ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី:មិនទាន់មានការឆ្លើយតបណាមួយពីតំណាងឬមេធាវីរបស់លោកស្រី ទ្រី ដាណានៅឡើយទេគិតមកដល់ថ្ងៃនេះ ករណីពលរដ្ឋ១២នាក់តំណាងឲ្យសហគមន៍ជនជាតិដើមព្នងប្តឹងលោកស្រីទ្រីដាណា ទាមទារសងជំងឺចិត្ត២០មុីន ដុល្លារនោះ។

ការប្តឹងលោកស្រីទ្រីដាណា ពុំទាន់និងបានដោះស្រាយគ្នាផងនៅថ្ងៃទី៤មករាពលរដ្ឋ១៥នាក់បានបន្តដាក់ពាក្យបណ្តឹងចូលទៅស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរី១ទៀត ដោយប្តឹងគណនីហ្វេសបុកចំនួន២ថែមទៀតផង។

ក្នុងពាក្យបណ្តឹងនោះគេឃើញថា តំណាងពលរដ្ឋក្នុងសហគមន៍ជនជាតិដើមបានប្តឹងម្ចាស់ហ្វេសបុកឈ្មោះReam Socheataនិងហ្វេសបុកឈ្មោះព្រហ្ម សុីណែតនិងបក្សពួក ពីបទជេរប្រមាថមើលងាយជាសាធារណះនិងញុះញង់ឲ្យមានការរើសអើង ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៣ខែមករា។

ការប្តឹងលើកនេះ សហគមន៍ជនជាតិដើមពុំបានទាមទារជំងឺចិត្តជាប្រាក់កាសនោះទេ តែពួកគាត់ទាមទារឲ្យមានការផ្តន្ទាទោសជនខាងលើនិងបក្ខពួកទៅតាមផ្លូវច្បាប់រួមទាំងឲ្យអ្នកទាំងនោះចេញមុខសូមទោសជាសាធារណៈដល់ជនជាតិដើមព្នង។

បកមករំលឹកឡើងវិញថា តំណាងពលរដ្ឋជនជាតិដើមព្នង១២នាក់របស់នៅក្នុងសហគមន៍នៃខេត្តមណ្ឌលគិរីកាលពីថ្ងៃទី៣ខែមករា បានដាក់ពាក្យបណ្តឹងចូលទៅសាលាដំបូងខេត្តមណ្ឌលគិរី ដោយប្តឹងឈ្មោះទ្រី ដាណា ថាបានជេរប្រមាថនិងមើលងាយជាសាធារណះដល់ជនជាតិដើមព្នង។

ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថាកាលពីថ្ងៃទី២២ខែធ្នូឆ្នាំ២០២១ក្នុងវីឌីអូចំណុច៣០.២៤ដល់២៦បានliveក្នុងpageឈ្មោះទ្រី ដាណាDanaTry និយាយអំពីផលិតផលនិងអតីតប្តីឈ្មោះម៉ៅ។នៅពេលដែលអ្នកស្រីទ្រីដាណាliveនោះបាននិយាយអំពីប្តីនិងពោលទៅប្តីថា អានេះ ចេញមកព្នងចុងស្រុកម៉ង ដែលជាពាក្យសំដីប្រមាថមើលងាយដល់ពួជអំបូរព្នង របស់ជនជាតិដើមភាគតិចពួកគាត់។

នៅក្នុងពាក្យបណ្តឹង សហគមន៍ទាំង១២នាក់បានប្តឹងទាមទារឪ្យអ្នកស្រីទ្រីដាណា
១.សូមឪ្យសូមទោសជាសាធារណៈដល់ជនជាតិដើមព្នង,២.សូមឪ្យបង់ប្រាក់ពិន័យចំនួន១០លានរៀល,៣.សូមឪ្យសងជំងឺចិត្ត ២០មុឺនដុល្លា៕សរន