ដោយៈ សុផល / ក្រុងបាងកក, ប្រទេសថៃៈ នាពេលថ្មីៗ កន្លងមកនេះ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានផ្តល់បទសម្ភាសន៍ ជាមួយ ទូរទស្សន៍ថៃ TV POOL ក្នុងកម្មវិធីដំណឹងរបស់អ្នកស្រុក។ TV POOL ជាទូរទស្សន៍ ល្បីមួយ ក្នុងប្រទេសថៃ នាពេលបច្ចុប្បន្ន។
ក្នុងបទសម្ភាសន៍នេះ ផ្តោតទៅលើប្រធានបទមួយចំនួន ដូចជា វិស័យទេសចរណ៍ ពាណិជ្ជកម្ម កាត់ព្រំដែន នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ការវិនិយោគទុន ដំណោះ ស្រាយ វិបត្តិកូវីដ១៩ ។
ខាងក្រោមនេះ ជាខ្លឹមសារនៃបទសម្ភាសន៍ រវាងលោកបណ្ឌិត សុខ សុក្រឹត្យា និងទូរទស្សន៍ TV POOL របស់ថៃៈ
– ពិធីការិនីថៃ៖ ថ្ងៃនេះ ចង់ជម្រាបជូនប្រិយមិត្តថា យើងពិតជារំភើបអស្ចារ្យណាស់ ដែលមានបុគ្គលដ៏សំខាន់ និងជាបណ្ឌិត មានឈ្មោះល្បីមួយរូប បានផ្តល់កិត្តិយស ចូលរួមផ្តល់បទសម្ភាសន៍ ក្នុងកម្មវិធីរបស់យើង។ គាត់អញ្ជើញមកពីក្រៅប្រទេស។ អ្នកទាំងអស់គ្នា ចង់ដឹងថា គាត់ជានរណាទេ?
ជម្រាបសួរលោកបណ្ឌិត ! តើលោកបណ្ឌិត អាចបញ្ជាក់ ជូនទស្សនិកជន អំពីដំណើរ ទស្សនកិច្ច នៅប្រទេសថៃ របស់លោក បណ្ឌិតបានទេ?
– លោកបណ្ឌិត សុខ សុក្រឹត្យា៖ ខ្ញុំបានមកបំពេញទស្សនកិច្ច ប្រទេសថៃនេះ គឺក្នុងនាមតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ដើម្បីជជែកពិភាក្សា ជាមួយមន្ត្រី និងថ្នាក់ដឹកនាំរបស់ប្រទេសថៃ ដើម្បីរឹតចំណង មិត្តភាព កម្ពុជា-ថៃ ឱ្យកាន់តែល្អប្រសើរ។
– ពិធីការិនីថៃ៖ ទស្សនិកជន អាចមិនបានស្គាល់លោកបណ្ឌិត តើអាចជម្រាបដល់ ពួកគាត់បានទេ?
– លោកបណ្ឌិត សុខ សុក្រឹត្យា៖ ខ្ញុំបាទឈ្មោះ សុខ សុក្រឹត្យា ជាអ្នកនយោបាយ ជំនាន់ថ្មី។ បច្ចុប្បន្ន ខ្ញុំជាទីប្រឹក្សាផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន និងជា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍។
-ពិធីការិនីថៃ៖ តើទំនាក់ទំនង នៃវិស័យទេសចរណ៍ រវាងកម្ពុជា-ថៃ មានវិសាលភាព យ៉ាងណា ហើយលោកបណ្ឌិត គិតថា ការពង្រីកទំនាក់ទំនង ជាមួយថៃបែប ណាដែរ?
– លោកបណ្ឌិត សុខ សុក្រឹត្យា៖ យើងបានទំនាក់ទំនងគ្នា មកជាប់រហូត។ យើងបាន ជជែកពិភាក្សា ជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងទេសចរណ៍ថៃ ហើយយើង ក៏បានបង្កើតនូវ កិច្ចសហប្រតិបត្តិការ និងរៀបចំគម្រោង លើវិស័យនេះ ជាមួយគ្នា ជាច្រើន នាពេលកន្លងមក។ យើងបានជជែក និងបង្កើតទំនាក់ទំនង អំពីការផ្លាស់ប្តូរអ្នកទេសចរគ្នាដូចជា ការផ្លាស់ប្តូរអ្នកទេសចរ ពីភាគឦសាន ខាងត្បូងរបស់ថៃ រួមមាន ខេត្តស៊ីសាកេត បុរីរ៉ាំ សុរិន្ទ ជាមួយខេត្តសៀមរាប របស់កម្ពុជាជាដើម។ យើងចង់ឱ្យអ្នកទេសចរបរទេស ចូលមកកម្ពុជា តាមរយៈច្រក ព្រំដែនគោក និងផ្លូវអាកាស ពីប្រទេសថៃ ឬទេសចរជនជាតិថៃ ដែលមានបំណង មកកម្សាន្ត គោលដៅទេសចរណ៍ នៅតាមខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ហើយអាច ធ្វើ ដំណើរបន្ត មកកាន់ខេត្តសៀមរាប របស់ប្រទេសកម្ពុជា ដោយសម្រួលឱ្យ ពួកគាត់ មានភាពងាយស្រួល ក្នុងការធ្វើដំណើរ និងអាចឱ្យពួកគាត់ស្នាក់នៅកម្ពុជា ចាប់ពី ចន្លោះ ២យប់ ៣ថ្ងៃ ឡើង។ ដោយឡែក ចំពោះអ្នកទេសចរកម្ពុជាក៏អាច ចូលទៅកាន់ប្រទេសថៃ តាមលក្ខណៈតែមួយនេះ បានដូចគ្នា។ ពួកគាត់អាចមកធ្វើ ទេសចរណ៍ បែបពិនិត្យ ឬព្យាបាលសុខភាព នៅប្រទេសថៃ ទាំងមន្ទីរពេទ្យរដ្ឋ ឬឯកជនរបស់ថៃ។ កាលពីមុន កើតមានជំងឺកូវីដ-១៩ នោះ យើងមានទំនាក់ទំនង បែបនេះ ជាមួយគ្នា រួចស្រេចមកហើយ ប៉ុន្តែពេលនេះ យើងចង់ជំរុញឱ្យវិស័យ ទេសចរណ៍ បែបនេះ រវាងប្រទេសទាំងពីរ កាន់តែទូលំទូលាយ និងពង្រីកបន្ថែម ទៀត ជាមួយគ្នា ក្នុងនេះដូចជា ផ្តល់ភាពងាយស្រួល និងកាន់តែសុវត្ថិភាព ដល់អ្នកទេសចរ ផង។
– ពិធីការិនីថៃ៖ តើយើងមានវិធានការបែបណា បើស្ថិតនៅក្នុងអំឡុងពេល ជំងឺកូវីដ-១៩ កំពុងវាយលុក បែបនេះ លោកបណ្ឌិត?
– លោកបណ្ឌិត សុខ សុក្រឹត្យា៖ កម្ពុជាបានបើកប្រទេសឡើងវិញហើយតាំងពី អំឡុង ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមក ប៉ុន្តែក្រុមការងារថ្នាក់មូលដ្ឋាន តាមជាយដែន រវាងប្រទេសទាំង ២ គឺកម្ពុជា-ថៃ កំពុងជជែកពិភាក្សាជាមួយគ្នាថា យើងនឹងរៀងចំ វិធានការបែបណា? ហើយចំពោះការបើកច្រកទ្វារ តាមព្រំដែនផ្លូវគោកបែបណា? សំដៅធ្វើយ៉ាងណា ផ្តល់សុវត្ថិភាព និងផ្តល់ការសប្បាយរីករាយ សម្រាប់អ្នក ទេសចរ នៃប្រទេសទាំងពីរ យើងកំពុងជំរុញបញ្ហានេះឱ្យបានឆាប់រហ័ស ។ ទោះជាយ៉ាងណា អ្នកទេសចរ ដែលធ្វើដំណើរតាមផ្លូវអាកាស គាត់មិនពិបាកទេ គឺអាចទៅកម្ពុជា បានតែម្តង។ អ្នកទេសចរ ដែលចាក់វ៉ាក់សាំង ពេញលេញ ឬចាប់ពី ២ ដូសឡើង ធ្វើដំណើរទៅកម្ពុជា តាមយន្តហោះ គឺត្រឹមតែបង្ហាញលិខិត PCR Test ៧២ ម៉ោង មុនចេញដំណើរ និងធ្វើតេស្តរហ័ស ពេលមកដល់អាចចូលទស្សនា កម្ពុជា បានដោយសេរីតែម្តង គ្មានការកំហិត ឱ្យធ្វើចត្តាឡីស័កទេ។
– ពិធីការិនីថៃ៖ ពេលនេះ គេសង្កេតឃើញថា សេដ្ឋកិច្ចកម្ពុជា បានងើបយ៉ាងល្អ ឡើងវិញ តើពិតមែនទេ លោកបណ្ឌិត?
– លោកបណ្ឌិត សុខ សុក្រឹត្យា៖ ក្នុងអំឡុងពេលនេះ បញ្ហាសេដ្ឋកិច្ចកម្ពុជា ក៏បាន ដំណើរការឡើងវិញ ប៉ុន្តែយ៉ាងណា ក៏មិនទាន់ដំណើរការល្អ ដូចមុនជំងឺកូវីដ-១៩ វាយលុកដែរ ប៉ុន្តែល្អប្រសើរជាងប្រទេស ជិតខាងមួយចំនួន។
– ពិធីការិនីថៃ៖ តើមានការប៉ះពាល់ខ្លាំងទេ ក្នុងសម័យកាលកូវីដ-១៩ ពីព្រោះថា ថៃទទួលរងផលប៉ះពាល់ច្រើនដែរ?
– លោកបណ្ឌិត សុខ សុក្រឹត្យា៖ បើនិយាយពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា គឺ បានធូរស្រាលច្រើនហើយ ក្នុងរយៈពេល ២ ខែនេះ ក្នុងមួយថ្ងៃ កម្ពុជាមានអ្នកឆ្លងថ្មី ត្រឹមតែប្រមាណ ២-៣ នាក់ប៉ុណ្ណោះ ។ ចំណែកអ្នកបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ពុំមានទៀតដែរ។ ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការសម្រុកចាក់ វាំងសាំង ជូនប្រជាពលរដ្ឋដូសទី៣ ឱ្យបានគ្រប់គ្នា ហើយបានប្រកាសបិទព្រឹត្តិ ការណ៌ ឆ្លងសហគមន៌ ២០ កុម្ភៈ រួចហើយដែរ។ ជាពិសេស គ្រោងនឹងចាក់វ៉ាក់សាំង ដូសទី៤ បន្ថែមទៀត។
– ពិធីការរិនីថៃ៖ តើកម្ពុជា នឹងមានយុទ្ធសាស្ត្រ អ្វីបន្ថែមទៀតទេ ដើម្បីឱ្យសេដ្ឋកិច្ច មានការកើនឡើង បន្ថែមទៀត?
– លោកបណ្ឌិត សុខ សុក្រឹត្យា៖ កន្លងមក ខ្ញុំធ្លាប់បានជម្រាបជូន អ្នកបណ្តាក់ទុនថៃ រួចមកហើយថា ការផ្លាស់ប្តូរទំនិញ រវាងប្រទេសកម្ពុជា-ថៃ បើជាទំនិញ ប្រភេទ SME គឺកំពុងមានការរីកលូតលាស់ យ៉ាងខ្លាំង នៅកម្ពុជា ព្រោះថា ទំនិញប្រភេទ SME ដូចជា គ្រឿងឧបភោគ បរិភោគ ទំនិញប្រភេទគ្រឿងសម្អាង គឺពលរដ្ឋកម្ពុជា ទទួលស្គាល់គុណភាព ទំនិញពីប្រទេថៃ។ យើងឃើញថា មួយផ្នែកធំ នៃទំនិញថៃ ដូចជា ក្រុមហ៊ុនធំៗ ក្នុងកម្រិត SME បានចូលទៅបណ្តាក់ទុន នៅកម្ពុជាច្រើន។
ដោយឡែក ចំពោះវិស័យពាណិជ្ជកម្ម រវាងកម្ពុជា-ថៃ ក្នុងមួយឆ្នាំ មានកំណើន ១៦% ទៅ ២០% យើងឃើញថា មានសន្ទុះល្អណាស់។ ទោះជាយ៉ាងណា នៅថ្ងៃ ខាងមុខ យើងរំពឹងថា សក្តានុពលក្នុងការវិនិយោគទុនផ្នែកវិស័យ ទេសចរណ៍ ជាពិសេស ផ្នែកសេវាកម្មទេសចរណ៍ ក៏មានឱកាស សម្រាប់អ្នកវិនិយោគថៃ ទៅបណ្តាក់ទុន នៅកម្ពុជាផងដែរ ព្រោះថា ប្រទេសថៃ មានបទពិសោធន៍ផ្នែកសេវា កម្មទេសចរណ៍ នេះ យូរមកហើយ ក្នុងនោះ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ ទេសចរណ៍ ក៏ប្រទេសថៃ មានបទពិសោធន៍ច្រើន។ ហេតុនេះ វិនិយោគិនថៃ អាចអញ្ជើញទៅ បណ្តាក់ទុន ផ្នែកទេសចរណ៍ នៅកម្ពុជា ចាប់ពីពេលនេះទៅ។
សូមបញ្ជាក់ថា ការបណ្តាក់ទុនលើ វិស័យទេសចរណ៍នេះ គឺមានស្ថេរភាព បានយូរ អង្វែង។ ខ្ញុំសូមជម្រាបជូនដែរថា ក្រោយកូវីដ-១៩ គឺយើងជួបស្ថានភាពលំបាក ប៉ុន្តែបើយើងជាប្រទេសជិតខាង និងជាប្រទេសជាប់ភូមិផងរបងជាមួយគ្នាខ្ញុំជឿ ជាក់ ការទៅវិនិយោគ នៅកម្ពុជា ជាជម្រើសមួយដ៏ល្អបំផុត។ ខ្ញុំសូមជម្រាប បន្ថែមថា បើទោះបីស្ថិត នៅក្នុងអំឡុងការរីករាលដាល ជំងឺកូវីដ-១៩ ក៏ដោយ យើងសង្កេត ឃើញថា ការដោះដូរទំនិញ រវាងកម្ពុជា-ថៃ ពុំមានការថយចុះទេ។ មានន័យថា ទំនិញថៃ នៅតែហូរចូល មកកម្ពុជារហូត មានតែវិស័យទេសចរណ៍ទេ ដែលត្រូវបាន ផ្អាកសកម្មភាពខ្លះ ហេតុនេះ នៅពេលកូវីដបញ្ចប់ទៅ វិស័យទេស ចរណ៍ ពិតណាស់ នឹងត្រូវការឱកាស ក្នុងការពង្រីកខ្លួនកាន់តែខ្ពស់។ ហេតុនេះ យើងខ្ញុំ ចង់ឱ្យអ្នក វិនិយោគទុនថៃ ដែលមានបទពិសោធន៍ លើវិស័យទេសចរណ៍ ពិចារណាការបណ្តាក់ ទុន លើវិស័យទេសចរណ៍ នៅកម្ពុជា ឱ្យបានច្រើនឡើង។
– ពិធីការិនីថៃ៖ ប្រទេសថៃ ចង់ឱ្យមានរថភ្លើងល្បឿនលឿន ទៅដល់កម្ពុជា តើអាចមានទេ?
– លោកបណ្ឌិត សុខ សុក្រឹត្យា៖ លើបញ្ហានេះ គឺពិតជាអាចកើតមាន នៅថ្ងៃ អនាគត ពីព្រោះថា ពេលនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានមានប្រសាសន៍ ពាក់ព័ន្ធទៅនឹងរថភ្លើងល្បឿនលឿនពីព្រោះថា យើងមានផ្លូវ រថភ្លើង ស្រាប់ទៅហើយ ដែលតភ្ជាប់ រវាងប្រទេសទាំងពីរ។ យើងនឹងធ្វើការកែច្នៃផ្លូវ មានស្រាប់នេះ ឱ្យទៅជាផ្លូវរថភ្លើង ដែលអាចប្រើរថភ្លើង ក្នុងល្បឿនលឿនបាន។ ទោះបីជាយ៉ាងណា ចំពោះបញ្ហានេះយើងត្រូវប្រើប្រាស់ ពេលវេលា ប៉ុន្តែក្នុងថ្ងៃ ខាងមុខ ពិតណាស់គឺយើង ត្រូវតែមានយ៉ាងពិតប្រាកដ។ បច្ចុប្បន្ន យើងមានរថភ្លើង ទៅដល់អារញ្ញប្រាថេត រួចហើយ ប៉ុន្តែ ភាគច្រើន គឺសម្រាប់ដឹកទំនិញ។
ថ្ងៃខាងមុខ យើងនឹងមានការផ្លាស់ប្តូរ មកជារថភ្លើងទាន់សម័យ ល្បឿនលឿន សម្រាប់អ្នកទេសចរវិញ។ ខ្ញុំគិតថា វិស័យទេសចរណ៍កម្ពុជា នៅមានសក្តានុពល ច្រើនទៀត ដែលមិនទាន់យកមកប្រើប្រាស់ ក្នុងនេះ មិនទាន់រាប់បញ្ចូល ផ្នែកវប្បធម៌ សិល្បៈ ជំនឿ អរូបបីយ គ្រូទាយ ពីព្រោះថា គ្រូទាយ នៅកម្ពុជា មានពូកែៗច្រើន ណាស់។ គ្រាន់តែរបស់អស់ទាំងនេះយើងមិនទាន់បានគាស់ ឡើងមក ដើម្បីយកមក ប្រើប្រាស់នៅឡើយ។ ក្នុងនាមពួកខ្ញុំជាអ្នកនយោបាយ ជំនាន់ថ្មី ពួកខ្ញុំនឹងគាស់ កកាយវិស័យដ៏គួរឱ្យចាប់អារម្មណ៍ និងវប្បធម៌សម័យ បុរាណមក ដើម្បីឱ្យអ្នកទេសចរ បានឃើញ និងទស្សនា នាថ្ងៃអនាគត។
– ពិធីការិនីថៃ៖ លោកបណ្ឌិត ចង់ឱ្យមានទេសចរ បែបតារាភាពយន្ត តើវាអាចកើត មានបានទេ ហើយយើងនឹងធ្វើដូចម្តេច?
– លោកបណ្ឌិត សុខ សុក្រឹត្យា៖ វាជារឿងមួយ ខ្ញុំកំពុងគិតទៅដល់ ដើម្បីឱ្យអ្នកមានប្រាក់ គេអាចទៅទស្សនានៅថៃ ឬជនជាតិថៃ មកទស្សនាកម្ពុជា កាន់តែមានភាពស្និទ្ធស្នាល តាមរយៈការនាំសារល្អៗ របស់អ្នកសិល្បៈ រវាងគ្នាទៅវិញទៅមក។ កម្មវិធីនេះ គេនឹងរៀបចំឱ្យមានទំនាក់ទំនង ស្និទ្ធស្នាលជាមួយ ក្រុមតារាភាពយន្ត ដែលគេនិយមចូលចិត្ត។ ក្រៅពីនេះ ខ្ញុំចង់ឱ្យមានការថតខ្សែភាពយន្ត រួមគ្នា រវាង តារាភាពយន្ត ប្រទេសទាំងពីរផងដែរ។ ក្នុងនេះ អ្នកទេសចរ អាចទំនាក់ទំនង ជាមួយ ក្រុមតារាភាពយន្ត ហើយគេអាចមកកម្សាន្ត កន្លែងថតភាពយន្ត កន្លែងតារា ទាំង ពីរសម្តែង ទីកន្លែងស្ទីលយូ ។ល។ របស់អស់ទាំងនេះ សុទ្ធសឹងទាក់ទាញ អ្នកទេសចរ រវាងប្រទេសទាំងពីរ ឱ្យមកទស្សនាគ្នាទៅវិញទៅមកមិនចេះចប់ សោះឡើយ។
– ពិធីការិនីថៃ៖ បវរកញ្ញា ឬ ស្ត្រី មានសម្រស់ស្រស់ស្អាតកម្ពុជា ដែលប្រកួត កន្លងមក តើកម្ពុជា បញ្ជូនទៅប្រកួត នៅបរទេសតែម្តងឬមានប្រកួត នៅក្នុងប្រទេស ដែរ?
– លោកបណ្ឌិត សុខ សុក្រឹត្យា៖ ក្រោយកម្ពុជា មានសុខសន្តិភាព គឺមានក្រុមហ៊ុន ឯកជន បានមកធ្វើការបណ្តាក់ទុន ទាក់ទិនការប្រកួតបវរកញ្ញា ប្រកួតកម្មវិធីផ្សេងៗ ដែលទាក់ទិននឹងប្រកួតសម្រស់ នៅកម្ពុជាច្រើន យើងទទួលរៀបចំ ការប្រកួតបវរ កញ្ញា លំដាប់ពិភពលោក ផងដែរ ជាពិសេស កាលពីមុន ការរាលដាល នៃជំងឺកូវីដ -១៩ យើងធ្វើជាម្ចាស់ផ្ទះ រៀបចំបវរកញ្ញាភពផែនដី ដែលមានការចូលរួម ពីជាង ៤០ ប្រទេស ជុំវិញពិភពលោក។ ស្ត្រីកម្ពុជា សម័យថ្មីនេះ សុទ្ធតែមានសមត្ថភាព និងសម្រស់ស្រស់ស្អាត ពួកគេមានឱកាសបង្ហាញសម្រស់ និងសមត្ថភាព តាមរយៈ ការចេញទៅប្រកួត នៅក្រៅប្រទេស ជុំវិញពិភពលោក ជាពិសេស ការប្រកួតបវរ កញ្ញា នៅប្រទេសថៃ នាពេលថ្មីៗនេះ ជាដើម។
ខ្ញុំសូមជម្រាបថា កម្ពុជា បច្ចុប្បន្ន មិនដូចកម្ពុជា កាលពី ៣០ ឆ្នាំមុនទេ គឺមានសន្តិ ភាព ពេញលេញ មានការរីកចម្រើននិងក្លាយជាពលរដ្ឋសម័យថ្មី។ យើងមានច្បាប់ វិនិយោគ រឹងមាំ សម្រាប់ធានាជូនអ្នកវិនិយោគមិនឱ្យមានការព្រួយបារម្ភសោះ ឡើយ ហេតុនេះ ពួកគាត់អាចអញ្ជើញទៅបណ្តាក់ទុន នៅកម្ពុជាចាប់ពីពេលនេះ ទៅ ប្រកបដោយទំនុកចិត្តខ្ពស់ និងភាពកក់ក្តៅបំផុត។
សូមជម្រាថា បទសំភាសន៍នេះ ធ្វើឡើង នៅក្រុមហ៊ុន TV Pool Groupដោយមាន ការទទួលស្វាគមន៍ ពីលោកស្រី Pantipha Sakulchai ប្រធាន ក្រុមហ៊ុន និងសំរបសំរួលកម្មវិធី ដោយកញ្ញា Tiphayaporn Chadikorn ពិធីការីនី៕/V-PC