ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ខ្ពង់រាប
នាមសព្ទ
ខ្នងភ្នំ ឬ ខ្នងទួល ដែលមានផ្ទៃដីរាបស្មើទូលាយវែងឆ្ងាយ ។
គ្រាប់
នាមសព្ទ
ពូជកើតក្នុងផ្លែមានសណ្ឋានផ្សេងៗ
គ្រាប់ស្វាយ, គ្រាប់ខ្នុរ, គ្រាប់សណ្ដែក ។ ល ។
នាមសព្ទ
ដុំមូលធ្វើដោយលោហជាតិផ្សេងៗ មានសំណជាដើម សម្រាប់ច្រកក្នុងកាំភ្លើងហើយបាញ់
គ្រាប់កាំភ្លើង ។
ដុំក្រួស ឬ ដុំដីលញ់សម្រាប់ច្រកកាំភ្លោះជាដើមហើយបាញ់
គ្រាប់កាំភ្លោះ ។
គ្រាប់បែក
នាមសព្ទ
គ្រាប់មានសណ្ឋានផ្សេងៗ ខាងក្នុងមានដាក់វត្ថុធាតុអាចផ្ទុះបែកឬអាចបណ្ដាលជាភ្លើងឆេះ . . .ចោលគ្រាប់បែក, ទម្លាក់គ្រាប់បែក ។
ចតុរាបាយ
(ចៈតុរ៉ាបាយ)
នាមសព្ទ
(សំ. បា.) ភូមិ, ភព, ទីសម្រាប់សត្វ ដែលមានបាបបណ្ដាលឲ្យឃើញស្ដែងក្នុងកាលជិតស្លាប់ ទៅចាប់កំណើតនៅរងទុក្ខ, មាន ៤ យ៉ាងគឺ នរក, ប្រេត, អសុរកាយ, តិរច្ឆាន (ម. ព. ទាំងនោះ និង អបាយ, អបាយភូមិ ផង) ។
ច្រាប
នាមសព្ទ
អំណាចភ័យ
ច្រាបជាន់ ។
ដីប្រៃ
ដីច្រាប ។
ឈ្មោះផ្សិតដែលដុះនៅដីច្រាប
ផ្សិតច្រាប ។