ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ ក្រោយ​សម្ងំ​ស្ងៀមស្ងាត់ៗ​មួយរយៈ ខណៈដែល​ម្ចាស់​ផលិតកម្ម P Production បាន​បង្កើត​ជំនួញ​ថ្មី ដោយ​បើក​យានដ្ឋាន​ជួសជុល​រថយន្ត និង​ទិញ​លក់ រថយន្ត ម្ចាស់​ផលិត​កម្មនេះ កំពុង​តែមាន​ផែនការ​វិល​មករក​សិល្បៈ​វិញ​នៅក្នុងពេល​ឆាប់ៗ ។​

​លោក ផន ចាន់ណា ម្ចាស់​ផលិត​កម្មនេះ​បាន​ឲ្យ​ដឹងថា ដោយសារតែ​ការរីក​រាលដាល​ជំងឺ​រាតត្បាត កូ​វីដ​-១៩ ផលិតកម្ម​របស់លោក ដែល​ធ្លាប់ជួយ​ផលិត​រឿង​អប់រំ ខ្លី​មួយចំនួន ដោយ​មិន​យក ថវិកា កន្លងមក​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ប៉ុន្តែ​លោក​នឹង​នាំ​ផលិត​កម្មនេះ​ត្រឡប់​មករក​វិថី​សិល្បៈ​ឡើងវិញ ខណៈដែល​សព្វថ្ងៃនេះ​ពលរដ្ឋ​កំពុងតែ​សម្របសម្រួល រៀន​រស់នៅ​ជាមួយ​កូ​វីដ តាម​គន្លង​ប្រក្រតីភាព​ថ្មី​។

​ទន្ទឹម​និង​ការប្រកាស​ដំណើរការ​ផលិតកម្ម P Production ឡើងវិញ លោក​ក៏បាន​ផ្តល់ឱកាស​ចំពោះ យុវវ័យ ដែលមាន​បំណង​ចង់​ក្លាយជា តារាចម្រៀង តារា​សម្តែង អាចទាក់ទង​មក​លោក​ផ្ទាល់ ដើម្បី​សាកល្បង​ពី​សមត្ថភាព និង​អាច​បោះជំហាន ចូលក្នុង​វិស័យ​សិល្បៈ ប្រកបដោយ​ជំនាញ​ច្បាស់លាស់​។

​ថៅកែ​ផលិតកម្ម​វ័យក្មេង​រូបនេះ បាន​បន្តថា នាពេល​បន្តិចទៀត​ខាងមុខនេះ លោក​និង​សម្រុក ផលិត​បទ​ចម្រៀង​ថ្មីៗ បន្ថែមទៀត ព្រោះ​អ្វីៗ ត្រូវបាន​វិល​មក​សភាព​ធម្មតា​វិញ​ហើយ គ្រាន់តែ​យើង រស់នៅ
​ដោយ​ប្រកាន់ខ្ជាប់​តាម​គោល​ការ​របស់​រាជរដ្ឋាភិបាល បី​កុំ បី​ការពារ ប៉ុណ្ណោះ ៕