​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អតីត​ជំទាវ​ទី​មួយ​លោកស្រី មេ​ឡានៀ ត្រាំ បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​៤​មករា​ថា​លោក​ស្រី​នឹង​ដាក់​លក់​ដេញថ្លៃ​មួក​ពណ៌​ស​ដ៏​ល្បីល្បាញ​ដែល​លោកស្រី​បាន​ពាក់​​ក្នុង​ឆ្នាំ ២០១៨ រួម​ជាមួយ​គំនូរ NFT​ទាំង​រូប​ជាក់ស្តែង​និង​ឌីជីថល​។​

​វត្ថុ​សំខាន់​ទាំង​បី​ដែល​មាន​ចុះហត្ថលេខា​គឺ​រំលឹក​ដល់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​កាលពី​ខែ​មេសា ឆ្នាំ​២០១៨ របស់​ប្រធានាធិបតី​បារាំង អេម​ម៉ានុយ​អែល ម៉ា​ក្រុង មក​កាន់​ទីក្រុង​វ៉ាស៊ីនតោន​ដែល​ជា​មេដឹកនាំ​​ដំបូង​មក​ធ្វើ​ទស្សនកិច្ច​ក្នុង​អាណត្តិ​ដំបូង​របស់​លោក​ត្រាំ​។​

​ការដេញថ្លៃ​សម្រាប់​វត្ថុ​ទាំង​បី​ហៅថា “​វត្ថុ​សិល្បៈ​ប្រមុខរដ្ឋ​” នឹង​ធ្វើឡើង​តាម​អន​ឡាញ​នៅ​ចន្លោះ​ថ្ងៃទី ១១ និង ២៥ ខែ​មករា ដោយ​ប្រើ​រូបិយប័ណ្ណ​អេឡិចត្រូនិច សូ​ឡា​ណា (SOL) ។​

​យោង​តាម​វេបសាយ​របស់​លោកស្រី កន្លែង​ដែល​ការដេញថ្លៃ​ត្រូវ​បាន​ប្រកាស ការដេញថ្លៃ​នឹង​ចាប់ផ្តើម​នៅ​តម្លៃ ២៥០.០០០ ដុល្លារ ដែល​បច្ចុប្បន្ន​ស្មើនឹង ១.៤១៦ SOL ។​

​អ្នក​រចនា​ម៉ូត​ជនជាតិ​អាម៉េរិក​ដើមកំណើត​បារាំង លោក ហឺ​វ ព្យែរ បាន​ផលិត​មួក​ធំ​នេះ​តាម​សំណើ​របស់​លោកស្រី​ត្រាំ ដែល​បាន​ពាក់​វា​នៅ​ពេល​លោកស្រី​អមដំណើរ​ជំទាវ​ទីមួយ​បារាំង​លោកស្រី ព្រី​ជីត ម៉ា​ក្រុង ជុំវិញ​ទីក្រុង​វ៉ាស៊ីនតោន​។​

​ប្រជុំ​ស្នាដៃ​សិល្បៈ​នោះ​ក៏​រួម​បញ្ចូល​រូបគំនូរ​រូបវ័ន្ត​និង​ឌីជីថល​របស់​លោកស្រី​ត្រាំ​ពាក់មួក​ផងដែរ ដែល​ស្នាដៃ​ទាំង​ពីរ​ត្រូវបាន​បង្កើតឡើង​ដោយ​វិចិត្រករ​ជនជាតិ​បារាំង លោក ម៉ាក អង់​ទ័ន ឃូ​ឡុន​៕

​មួ​កស​របស់​លោកស្រី​ត្រាំ​ពាក់​ស្វាគមន៍​ទស្សនកិច្ច​របស់​លោក​ម៉ា​ក្រុង​នឹង​លក់​ដេញថ្លៃ​នៅ​ចន្លោះ​ថ្ងៃទី ១១ និង ២៥ ខែ​មករា