ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំកម្ពុជាលោក Chad Roedemeierបានឆ្លើយតបនឹងសារអេឡិចត្រូនិកអ៊ីម៉ែល របស់ EAC News ថា បញ្ហាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាម៉េរិក West Pointបកស្រាយរួចហើយកាលពី ឆ្នាំ២០១៩ ដែលមានន័យថាស្ដង់ដារសញ្ញាបត្ររបស់សាលាអាម៉េរិកមិនមានការបែងចែកស្ដង់ដារកម្រិត២ឬសញ្ញាបត្រយោគយល់ឡើយ។ចម្លើយនេះមានន័យថាមិនដូចអ្វីដែល ទណ្ឌិត សម រង្ស៊ី លើកឡើងនោះទេ។
(រូបថត EAC news)
ប្រភពដដែលបានបញ្ជាក់នៅព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២២នេះទៀតថា លោក Chad Roedemeier បានបញ្ជាក់ប្រាប់ EAC News ថាស្ថានទូតមិនអាចឆ្លើយតបរឿងសញ្ញាបត្រជំនួសសាលារបស់អាម៉េរិកនោះទេ តែលោកថា ករណីសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ត្រូវបានសាលា West Point បកស្រាយរួចហើយកាលពីខែតុលា ឆ្នាំ២០១៩ ដែលពេលនោះប្រធានផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនងនៅសាលាបណ្ឌិត្យសភាយោធាអាម៉េរិក West Point លោក Christopher Ophardt បានបញ្ជាក់កាលពីខែតុលា ឆ្នាំ២០១៩ថា ការអនុញ្ញាតដល់សិស្សអន្តរជាតិបានមកសិក្សានៅសាលាបណ្ឌិតសភាអាម៉េរិក West Point គឺជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងការបរទេសនិងក្រសួងការពារជាតិអាម៉េរិក។របៀបនៃជ្រើសរើស ការសិក្សា និងបណ្ដុះបណ្ដាលយោធាគឺដូចគ្នាទៅនឹងសិស្សជនជាតិអាម៉េរិកដូចគ្នា។ គ្មានការបែងចែកសិស្សកម្រិត២ ឬសិស្សទទួលបានការយោគយល់នោះទេ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី៥ ខែមករាម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើដល់ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជាលោក ផាទ្រិក មូរផៃ(Patrick Murphy) ឱ្យជួយបកស្រាយករណីដែលមានការលើកឡើងថាសញ្ញាបត្រដែលនិស្សិតកម្ពុជាទទួលបានពីអាម៉េរិកគឺជាសញ្ញាបត្រកម្រិត២ ឬជាសញ្ញាបត្រយោគយល់។
ការស្នើនេះបន្ទាប់ពីការវាយប្រហារលើសញ្ញាបត្រដែលកូនប្រុសរបស់សម្ដេចតេជោ គឺលោក ហ៊ុន ម៉ាណែត ។ទណ្ឌិត សម រង្ស៊ី លើកឡើងមកវាយប្រហារជានិច្ចជាកាល។ពិសេសកាលពីពេលថ្មីៗនេះបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ត្រូវបានប្រកាសជាបេក្ខភាព នាយករដ្ឋមន្ត្រី នៅអនាគតនៃគណបក្សប្រជាជនកម្ពុជា។
សម្ដចតេជោបានថ្លែងថា «អាចនឹងនិយាយបានទេពីបញ្ហាហ្នឹង! ដែលថាសាល West Pointមានកម្រិតជាសញ្ញាបត្រប្រភេទ២ឬ សញ្ញាបត្រកិត្តយស។ តើសហរដ្ឋអាម៉េរិកការពារជនខិលខូច ឬការពារសាលាអាម៉េរិក? មិនមែនការពារ ហ៊ុន ម៉ាណែត ទេ! គឺការពារសាលា។អញ្ចឹងទេគឺមានតែសហរដ្ឋអាម៉េរិក និងអង់គ្លេស ដើម្បីការពារស្ថាប័នអបរំរបស់ខ្លួនគឺមានតែចេញមកបញ្ជាក់ ហើយបើថាចេញមកបញ្ជាក់អញ្ចឹងទៅហាក់បីដូចជាវាយប្រហារចំពោះអ្នកដែលបាននិយាយ។ អើ! អញ្ចឹងទុកអញ្ចឹងទៅ យើងក៏សម្គាល់មើលអាហ្នឹងដែរ។ តើគេការពារស្ថាប័នអប់រំរបស់គេ ឬគេការពារមនុស្សខិលខូច? យើងក៏សម្គាល់មើលរឿងហ្នឹងដែរ» ។
គួររំលឹកថា កាលពីថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២១ កន្លងទៅទណ្ឌិត សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានបរទេសដែលផ្សាយជាភាសាខ្មែរដោយបានលើកឡើងថាសញ្ញាបត្រដែលលោក ហ៊ុន ម៉ាណែត ទទួលបានទាំងពីសាលាបណ្ឌិតយោធា West Point និងសាកលវិទ្យាល័យញូវយ៉ករបស់សហរដ្ឋអាម៉េរិក និងសញ្ញាបត្រពីសាកលវិទ្យាល័យប្រ៊ីសស្ដូលនៅចក្រភពអង់គ្លេសគឺជាសញ្ញបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់។
បន្ទាប់មកដើម្បីការពារលើសញ្ញាបត្រខ្លួន លោក ហ៊ុន ម៉ាណែត បានប្រកាសហៅទណ្ឌិត សម រង្ស៊ី ភ្នាល់គ្នាដាក់«ជីវិតនយោបាយ» ប្រសិនជា សម រង្ស៊ី អាចរកភស្ភុតាងបញ្ជាក់ថាលោកទទួលបានសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ដូចដែល សម រង្ស៊ី អះអាងមែន។ ទោះជាយ៉ាងណាក្រោយរង់ចាំពីការភ្នាល់ពីរថ្ងៃដោយគ្មានការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានដាក់បន្ថែមមួយទៀតដោយស្នើឱ្យលោក សម រង្ស៊ី ឈប់ធ្វើនយោបាយទៅព្រោះលោក សម រង្ស៊ី គ្មានភាពក្លាហានដើម្បីការពារអំណះអំណាងរបស់ខ្លួន៕សរន