុង​បាត្រ​ភិក្ខុសង្ឃ ដែល​ដាក់​រៀប​ដង្ហែ​គ្នា​, ដោយ​គ្នេរ​បាយ​ឲ្យ​ល្មម​គ្រប់គ្រាន់​តាម​ចំនួន​បាត្រ ( ព​. ផ្ទ​. ដាក់​បាត្រ ) ។ រាប់មុខ រាប់​យក​ជា​មុខ​, ទុកដាក់​ថា​ជា​អ្នក​មានមុខ​មានឈ្មោះ​
​មនុស្ស​សាបរលាប​ឥត​គេ​រាប់មុខ ។​
​រាប់រក រាប់អាន​ទៅមក​រក​នេះ​រក​នោះ ឬ​រាប់អាន​ពឹង​រកគ្នា ។ ល ។​

​រាប់រៀប​

​កិរិយាសព្ទ​

​និយាយ​បូរបាច់​តាមរបៀប​ហូរហែ​ឬ​និយាយ​តំណាល​តាមរបៀប​រឿងរ៉ាវ​
​រាប់រៀប​ប្រាប់​; និយាយ​រៀបរាប់ ។​

​កិរិយាវិសេសន៍​

​និយាយ​បូរបាច់​តាមរបៀប​ហូរហែ​ឬ​និយាយ​តំណាល​តាមរបៀប​រឿងរ៉ាវ​
​រាប់រៀប​ប្រាប់​; និយាយ​រៀបរាប់ ។​

​រាប់អាន​

​កិរិយាសព្ទ​

​ចងចិត្ត​ស្រឡាញ់​, ពេញចិត្ត​ទៅរក​; គោរព​, ជឿ​ស្ដាប់​
​រាប់អាន​បងប្អូន​, រាប់អាន​ពុទ្ធសាសនា ។​