​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ សម្ពន្ធភាព​យោធា​ដឹកនាំ​ដោយ​រុស្ស៊ី​បាន​និយាយថា ខ្លួន​នឹង​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ទៅ “​រក្សា​ស្ថិរភាព​” ប្រទេស​កា​ហ្សាក់​ស្ថាន​ដោយ​បន្ទោស​ការតវ៉ា​​ទ្រង់ទ្រាយ​ធំ ដែល​បាន​ធ្វើឱ្យ​អតីត​ប្រទេស​សូ​វៀត​មួយ​នេះ​ធ្លាក់​ចូលទៅក្នុង​ភាពវឹកវរ ទៅលើ “​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​”​។​

​ដោយ​គេ​មើល​ឃើញ​ជា​យូរ​មក​ហើយ​ថា​ជា​ប្រទេស​មួយ​ដែល​មាន​ស្ថិរភាព​បំផុត​នៃ​អតីត​សាធារណរដ្ឋ​សូវៀ​ត​នៅអាស៊ី​កណ្តាល ដែល​សម្បូរ​ដោយ​ថាមពល កា​ហ្សាក់​ស្ថាន​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ដ៏​​ធំ​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍ បន្ទាប់ពី​ក្រុម​បាតុករ​ដែល​ខឹងសម្បា​ចំពោះ​ការកើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​បាន​សម្រុកចូល​អគា​ររដ្ឋាភិបាល​។​

​ប្រធានាធិបតី​កា​ហ្សាក់​ស្ថានលោក កាស​ស៊ីម​-​ចូ​ម៉ាត តូ​កា​យ៉េវ បាន​និយាយ​នៅក្នុង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​មករា​នេះ​ថា​លោក​បាន​អំពាវនាវ​ដល់​អង្គការ​សន្ធិសញ្ញា​​សន្តិសុខ​សមូហភាព​ដឹកនាំ​ដោយ​រុស្ស៊ី (CSTO) ដែល​រួមមាន​អតីត​រដ្ឋ​ចំនួន​ប្រាំ​ផ្សេង​ទៀត​របស់​សូ​វៀត ចូល​មក​ប្រយុទ្ធប្រឆាំង​នឹង​អ្វី​ដែល​លោក​ហៅថា “​ក្រុម​ភេរ​វករ​”​ដែល​បាន​ទទួល​ការបណ្តុះ​​បណ្តាល​យ៉ាង​ទូលំទូលាយ​នៅ​បរទេស​។​

​ប្រធាន​អង្គការ CSTO គឺ​នាយក​រដ្ឋមន្ត្រី​អា​មេ​នី​លោក នី​កូល ប៉ា​ស៊ីន​យ៉ាន បន្ទាប់មក​បាន​និយាយ​នៅលើ Facebook ថា​សម្ពន្ធភាព​នេះ​នឹង​បញ្ជូន​”​កងកម្លាំង​រក្សា​សន្តិភាព​រួម​…​សម្រាប់​រយៈ​​ពេល​កំណត់​មួយ​ដើម្បី​ស្តារ​ស្ថិរភាព​និង​ស្តារ​ស្ថានការណ៍​ក្នុង​ប្រទេស​នេះ​ឡើងវិញ​” ដែល​បង្កឡើង​ដោយ “​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​”​។​

​លោក​តូ​កា​យ៉េវ​បាន​និយាយថា “​ភេរ​វករ​” កំពុង​រឹបអូស​អគារ ហេដ្ឋារចនាសម្ព័ន្ធ​និង “​ទីតាំង​នានា ដែល​សម្រាប់​រក្សា​ទុក​អាវុធ​ធុន​តូច​”​។​

​លោក​បាន​បន្ថែមថា ពួកគេ​ក៏​បាន​បញ្ជា​យន្តហោះ​ចំនួន​ប្រាំ​គ្រឿង​នៅឯ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ធំ​បំផុត​ឈ្មោះ អាល់​ម៉ា​ទី របស់​ប្រទេស​ផងដែរ ហើយ​និយាយ​ថា​កងកម្លាំង​ទ័ពអាកាស​របស់​​កា​ហ្សាក់​ស្ថានបាន​ចូលរួម​ក្នុង “​សមរភូមិ​ដ៏​រឹង​ចចេស​” នៅ​ជិត​ទីក្រុង​នេះ​។​

​លោក​បាន​ព្រមាន​នៅក្នុង​សុន្ទរកថា​មុននេះ​ថា “​ខ្ញុំ​មាន​បំណង​ធ្វើ​ឱ្យ​តឹងតែង​ខ្លាំង​តាម​ដែល​អាច​ធ្វើទៅបាន​។ យើង​រួម​គ្នា​នឹង​យក​ឈ្នះ​លើ​សម័យកាល​ដ៏​ខ្មៅ​ងងឹត​នេះ​ក្នុង​ប្រវត្តិសាស្ត្រ​កា​ហ្សាក់​ស្ថាន​”​។​

​នៅ​ទីក្រុង​អាល់​ម៉ា​ទី​កាលពី​យប់​ថ្ងៃ​ពុធ អ្នកឆ្លើយឆ្លង​ព័ត៌មាន AFP បាន​ឃើញ​ក្រុម​បាតុករ​រាប់រយ​នាក់ ដែល​ខ្លះ​ពាក់មួក​សុវត្ថិភាព បាន​ប្រមូលផ្តុំ​គ្នា​នៅ​កណ្តាល​ទីក្រុង និង​ជិះ​ដង្ហែ​ក្បួន​រថយន្ត​ប៉ូលិស ដែល​គ្រប​ទង់ជាតិ​កា​ហ្សាក់​ស្ថាន​។​

​វីដេអូ​នៅលើ​បណ្តាញ​សង្គម​បានបង្ហាញ​ក្រុមបាតុករ​រឹបអូស​អាវុធ ខណៈ​វីដេអូ​ផ្សេង​ទៀត​បង្ហាញផ្លូវ​ទទេ​ភាគច្រើន​ជាមួយ​នឹង​សំឡេង​ផ្ទុះ​និង​ការបាញ់​អាវុធ​ស្វ័យប្រវត្តិ​ពី​ខាងក្រោយ​បន្ទាប់ពី​អាជ្ញាធរ​ក្នុង​​ស្រុក​បាន​ប្រកាស​ពី​ការចាប់ផ្តើម​ប្រតិបត្តិការ “​ប្រឆាំង​ភេរ​វករ​”​។​

​ការតវ៉ា​បាន​រីក​រាលដាល​ពាសពេញ​ប្រទេស​ដែល​មាន​ប្រជាជន​ចំនួន ១៩ លាន​នាក់​នេះ​ក្នុង​សប្តាហ៍​នេះ ដោយសារ​កំហឹង​ជុំវិញ​ការដំឡើងថ្លៃ​ហ្គាស ឆ្នាំ​ថ្មី​ដែល​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​ដើម្បី​ចាក់​រថយន្ត​​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​៕

​បាតុករ​ដែល​ខឹង​នឹង​ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ​នាំគ្នា​តវ៉ា​តាម​ទីក្រុង​ធំៗ​របស់​កា​ហ្សាក់​ស្ថាន​