​ប្រែ​សម្រួលៈ​វាសនា​(​បាងកក​ប៉ុស្តិ៍​)៖ អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត បានប្រកាស​ផែនការ​បញ្ចប់​ការ​និរទេស​ខ្លួន​នៅ​បរទេស​ហើយ​វិល​ចូល​ប្រទេស​ថៃ​វិញ​នៅ​ឆ្នាំ​នេះ ដើម្បី​ជា​«​អំណោយ​សំរាប់​​ប្រជាជន​ថៃ​»​។​

​អតីត​មេដឹកនាំ​កំពុង​រត់​គេច​ពី​ជាប់គុក​នៅ​ក្នុងស្រុក​រូប​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង​មួយ​នៅក្នុង​ប្រទេស​ថៃ ដោយសារ​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​មួយ​កាលពី​យប់​ថ្ងៃ​អង្គារ​លោក​បាន​ទាយ​ថា សេដ្ឋ​​កិច្ច​ប្រទេស​នឹង​ជួប​វិបត្តិ​នៅ​ឆមាស​ទី​២​ឆ្នាំ​២០២២​នេះ​។​លោក​បាន​អំពាវនាវ​អោយ​ពលរដ្ឋ​ថៃ​ប្រែក្លាយ​ការអត់ធ្មត់​របស់គេ​ទៅ​ជា​កម្លាំង​និង​ធ្វើ​ការត្រៀមខ្លួន ។​

​លោក​បាន​និយាយថា​« ខ្ញុំ​ជូនពរ តែ​ខ្ញុំ​មិន​ប្រា​ដក​ថា​វា​ជា​បណ្តាសា​សំរាប់​មិន​ចូល​ចិត្ត​ខ្ញុំ​ទេ​។​ខ្ញុំ​មាន​បំណង​វិល​ទៅ​ស្រុក​ដើម្បី​ជួយ​។​ខ្ញុំ​មាន​បំណង​មើលថែ​កូន​ចៅ​របស់​ខ្ញុំ​សំរាប់​អាយុ​ដែល​នៅ​សេសសល់​ចុង​​ក្រោយ​របស់​ខ្ញុំ​។​មិន​ថា​នរណា​កាន់អំណាច​ទេ បើសិនជា​គេ​ចង់អោយ​ខ្ញុំ​ជួយ​ដោះស្រាយ​បញ្ហា ខ្ញុំ​ត្រៀម​ខ្លួន​ជួយ​អត់​យក​ថ្លៃឈ្នួល​ទេ​។​ខ្ញុំ​អាច​ផ្តល់​ជា​មេរៀន​តាមរយៈ​ការធ្វើ​បាឋកថា​ពេល​វិល​ចូល​ស្រុក​»​។​

​លោក​ក៏​បាន​ពិភាក្សា​អំពី​របៀប​ដែល​លោក​កេណ្ឌ​ប្រមូល​ពួក​សេដ្ឋី​ក្នុងប្រទេស​ដើម្បី​ជំរុញ​ក្រុមហ៊ុន​ជំនួញ​ថ្មី និង​បង្កើត​app​សំរាប់​អ្នកបើក​តាក់ស៊ី អាជីវកម្ម​ស្នាក់​នៅ​តាម​ផ្ទះ​និង​អ្នក​ស្វះស្វែង​រក​ការងារ​​ធ្វើ​។​

​សូម​រំលឹក​ថា ថាក់ស៊ីន បាន​ភៀសខ្លួន​ចេញពី​ប្រទេស​នៅ​ឆ្នាំ​២០០៨ នៅមុន​តុលាការ​កំពូល​កាត់ទោស​លោក​អោយ​ជាប់គុក​តែ​បន្តិច​ចំពោះ​ការរំលោភ​អំណាច​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ទិញ​លក់​ដី​មួយ​​កន្លែង​កាលពី​លោក​នៅ​ជា​នាយករដ្ឋមន្ត្រី​។​តែ​លោក​បាន​បញ្ជាក់ថា លោក​នឹង​វិល​ចូល​ស្រុក​ដោយ​«​ស្ងប់ចិត្ត​»​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា «​ខ្ញុំ​សូម​និយាយថា ការវិល​ចូល​ប្រទេស​របស់​ខ្ញុំ​នឹង​មិន​ជា​បញ្ហា​សំរាប់​ប្រជាជន​ថៃ​ទេ មានតែ​ផ្តល់​ប្រយោជន៍​។​ខ្ញុំ​សង្ឃឹមថា ឆ្នាំ​២០២២ ជា​កាដូ​មួយ​ចំពោះ​ប្រជាជន​ថៃ …​វិល​ចូល​​ស្រុក​និង​បំរើ​ប្រជាជន​ថៃ​»​។​

​ថាក់ស៊ីន​បាន​បញ្ជាក់ថា លោក​នឹង​អោយ​កូនស្រី​ពៅ​របស់​លោក​ដឹង​ថា​ពេល​ណា​លោក​នឹង​វិល​ចូល​ស្រុក​និង​ថែម​ទាំង​អះអាងថា​លោក​នឹង​លេង​កូន​គោល​ជាមួយ​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន ប្រា​យុទ្ធ ចាន់ អូ​ចា​​ថែម​ទៀត​។​

​កូនស្រី​របស់​លោក​ថាក់​ស៊ីន លោកស្រី ភែ​ថង​តា​ន បាន​ចូលរួម​ក្នុង​គណបក្សប្រឆាំង​ភឿ​ថៃ​ជា​ផ្លូវការ​កាលពី​ខែ​តុលា​ឆ្នាំមុន​ក្នុងនាម​ជា​ប្រធាន​ទីប្រឹក្សា​គណៈកម្មាធិការ​មួយ​។​លោកស្រី​ត្រូវគេ​រំពឹងថា​នឹង​​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅពេល​អនាគត​៕

​ថាក់ស៊ីន កំពុង​រត់ចោលស្រុក​គ​ច​ពី​ការអនុវត្ត​ច្បាប់ តែ​អះអាងថា​លោក​នឹង​វិល​ចូល​ស្រុក​នៅ​ឆ្នាំ​នេះ