ដោយៈមុនីរ័ត្ន/ភ្នំពេញៈអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) ដែលជាមេដឹកនាំបាតុកម្មខុសច្បាប់ចំនួនប្រាំមួយនាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២និងថ្ងៃទី៣ខែមករាឆ្នាំ២០២២នេះដើម្បីឲ្យព្រះរាជអាជ្ញានិងចៅក្រមធ្វើការសាកសួរតាមនីតិវិធី។ ពួកមេដឹកនាំបាតុកម្មខុសច្បាប់ទាំងនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីពួកគេបានដឹកនាំបាតុកម្មខុសច្បាប់ និងបានបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។
មនុស្សទាំងប្រាំមួយនាក់រួមមាន ៖ ១. អ្នកស្រី ឈឹម សុខន អគ្គលេខាធិការសហជីព ២. អ្នកស្រី ឃ្លាំង សុបិន្ត ទីប្រឹក្សាជាន់ខ្ពស់ ,ហិ រញ្ញិកសហជីព( អ្នកកាន់លុយចំណាយសហជីព) ៣. អ្នកស្រី ហៃ សុភាព (តំណាងក្រុមអ្នកចរចា) ៤. កញ្ញា សុន ស្រីពេជ្រ (តំណាងក្រុមអ្នកចរចា)៥. អ្នកស្រី រី សុវណ្ណឌី ( តំណាងក្រុមអ្នកចរចា) និង៦. អ្នកស្រី ទូច ស្រីមាស ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។ អ្នកទាំងប្រាំមួយនាក់ត្រូវបានឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ២០២១។
ចំណែកមនុស្សបីនាក់ទៀត រួមមានៈ ១. ឈ្មោះ រិន ផល្លា ២. ឈ្មោះ អេង ស្រីបូ និងទី៣. ឈ្មោះ ស៊ុន ស្រីមុំ សមត្ថកិច្ចបានធ្វើការអប់រំណែនាំឲ្យត្រឡប់ទៅផ្ទះវិញ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានមានប្រសាសន៍បញ្ជាក់នៅព្រឹកថ្ងៃទី៣ ខែមករា នេះថា កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចបានចាប់ខ្លួនមេដឹកនាំបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល សរុបចំនួន ៩នាក់ ដោយក្នុងនោះមនុស្សចំនួន ៦នាក់ ត្រូវបានបញ្ជូនទៅតុលាការ និងមនុស្សចំនួន ៣នាក់បានធ្វើការអប់រំ។ នេះបើតាមលោកបញ្ជាក់ប្រាប់AMS កាលពីព្រឹកថ្ងៃទី៣ខែមករានេះ។
ប្រភពដដែលបន្តថា កាលពីវេលាម៉ោង ១៩យប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១សមត្ថកិច្ចនគរបាលបានធ្វើការចាប់ឃាត់ខ្លួនបុគ្គលចំនួនប្រាំបួន រូប ពីបទបានរៀបចំបាតុកម្មដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ។ មុននឹងអនុវត្តវិធានការច្បាប់ចាប់ឃាត់ខ្លួនមេដឹកនាំបាតុកម្មទាំងនេះរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវច្រើន លើកច្រើនសា ឲ្យពួកគេបញ្ឈប់សកម្មភាពតវ៉ ដោយខុសច្បាប់សំដៅធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ប៉ុន្តែពួកមេដឹកនាំបាតុកម្មមិនស្ដាប់តាមការអំពាវនាវរបស់អាជ្ញាធរ ហើយ បន្តអូសបន្លាយបាតុកម្មអស់រយៈពេល ១៣ថ្ងៃមកហើយ ។
ការចាប់ឃាត់ខ្លួនបុគ្គលទាំងប្រាំបួនរូបនេះ គឺអនុលោមទៅតាមមាត្រា ១៩៤ និងមាត្រា ១៩៥ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងអនុវត្ត នីតិវិធីទៅតាមវិធានការច្បាប់ ។
សូមជម្រាបថា អតីតបុគ្គលិកក្រុមណាហ្គាវើល NAGA World បានប្រកាន់ជំហររបស់ខ្លួនបន្តការតវ៉ារហូតមានដំណោះស្រាយពីក្រុមហ៊ុនក្រោយពីការចរចារជាច្រើនលើកជាមួយភាគីក្រុមហ៊ុន។ពួកគេធ្វើកូដកម្មចំនួន ១៣ថ្ងៃជាប់ៗគ្នា ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ទាមទារលក្ខខណ្ឌចំនូនប្រាំបួនចំនុច។ ទាមទារឲ្យក្រុមហ៊ុន គោរពសិទ្ធិកម្មករ និងច្បាប់ការងារនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះមានការទាមទារឲ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីព និងកម្មករនិយោជិត សរុប ចំនួន៣៦៥នាក់ ដែលមិនព្រមទទួលយកសំណងបញ្ចប់កិច្ចសន្យាការងារ ចូលបម្រើការងារ នៅកន្លែង ដើមវិញ រួមទាំងផ្ដល់ប្រាក់រំលឹកផ្សេងៗ គិតតាំងពីថ្ងៃបញ្ឈប់ រហូតមកដល់ ថ្ងៃចូលធ្វើការវិញ ជាដើម៕សរន