​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖​នង្គ័ល​គ្មាន​អ្នក​កាន់​ដៃចង្កូត​និង​ឧបករណ៍​ស្វ័យប្រវត្តិ​ជាច្រើន​ទៀត​សម្រាប់​ដាំ​ដំណាំ​គឺជា​ការច្នៃប្រឌិត​ថ្មី​បំផុត​ដែល​ត្រៀម​រួចជាស្រេច​ដើម្បី​ជួយ​កសិករ​ក្នុង​​ការដោះស្រាយ​បញ្ហា​ខ្វះ​កម្លាំង​ពលកម្ម ការប្រែប្រួល​អាកាសធាតុ​និង​ការការពារ​បរិស្ថាន ខណៈ​កសិកម្ម​កំពុង​ព្យាយាម​ចិញ្ចឹម​ប្រជាជន​ពិភពលោក​ដែល​កំពុង​កើនឡើង​ខ្ពស់​ទៅៗ​។​

​ក្រុមហ៊ុន​ផលិត​ឧបករណ៍​កសិកម្ម​ដ៏​ល្បី​របស់​អាម៉េរិក John Deere និង​ក្រុមហ៊ុន​បង្កើត​រ៉ូបូត​កសិកម្ម​របស់​បារាំង Naio​បានបង្ហាញ​ការច្នៃប្រឌិត​ចុងក្រោយ​បំផុត​របស់​ពួកគេ​នៅក្នុង​ពិព័រណ៍​គ្រឿង​​អេឡិចត្រូនិច (CES)​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ​នៅ​ទីក្រុង​ឡាសវេ​ហ្គាស​។​

​ដោយ​ទទួលបាន​ការកោតសរសើ​រ​ជា​មធ្យោបាយ​មួយ​ដើម្បី​ចិញ្ចឹម​ពិភពលោក ក្រុមហ៊ុន John Deere​បាន​រួម​បញ្ចូល​គ្នា​នូវ​ត្រាក់ទ័រ 8R​ដ៏​ពេញនិយម​របស់ខ្លួន នង្គ័ល GPS​និង​កាមេរ៉ា ៣៦០ ដឺ​ក្រេ ដើម្បី​បង្កើត​ម៉ាស៊ីន​ត្រាក់ទ័រ​មួយ ដែល​កសិករ​អាច​គ្រប់​គ្រង​ចេញពី​ស្មា​ត​ហ្វូន​បាន​។​

​នៅពេលដែល​ត្រាក់ទ័រ​បើក​ចូលទៅ​ក្នុង​វាលស្រែ​ភ្លាម កសិករ​គ្រាន់តែ​គ្រវាស​លើ​អេក្រង់​ទូរស័ព្ទ​ទៅ​ស្តាំ​នឹង​បញ្ជូន​វា​ចេញ​ទៅ​ធ្វើការ​ភ្ជួរ​រាស់​តែម្តង ដោយ​មិន​ចាំបាច់​អង្គុយ​បើក​នៅក្នុង​កាប៊ីន​នោះឡើយ​។​

​បំពាក់​ដោយ​កាមេរ៉ា​ចំនួន​ប្រាំ​មួយគូ​និង​សមត្ថភាព​បញ្ញា​សិប្ប​និមិត្ត (AI) ត្រាក់ទ័រ​នេះ​តែងតែ​ត្រួតពិនិត្យ​ទីតាំង​របស់​វា​គ្រប់​ជំហាន​ហើយ​ឈប់​ដោយ​ស្វ័យប្រវត្តិ​ភ្លាមៗ​នៅពេល​ដែល​វា​យល់ឃើញ​ថា​ជួប​​ឧបសគ្គ រួច​បញ្ជូន​សញ្ញា​ព្រមាន​ទៅលើ​អេក្រង់​ទូរស័ព្ទ​។​

​លោក ចា​មី ហ៊ី​ន​ម៉ាន់ ជា​ប្រធាន​ផ្នែក​បច្ចេកវិជ្ជា​របស់​ក្រុមហ៊ុន John Deere​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ថា ត្រាក់ទ័រ​បើក​ស្វ័យប្រវត្តិ​នេះ​នឹង​មាន​លក់​នៅ​អាម៉េរិក​ខាងជើង​នៅ​ឆ្នាំ​នេះ​។​

​កំណែ​ត្រាក់ទ័រ​ផ្សេង​ទៀត​សម្រាប់​ដាក់​គ្រាប់ពូជ​ឬ​ជីរ​នឹង​មក​ដល់​នៅ​ពេល​ក្រោយ ប៉ុន្តែ​ការបញ្ចូល​គ្នា​នៃ​ម៉ាស៊ីន​ដើម្បី​ប្រមូល​ផល​គឺ​មាន​ភាពស្មុគស្មាញ​ណាស់​។ ក្រុមហ៊ុន​មិន​ទាន់​បញ្ជាក់​ពី​តម្លៃ​ត្រាក់ទ័រ​ក្រោយនេះ​នៅឡើយ​ទេ​៕

ត្រាក់ទ័រ​រ៉ូបូ​តរបស់​ក្រុមហ៊ុន John Deere នឹង​មាន​លក់​នៅ​អាម៉េរិក​ខាងជើង​នៅ​ឆ្នាំនេះ​