ប្រែ​សម្រួលៈ​វាសនា​/​ស៊ីដ​នី​៖ ជំរុញ​ឡើង​ដោយ​វីរុស​អូ​មី​ក្រុង អូស្ត្រាលី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឃើញ​ការ​ឆ្លងកូវី​ដ​១៩​ឡើង​ដល់​ដល់​កំរិត​ខ្ពស់​ថ្មី​មួយទៀត ដោយ​ធ្វើអោយ​មន្ទីរពេទ្យ​ជោរជន់​ដោយ​អ្នកជំងឺ​នៅពេល​​ការអនុវត្ត​វិធានការ​ចត្តា​ឡីស័​កបង្ក​ការខ្វះខាត​កម្លាំ​ង​ពលកម្ម និង​ដាក់​សម្ពាធ​លើ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ទំនិញ​។​

​ខណៈ​ការរាប់ចំ​នួន​ឆ្លង​ប្រចាំថ្ងៃ​នៅ​មិនទាន់​ចប់ អូស្ត្រាលី​នៅ​ថ្ងៃ​០៦​មករា​នេះ​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​៧២.៣៩២​នាក់ ដោយ​ហួស​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​កាលពីមុន ៦៤.៧៧៤​នាក់​ដែល​ត្រូវ​បាន​កត់​​ត្រា​ឃើញ​កាលពី​ថ្ងៃ​ពុធ ។​

​នាយករដ្ឋមន្ត្រី ស្កត់ ម៉ូ​រី​សុន កំពុង​ស្ថិត​ក្រោម​សម្ពាធ​អោយ​ដោះស្រាយ​ការផ្ទុះកូ​វីដ​១៩​បង្កឡើង​ដោយ​អូ​មី​ក្រុង នៅពេល​បណ្តា​រដ្ឋ​អូស្ត្រាលី​កំពុង​ខ្វះ​ឧបករណ៍​តេស្តិ៍​រហ័ស និង​ប្រជាជន​ត្រូវ​តម្រង់​ជួរ​រង់ចាំ​​យូរ​ដើម្បី​ធ្វើតេស្តិ៍​នៅមណ្ឌល​។​

​សូមបញ្ជាក់​ថា ក្រោយ​ទទួលបាន​ជោគជ័យ​ក្នុង​ការទប់ស្កាត់​មិន​អោយ​កូវី​ដ​ចម្លង​ច្រើន​តាមរយៈ​ការបិទ​ខ្ទប់​ដ៏​ម៉ឺងម៉ាត់​កាលពី​ដំណាក់កាល​ដំបូង អូស្ត្រាលី​ឥឡូវ​កំពុង​ជួប​ការឆ្លង​ខ្លាំង​ជាង​កន្លែង​ណាៗ​​ទាំងអស់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​អ្នកជំនាញការ​ខាង​ជំងឺឆ្លង​ខ្លះ​ទាយ​ទុក​ថា ហេតុការណ៍​អាក្រក់​បំផុត​នៅ​មិនទាន់​មក​ដល់​នៅ​ឡើយ​ទេ​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​បាន​លុបចោល​ទិដ្ឋាកា​សំរាប់​កីឡាករ​តេ​ន្នី​ស Novak Djokovic​ដើម្បី​រម្ងាប់​កំហឹង​របស់​សាធារណជន ចំពោះ​ការសំរេច​អោយ​កីឡាករ​លំដាប់​ពិភពលោក​រូប​នេះ​ចូល​អូ​ស្ត្រា​​លី​ដោយ​មិន​ចាំបាច់​មាន​ការបញ្ជាក់​អំពី​ការចាក់​វ៉ាក់សាំង​។​

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​បន្ធូរបន្ថយ​តំរូវការ​ធ្វើតេស្តិ៍​ខ្លះ និង​បន្ថយ​ពេល​ធ្វើ​ចត្តា​ឡីស័​ក​សំរាប់​អ្នក​ប៉ះពាល់​អ្នក​កើតកូ​វីដ​១៩​ក្រោយពី​មាន​ការបារម្ភ​ថា សេវា​ចាំបាច់​នឹងខ្វះ​កម្លាំង​ពលកម្ម​។​ដើម្បី​បន្ថយ​​សម្ពាធ​លើ​ក្រុមហ៊ុន​អាជីវកម្ម រដ្ឋាភិបាល​រដ្ឋ​ញូ​វ​សោត​វេល បាន​ស្នើសុំ​ក្រុមហ៊ុន​នានា​កុំអោយ​បុគ្គលិក​និយោជិត​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​ដោយ​ខ្កួនឯង បើ​ពួកគេ​ប៉ះពាល់​អ្នក​កើតកូ​វីដ តែ​មិន​ចេញ​រោគសញ្ញា​​ទេ​។​

​អ្នកបើករថយន្ត​ធំ​ប្រមាណ​៥០​ភាគរយ​កំពុង​ដាក់​ខ្លួន​នៅ​ដាច់​ពី​គេ​ដោយសារតែ​វិធានការ​បង្ការ​កូវី​ដ​១៩ ដោយ​វា​ដាក់​សម្ពាធ​ខ្លាំង​លើ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​របស់​អូស្ត្រាលី​។​មាន​សេចក្តីរាយការណ៍​អំពី​ការ​អស់​​ទំនិញ​នៅ​តាម​ផ្សារ​ធំៗ ហើយ​ផ្សារ​ខ្លះ​កំពុង​កំរិត​ទំនិញ​ត្រូវ​ទិញ​បាន​៕

​ទំនិញ​ខ្លះ​អស់​ពី​ធ្នើ​នៅ​តាម​ផ្សារ​ទំនើប​នៅ​អូស្ត្រាលី​ដោយសារ​មាន​បញ្ហា​ផ្គត់ផ្គង់​និង​ការ​ផ្អើល​ទិញ​ស្តុក​ទុក​