ដោយ​: ម៉េង​ឆៃ​/​ភ្នំពេញ​: ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ ពី​ស្រុក​ស្រែអំបិល ទៅដល់​ទី​រួម​ខេត្តកោះកុង កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​លើកទឹកចិត្ត​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្កើត​ប្រព័ន្ធ​តេ​ឡេ​ក្រាម ដើម្បី​ឲ្យ​ពលរដ្ឋ​ជួយ​ថត​អ្នក​ល្មើស​ចរាចរណ៍​។ សម្តេច​តេ​ជោ​ថា ពលរដ្ឋ​អាច​បាញ់​បញ្ជូន​រូបភាព​ល្មើស​ចរាចរណ៍ ទៅកាន់​សមត្ថកិច្ច​ភ្លាមៗ តាមរយៈ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថ្មី​នេះ​។​

​តាម​សម្តេច​តេ​ជោ ការបង្កើត​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នេះ នឹង​អាចជួយ​សម្រួល​ដល់​ការគោរព​ច្បាប់​ចរាចរណ៍​និង​ជួយ​កាត់ បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ខណៈដែល​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​យើង​សព្វថ្ងៃ​មាន​អ្នកស្លាប់​ស្ថិតនៅ​កម្រិត​ខ្ពស់ជាង​កូ​វីដ​-១៩​។ សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពិភាក្សា​ជាមួយ​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លើ​ករណីនេះ​។

​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស ក្នុង​ឆ្នាំ​២០២១ មាន​ចំនួន ២៦៧០​លើក ខណៈ​ឆ្នាំ​២០២០ មាន​ចំនួន ៣១៧៦​លើក​។ ចំណែក​ចំនួន​អ្នកស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ឆ្នាំ​២០២១ ត្រូវបាន​ប៉ូលិស​រាយការណ៍​ថា មាន ១.៤៩៧​នាក់ ធៀប​នឹង​ឆ្នាំ​២០២០ មាន ១.៦៤៦​នាក់ ដូច្នេះ​ថយ ១៤៩​នាក់ ស្មើនឹង ៩​ភាគរយ​។ ចំណែក​អ្នករងរបួស មាន ៣.៦១៥​នាក់ ថយចុះ ១.០៧១​នាក់ ស្មើនឹង ២៣​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២០ ដែលមាន​អ្នករងរបួស​រហូតដល់ ៤.៦៨៦​នាក់​។​

​យ៉ាងណាក៏ដោយ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងអំឡុងពេល​ឆ្លង​ឆ្នាំ​សកល ចុង​សប្តាហ៍​កន្លងមក បាន​កើនឡើង គួរ​ឲ្យ​ព្រួយបារម្ភ ដោយសារតែ​ចំនួន​អ្នកធ្វើដំណើរ កើនឡើង ព្រោះ​មាន​អ្នកទេសចរ​ក្នុងស្រុក រហូតដល់​ជាង ១​លាន​នាក់ បាន​ដើរលេង​កម្សាន្ត​ទូទាំងប្រទេស​។ ក្នុង​រយៈពេល ៣​ថ្ងៃ គិតពី​ថ្ងៃទី​៣១​ធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃទី​២​មករា ឆ្នាំ​២០២២ នៅ​ទូទាំងប្រទេស រយៈពេល ៣​ថ្ងៃនេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​សរុប ៥០​លើក បណ្តាល​ឲ្យ​ស្លាប់ ៣៣​នាក់ និង​របួស ៥៧​នាក់​។ ក្នុងនោះ នៅ​ថ្ងៃទី​៣១​ធ្នូ គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង ១៤​លើក ស្លាប់ ៤​នាក់ និង​របួស ១៨​នាក់​។ ថ្ងៃទី​១​មករា ឆ្នាំ​២០២២ គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង ២០​លើក ស្លាប់ ១៥​នាក់ និង​របួស ២២​នាក់ ហើយ​នៅ​ថ្ងៃអាទិត្យ ទី​២​មករា គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង ១៦​លើក ស្លាប់ ១៤​នាក់ និង​របួស ១៧​នាក់​។ ចំណែក ៣​ថ្ងៃនេះ អ្នកស្លាប់​ដោយ​កូ​វីដ មានតែ ២​នាក់​ប៉ុណ្ណោះ​។​

​បញ្ហា​អ្នកបើកបរ​មួយចំនួន មិន​គោរព​ច្បាប់ និង​ខ្វះ​សីលធម៌​ក្នុងការ​បើកបរ ដែល​នាំ​ដល់​ការកកស្ទះ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ចូល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១​មករា ឆ្នាំ​២០២២ ដែលជា​ថ្ងៃ​ចូលឆ្នាំ​សកល ហើយ​ត្រូវបាន​គេ​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ក៏ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើង ជា​ឧទាហរណ៍ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ អាច​ថតរូប ថត​ស្លាក​លេខ​ឡាន អ្នក​ល្មើសច្បាប់ បើកបរ​បញ្ច្រាសទិស ចូល​គន្លង​ផ្លូវ​ម្ខាង​ទៀត សម្រាប់​ប៉ូលិស​ផាកពិន័យ​ម្ចាស់​ឡាន​ល្មើសច្បាប់​ទាំងនោះ​។​
​តាម​ខ្លី​ប​វិ​ដេ​អូ ដែល​គេ​ថត​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​១​មករា ឆ្នាំ​២០២២ គឺ​អ្នកបើកបរ​ឡាន​ជាច្រើន បាន​បើក​ប្រជ្រៀត​គ្នា ពេញ​ផ្លូវ ដោយ​មិន​ទុក​ចំណែក​ផ្លូវ​ម្ខាង​ទៀត សម្រាប់​អ្នកធ្វើដំណើរ ក្នុងទិសដៅ​ចេញពី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ អាចទៅរួច​ឡើយ​។​

​ការប្រកាស​ឲ្យ​មហាជន ចូលរួម​ចាប់​ភស្តុតាង​របស់​អ្នកបើកបរ​យានយន្ត ដែល​ល្មើសច្បាប់ គឺអាច​នឹង​ជួយ​បាន​ច្រើន ខណៈដែល​ចរាចរណ៍​មមាញឹក​តាមផ្លូវ ពិសេស​នៅ​ថ្ងៃ​បុណ្យទាន ហើយ​កងកម្លាំង​អាជ្ញាធរ​សមត្ថកិច្ច មើល​មិន​អស់ និង​មិន​អាចដាក់​កម្លាំង​ពង្រាយ​ស្ទាក់​ឃាត់ ផាកពិន័យ​បាន​ភ្លាមៗ​។ ប៉ុន្តែ​នៅពេល​ទទួលបាន​ភស្តុតាង​តាមរយៈ​រូបថត ឬ​វិ​ដេ​អូ​ពី​ប្រជាពលរដ្ឋ តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ដែល​ឥឡូវ​ម្នាក់ៗ សុទ្ធ​តែមាន​ទូរស័ព្ទ អាច​ថត​បាន​គ្រប់ៗ​គ្នា​នោះ គឺ​នឹង​អាច​ឲ្យ​អ្នក​ចូលចិត្ត​ល្មើសច្បាប់ ខ្លាចញញើត ត្បិត​កន្លងមក ភាគច្រើន បើ​មាន​ប៉ូលិស ដាក់ពង្រាយ ឬ​ឈរ​ប្រចាំការ​ត្រួតពិនិត្យ ទើប​មាន​អ្នក​គោរព អ្នកខ្លាច​ប៉ូលិស​ចាប់​ផាក​។​

​យ៉ាងណាក៏ដោយ បើ​ឲ្យ​ត្រឹមត្រូវ​មែនទែន ករណី​ល្មើសច្បាប់​ចរាចរណ៍ ពេល​បើកបរ​យានយន្ត​នេះ ទាមទារ​ឲ្យ​អ្នកបើកបរ​ទាំងអស់ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ហើយ​ម្នាក់ៗ ត្រូវមាន​សីលធម៌ និង​យោគយល់​គ្នា នៅពេល​បើកបរ​។ កត្តា​សំខាន់ ដែល​បណ្តាលឱ្យ​កកស្ទះ​ចរាចរណ៍ និង​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ស្ទើរតែ​ទាំងអស់ បណ្តាលមកពី​អ្នកបើកបរ​នេះឯង​។ បញ្ហា​ផ្លូវ និង​បញ្ហា​យានយន្ត មាន​តិចតួច​បំផុត​។​តែ​អ្នកបើកបរ ពិសេស​ឡានធំៗ ដឹកទំនិញ​មួយចំនួន បើក​លឿនៗ ហាក់ដូចជា​ប្រមាថ​អាយុជីវិត​ខ្លួនឯង​ផង និង​អាយុជីវិត​អ្នកដទៃ​ផង​។

​ចំពោះ​អ្នកបើកបរ​យានយន្ត​លក្ខណៈ​គ្រួសារ ដើរលេង​កម្សាន្ត ក៏​គួរតែ​ចូលរួម​គោរព​ច្បាប់ ព្រមទាំង​ធ្វើ​ចិត្ត​ឲ្យ​ទូលាយ ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​។ ចូរ​ចងចាំ​ថា យើង​ធ្វើដំណើរ​ឆ្ងាយ​ជិត​ទាំង​ឡានៗ ដើម្បី​លម្ហែកាយ នាំ​ក្រុមគ្រួសារ​ដើរលេង ក្នុងការ​ស្វែងរក​ភាពសប្បាយ​រីករាយ​។ តែបើ​ជួប​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ នោះ​សប្បាយ​ក្លាយជា​ទុក្ខ ដូច​អ្វីដែល​ពាក្យចាស់​លោក​ពោល​ដំណាល​មក​ជាមិនខាន ហើយក៏​ម្នាក់ៗ មិន​ចង់​ជួប​នោះទេ ទាំង​គេ និង​ទាំង​យើង​។​

​ដូច្នេះ​បើសិន​ជាមាន​ភស្តុតាង​បញ្ជាក់​ពីបទ​ល្មើស ដោយ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​គ្មាន​សណ្តាប់ធ្នាប់ នៅលើ​ដងផ្លូវ ដែល​ថត​ជាប់​ដោយ​អ្នកដំណើរ​តាមផ្លូវ​ហើយ​នោះ គឺ​ច្បាស់​ណាស់​ថា សមត្ថកិច្ច​ប៉ូលិស មិន​ថា​នៅតាម​បណ្តា​ខេត្ត ឬ​នៅ​រាជធានី​ភ្នំពេញ​ទេ គឺ​នឹង​សុទ្ធតែ​អាច​សរសេរ​វិ​ក័យ​ប​ត្រ បង្កាន់ដៃ​ផាកពិន័យ តាមច្បាប់​កំណត់​រាប់ម៉ឺន​រៀល ហើយ​បញ្ជូន​ដល់​ម្ចាស់​យានយន្ត​ទាំងនោះ ជាមិនខាន​។ មួយវិញទៀត បើ​គេ​ថតរូប​បាន ហើយ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កទៀត នោះ​ក្រុម​អ្នក​និយម​បើកបរ ប្រជ្រៀត ជ្រែ​គេ​ជ្រែ​ឯង ឲ្យ​តែមាន​ប្រឡោះ​យក​មួយ​ឈ្នះ​ដៃ មុខជា​ត្រូវ​ខ្មាស់​គេ ជាមិនខាន​។​

​ម្យ៉ាង​បើ​ប៉ូលិស​ចរាចរណ៍ មិន​ព្រមាន ដោយ​ផាកពិន័យ​អ្នកបើកបរ​ល្មើសច្បាប់​ទេនោះ គឺ​បញ្ហា​ដដែលៗ នឹង​នៅតែ​កើត​ឡើងលើ​ទ្រូងផ្លូវ​របស់​ប្រទេស​យើង ជាក់​ជាមិនខាន​។ ក្រៅពី​បញ្ហា​កកស្ទះ​ចរាចរណ៍ ក៏​អាច​នឹង​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារតែ​ក្រុម​អ្នក​មិន​គោរព​ច្បាប់​ថែម​ទៀតផង ហើយ​បើ​កើតមាន​គ្រោះថ្នាក់ គឺ​មិន​ត្រឹមតែ​កើតឡើង​លើ​អ្នកបើកបរ​មិន​គោរព​ច្បាប់​នោះទេ អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ជា​អ្នករួមដំណើរ​ជាមួយ ឬក៏​ជា​អ្នកធ្វើដំណើរ​តាមផ្លូវ​ជាមួយ​ផងដែរ​។ ដូច្នេះ​សូម​ចាត់វិធានការ​ទប់ស្កាត់ និង​ការពារ នោះ​ពិតជា​ប្រសើរ​ជាង​ព្យាបាល​៕​សរន​