ប្រែសម្រួលៈវាសនា/ហាណូយ៖ ក្រសួងពាណិជ្ជកម្មវៀតណាមបានស្នើសុំអាជ្ញាធរខេត្តហ្កាងស៊ីរបស់ចិន ចាត់វិធានការបន្ទាន់ដើម្បីបន្ធូរបន្ថយការកកស្ទះទំនិញនៅព្រំដែនក្រោយពីគយចិនបង្កើនការគ្រប់គ្រងព្រំដែនរបស់ខ្លួនជាមួយបណ្តាប្រទេសក្បែរខាងក្នុងការអនុវត្តគោលនយោបាយកូវីដសូន្យ។
រូបភាពនិងវីដេអូបង្ហោះដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA)បានបង្ហាញរថយន្តកុងតេនឺរាប់ពាន់ជាប់នៅព្រំដែនក្រោយពីមានសេចក្តីរាយការណ៍ថា អាជ្ញាធរចិនក្នុងខេត្តហ្កាងស៊ីបានរកឃើញកូវីដ១៩ជាប់តាមទំនិញនាំចូលពីវៀតណាម។
VNAបានរាយការណ៍ថា វិធានការបង្ការកូវីដ១៩ដែលខេត្តហ្កាស៊ីកំពុងអនុវត្ត រួមមានការបិទច្រកព្រំដែនឬបញ្ឈប់ការនាំចូលផ្លែឈើ «វាហួសពីការចាំបាច់។ការរំខាននេះប៉ះពាល់អវិជ្ជមានលើពាណិជ្ជកម្មទ្វេភាគីនិងខាតបង់ដល់ស្ថាប័នក្រុមហ៊ុនជំនួញនិងប្រជាជននៃប្រទេសទាំងពីរ»។
ជាការឆ្លើយតប ពួកមន្ត្រីពាណិជ្ជកម្មខេត្តហ្កាងស៊ី បាននិយាយថាពួកគេនឹងបង្កើនពេលត្រួតពិនិត្យរបស់គយសំរាប់ទំនិញវៀតណាមនិងបញ្ជូនសំណើផ្សេងៗរបស់វៀតណាមទៅកាន់អាជ្ញាធរថ្នាក់លើ។
សូមបញ្ជាក់ថា ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនិងជាផ្សារធំបំផុតសំរាប់បន្លែផ្លែឈើវៀតណាម។
ចំណូលបានមកពីពាណិជ្ជកម្មកសិផលនៃប្រទេសទាំងពីរនៅ១១ខែដើមឆ្នាំ២០២១បានកើន១៩,៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន រហូតដល់ចំនួន១១៣ពាន់លានដុល្លារ៕
រថយន្តដឹកកុងតេនឺផ្លែឈើរាប់ពាន់កកស្ទះនៅព្រំដែនវៀតណាម-ចិននាំអោយផ្លែឈើវៀតណាមរលួយស្អុយរាប់សិបតោនដោយសារចិនរឹតបន្តឹងព្រំដែនខណៈវៀតណាមកំពុងផ្ទុះកូវីដ១៩