ដោយ: ពៅនិមល / ភ្នំពេញៈ បើកទំព័រនៃដើមឆ្នាំ ២០២២ នេះ ការលក់រាយប្រេង ឥន្ធនៈបានហក់ឡើងមកវិញ ដោយក្នុងនោះ សម្រាប់ប្រេងសាំងធម្មតាឡើងថ្លៃ ចំនួន ១០០ រៀល ក្នុង១លីត្រ។ រីឯប្រេងម៉ាស៊ូតឡើងថ្លៃ ៥០រៀល ក្នុង១លីត្រ ខណៈដែល ២សប្តាហ៍ ចុងឆ្នាំ២០២១ ការលក់រាយប្រេងឥន្ធនៈ ធ្លាក់ថ្លៃ ១០០ រៀលក្នុង១លីត្រ ដូចគ្នា។
ក្រសួងពាណិជ្ជកម្ម នៅក្នុងសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ ដែលរស្មីកម្ពុជា ទទួលបាននៅព្រឹកថ្ងៃទី៣ ខែមករានេះ បានឲ្យដឹងថាៈ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ប្រេងសាំងធម្មតា ត្រូវដាក់លក់ ក្នុងតម្លៃ ៤ ២០០ រៀល ក្នុង១លីត្រ។ ដោយឡែក ប្រេងម៉ាស៊ូត តម្លៃ ៣ ៨០០រៀល នៅក្នុង១លីត្រ។
ក្រសួងបានឲ្យដឹងទៀតថាៈ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេលដូចគ្នាខាងលើ នឹងត្រូវលក់ ៤ ៣៦០ រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៣ ៩៦០រៀល សម្រាប់ប្រេង ម៉ាស៊ូត ក្នុង ១លីត្រ។
ជាមួយគ្នានេះ ដើម្បីជួយសម្រួល ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួម ចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃ លក់រាយប្រេងឥន្ធនៈ នៅកម្ពុជា ចំនួន ៤ សេនដុល្លារដដែល នៅក្នុង១លីត្រ។
ពាក់ព័ន្ធការកំណត់ថ្លៃលក់រាយ ប្រេងឥន្ធនៈនៅកម្ពុជានេះដែរ ក្រសួងពាណិជ្ជកម្ម ក៏នៅតែរក្សាអំណះអំណាងថា គឺក្រសួងគ្រាន់ តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាម ទីផ្សារអន្តរជាតិ មកគណនា តាមប្រកាស ដូចមាន ក្នុងឯកសារតែប៉ុណ្ណោះ៕/V-PC